អានតួអត្ថបទ
កម្ពុជា

មន្ត្រី​សិទ្ធិ​មនុស្ស​​ដែល​​ត្រូវ​​សន្តិសុខ​​វាយ ​ត្រូវ​​តុលា​ការ​កោះហៅ​​ទៅ​​បំភ្លឺ​​ក្នុង​នាម​​ជា​​ជន​សង្ស័យ​

នៅវេលា​ម៉ោង៣ រសៀល​ថ្ងៃស្អែក​នេះ លោក​អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ និង​លោក ច័ន្ទ ពុទ្ធិ​ស័​ក្ដ​តំណាង​សហគមន៍​បឹងកក់ ត្រូវ​ចូលទៅ​កាន់​តុលាការក្រុង​ភ្នំពេញ​តាម​ការកោះហៅ ដើម្បី​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​កាលពី​ថ្ងៃទី១០ តុលា ឆ្នាំ២០១៦កន្លងទៅ។ លោក​អំ សំអាត និង​លោក ច័ន្ទ ពុទ្ធិ​ស័​ក្ដ​ដែល​ពេលនោះ ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា ត្រូវបាន​ក្រុម​សន្តិសុខ​វាយដំ​ទាំង​កម្រោល​នោះ ត្រូវបាន​តុលា​កោះហៅ​ក្នុងនាម​ជា​ជនសង្ស័យ​ទៅវិញ។

លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេត នៃសម័្ពន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ លីកាដូ។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេត នៃសម័្ពន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ លីកាដូ។
ផ្សាយពាណិជ្ជកម្ម

បើ​ក្រឡេក​ទៅ​មើល​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ គឺ​នៅពេលនោះ លោក​អំ សំអាត បាន​ទៅ​ចូលរួម​ឃ្លាំមើល​ការ​ដង្ហែ​ក្បូន​ក្នុង​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក រីឯ​លោក​ច័ន្ទ ពុទ្ធិ​ស័ក្តិ​វិញ បាន​ទៅ​ថត​សកម្មភាព​នៃ​ព្រឹ​តិ្ត​ការណ៍​នោះ។ គឺ​នៅពេលដែល​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ជាច្រើន​នាក់​កំពុង​ប្រឈម​មុខជា​មួយក្រុម​អ្នក​ដង្ហែ​ក្បួន​នោះ​ហើយ ក្រុម​សន្តិសុខ​មួយក្រុម​បាន​ព្រួត​គ្នា​វាយ​ទៅលើ​លោក​អំ សំអាត និង​លោក​ច័ន្ទ ពុទ្ធិ​ស័ក្តិ​ទាំង​កម្រោល​តែម្តង​ដែល​បណ្តាល​ឲ្យ​រង​បួស​ហើមប៉ោង​មុខមាត់។ នេះ​កុំ​តែ​អ្នកចូលរួម​ដង្ហែ​ក្បួន​ជួយ​ឃាត់​ផង កុំ​អី​មិនដឹង​ជា​យ៉ាងណា​នោះទេ។  

ភ្លាមៗនោះ លោក​អំ សំអាត ក៏បាន​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន​ដែរ ដើម្បី​ស្វែងរក​យុត្តិធម៌។ បន្ទាប់ពី​ស្ងាត់ឈឹង​មួយរយៈ សំណុំរឿង​ហិង្សា​នេះ​ក៏បាន​ទៅ​ដល់ដៃ​តុលាការ ហើយ​នៅ​ថ្ងៃទី២០ ខែមករា តុលាការ​ក៏បាន​ចេញ​ដីកា​កោះហៅ​អ្នក​ទាំងពីរ​ចូលទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី៨កុម្ភៈ ដែល​អាច​ចាត់ទុកថា ជា​ក្តីសង្ឃឹម​សម្រាប់​ជនរងគ្រោះ។ តែមាន​ឯណា ការកោះហៅ​នេះ ហៅ​ទៅ​បំភ្លឺ​ក្នុងនាម​ជា​ជនសង្ស័យ​ប្រព្រឹត្តិ​អំពើហិង្សា​ទៅវិញ​ដែល​ដើមបណ្ដឹង​គឺជា​សន្ដិសុខ​ខណ្ឌ។ 

សម្រាប់​លោក​អំ សំអាត​ខ្លួនឯង​លោក​ថា លោក​ហួសចិត្ត​រក​អ្វី​មក​ថ្លែង​មិនបាន​បន្ទាប់ពី​ត្រូវបាន​តុលាការ​កោះហៅ​ទៅ​បំភ្លឺ​ក្នុងនាម​ជា​ជនសង្ស័យ​បែបនេះ។ ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស​យូរ​ឆ្នាំ​រូបនេះ វា​គឺជា​រឿង​ដ៏​អាម៉ាស​មួយ​ដែល​សមត្ថកិច្ច​ដែល​កសាង​សំណុំ​រឿងនេះ បញ្ច្រាស​ដំណើររឿង​ដូច្នេះ​ទៅវិញ ដែល​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​សមត្ថកិច្ច។ លោក​អំ សំអាត ក៏បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពិនិត្យមើល​សំណុំ​រឿងនេះ​ឡើងវិញ​ផងដែរ។

ចំណែក​លោក​ថាវ គឹម​សាន នាយក​អង្គការ​លីកាដូ បានចាត់ទុក​ការកោះហៅ​អ្នក​ទាំងពីរ​នេះ​ក្នុងនាម​ជា​ជន​សង្ស័យថា​បង្ហាញ​ពី​ភាពលំអៀង​របស់​អាជ្ញាធ​រ​ប្រឆាំង​ទៅនឹង​ការជួបជុំ​ដោយ​សន្ដិវិធី ដោយសារ​អ្នក​ទាំងពីរ​ត្រូវបាន​ក្រុម​សន្ដិសុខ​វាយដំ ក្នុងខណៈ​ពេលដែល​អ្នក​ទាំងពីរ​ព្យាយាម​បញ្ចៀស​កុំ​ឲ្យ​អំពើហិង្សា​បន្តទៀត​និង​កំពុង​ថត​សកម្មភាព។ សម្រាប់​លោក​ថាវ គឺ​ម​សាន នេះ​គឺជា​និទ្ទណ្ឌភាព​របស់​ក្រុម​សន្ដិសុខ​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា។

បើទោះបី​ហួសចិត្ត​នឹង​ការកោះហៅ​ទៅ​បំភ្លឺ​ក្នុងនាម​ជា​ជនសង្ស័យ​ពី​សំណាក់​តុលាការ​យ៉ាងណាក៏ដោយ ក៏​ទាំង​លោក​អំ សំអាត និង​លោក​ច័ន្ទ ពុទ្ធិ​ស័ក្តិ សុទ្ធតែ​អះអាងថា ពួកគេ​នឹង​ទៅកាន់​តុលាការ ដើម្បី​ឆ្លើយបំភ្លឺ​តាម​ការកំណត់​នៅ​រសៀល​ថ្ងៃទី៨ កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ