ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
កម្ពុជា

អង្គការ​សមាជិកសភា​អាស៊ាន​ព្រួយបារម្ភ​ពី​ការកើនឡើង​វាយប្រហារ​លើ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

media  
អង្គការ​សមាជិក​សភា​អាស៊ាន​ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​វាយ​ប្រហារ​លើ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា @APHR

អង្គការ​សមាជិកសភា​អាស៊ាន (APHR) ដែលជា​អង្គការនីតិបញ្ញត្តិ​មួយ​ប្រចាំ​នៅ​តំបន់​អាស៊ាន នៅ​ថ្ងៃទី ២០ មីនា​នេះ បានចេញ​ផ្សាយ​របាយការណ៍​មួយ ស្តីពី “ការស្លាប់​នៃ​ប្រជាធិបតេយ្យ៖ ការ​វាយ​ប្រហារ​​ទៅ​លើ​​អ្នក​តំណាងរាស្ត្រ និង​ការគំរាមកំហែង​ដល់​ស្ថាប័ន​កម្ពុជា»។ ជា​របាយការណ៍​​ចុង​ក្រោយ ដែលមាន​កម្រាស់​ជាង៥០ទំព័រ ត្រូវ​បានដាក់​បង្ហាញ នៅ​ទីក្រុង​​បាងកក​​ប្រទេស​ថៃ នៅថ្ងៃនេះ ដោយបាន​ព្រមាន​ថា ការវាយប្រហារ​ទៅលើ​អ្នក​តំណាងរាស្ត្រ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ កំពុងតែ​គំរាមកំហែង​ដល់​ភាពស្របច្បាប់​នៃ​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ច្រានចោល​របាយការណ៍​នេះ នឹង​បាន​ចាត់ទុកថា ជា​ក្រុម​សភា​ប្រឆាំងនឹង​ធម្មនុញ្ញ​អាស៊ាន។

ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រុម​សមាជិក​អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ព្រមាន​ពី​ការ​ប្រឈម​នៃ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា និង​ការគំរាមកំហែង​ពី​ភាព​ស្រប​ច្បាប់​នៃ​ប្រព័ន្ធ​នយោបាយ​នៅក្នុង​ប្រទេស​នេះ។ នេះ​បើ​យោងតាម​របាយការណ៍​កម្រាស់​ជាង៥០ទំព័រ ដែល​ត្រូវបាន​ចេញផ្សាយ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃទី២០មីនា​នេះ។

លោក Charles Santiago តំណាងរាស្ត្រ​ម៉ាឡេស៊ី និង​ជា​ប្រធាន​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ព្រមាន​ពី​ភាពស្របច្បាប់​នៃ​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា​ថា កំពុង​ស្ថិតនៅ​ក្នុងការ​គំរាមកំហែង ខណៈ​មានការ​វាយប្រហារ​ទៅលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៥មក។ នៅ​ខែតុលា​ឆ្នាំ២០១៥ មានការ​វាយ​ដុំ​ទៅលើ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក គង់ សភា, លោក ញ៉យ ចំរើន និង​ការធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ក្រុម​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា របស់​គណបក្សប្រឆាំង​ការ​ចាប់​ខ្លួន និង​ការកាត់ទោស​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​ផងដែរ។ លោក​បាន​លើកឡើងថា ប្រសិនបើ​គណបក្សប្រឆាំង​ឈ្នះ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែមិថុនា​ខាងមុខនេះ ការ​គាប់​សង្កត់​​នឹង​​កាន់តែ​កើនឡើង។
 
នៅក្នុង​សេចក្តីថ្លែងការណ៍​បន្ថែម​ពីលើ​របាយការណ៍​ដែលមាន​ចំនងជើង​ថា “ការស្លាប់​នៃ​ប្រជាធិបតេយ្យ៖ ការវាយប្រហារ​លើ​អ្នកតំណាងរាស្ត្រ​និង​ការគំរាមកំហែង​ដល់​ស្ថាប័ន​របស់​កម្ពុជា» នេះ ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​ការប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រឆាំង​​ដោយ​ស្មើភាព​គ្នា។ តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ សមាជិកសភា​អាស៊ាន​នៅក្នុង​ប្រទេសមួយ​ចំនួន​ក៏បាន​ព្រមាន​ដែរ​ថា ការរំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​នឹង​កាន់តែ​កើនឡើង ប្រសិនបើ​សហគមន៍​នៅក្នុង​តំបន់​និង​អន្តរជាតិ បរាជ័យ​ក្នុងការ​ថ្កោលទោស ឬ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។
 
ប៉ុន្តែ​លោក សុខ ឥសាន សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច មិនបាន​ឲ្យ​តម្លៃ​ទៅលើ​របាយការណ៍​របស់​អង្គការ​សមាជិកសភា​អាស៊ាន​នេះ​ទេ។ សម្រាប់​លោក សុខ ឥសាន ក្រុម​នេះ គឺជា​ក្រុម​សមាជិកសភា​ប្រឆាំង ដែល​មិន​ស្រប​នឹង​ធម្មនុញ្ញ​អាស៊ាន​នោះឡើយ។
 
សូមបញ្ជាក់ថា អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) គឺជា​តំណាង​អង្គការ នីតិ​បញ្ញត្តិ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែមិថុនា​ឆ្នាំ២០១៣ ដោយ​ក្រុម​សមាជិក​សភា​​មកពី​ប្រទេសផ្សេងៗគ្នា​នៅក្នុង​តំបន់​អាស៊ាន។ បេសកកម្ម​នៃ​ស្ថាប័ន​ដែល​មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​ឥណ្ឌូនេស៊ី​មួយ​នេះ គឺ​ដើម្បី​លើកកម្ពស់​បញ្ហា​សិទ្ធិមនុស្ស, លទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ហើយ​ការចេញផ្សាយ​របាយការណ៍​​​​ស្តី​ពី​​កម្ពុជា នៅថ្ងៃនេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​តំណាង​បេសកម្ម​នៃ​សមាជិកសភា​អាស៊ាន​ពីររូប មកពី​ប្រទេស ម៉ាឡេស៊ី និង​ហ្វីលីពីន បានបញ្ចប់​ដំណើរ​បេសកកម្ម​ស្វែងរក​ការពិត​នៅក្នុង​ប្រទេស​កម្ពុជា កាលពីពេលថ្មីៗនេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ