ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/03 12h00 GMT
កម្ពុជា

ខួប២៥​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស សង្គម​ស៊ីវិល​ថា កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ផ្នែក​សិទ្ធិ​មនុស្ស

media  

សង្គម​ស៊ីវិល​នៅ​កម្ពុជា​ជា​ច្រើន​ស្ថាប័ន​នៅ​ថ្ងៃ​ទី​ ១៨ តុលា​នេះ បាន​រៀបចំ​ការ​ប្រារព្ឋ​ពិធី​រំលឹក​ខួប​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​រយៈ​ពេល​ ២៥​ឆ្នាំ។ ក្នុង​នោះ​សង្គម​ស៊ីវិល​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​វិវត្ត​ថយ​ក្រោយ។ ប៉ុន្តែ​បក្ស​កាន់​អំណាច បាន​បដិសេធ។

ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ ហើយ​បាន​ប្រាស់​ចាក​ចេញ​ពី​ស្មារតីនៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី​ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច បដិសេធ​មិន​ទទួល​ស្គាល់​នោះ​ទេ។ ជា​អ្នក​ថ្លែង​បើក​កម្មវិធី លោក​ស្រី ចក់ សុភាព បាន​លើក​ឡើង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ការ​ប្រឈម​ខ្លាំង ទាំង​ទៅ​លើ​អ្នក​នយោបាយ ក្រុម​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន ដែល​នេះ​ជា​ក្តី​ព្រួយ​បារម្ភ​ខ្លាំង។ ត្បិត​អី​បុគ្គលិក​សង្គម​ស៊ីវិល ៤​រូប និង​មន្ត្រី​ជាន់​ខ្ពស់​ គ.ជ.ប ១រូប​ត្រូវ​បាន​ចាប់​ខ្លួន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី ដែល​ជា​អ្នក​រិះគន់​សង្គម​មិន​ថ្នម​សំដី​ថែម​ទៀត​ផង។

ប៉ុន្តែ​គណបក្ស​កាន់​អំណាច បាន​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​ ២៥​ ឆ្នាំ​នេះ កម្ពុជា​បាន​បង្កើត​សង្គម​ប្រជាធិបតេយ្យ​មួយ​ ដែល​ពលរដ្ឋ​ទាំង​អស់​បាន​អនុវត្ត​សិទ្ធិ​របស់​ពួក​គាត់​ទាំង​ផ្នែក​នយោបាយ និង​គ្រប់​ផ្នែក​ក្នុង​សង្គម។ ហើយ​ថា កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស គឺ​ជា​បុព្វបទ​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ រដ្ឋ​ធម្មនុញ្ញ​នេះ​ហើយ​ ដែល​រដ្ឋាភិបាល បាន​ដាក់​ឱ្យ​ប្រើប្រាស់​ ដើម្បី​ធានា​ឱ្យ​មាន​សង្គម​ប្រជាធិបតេយ្យ​មួយ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ការ​បង្កើត​ច្បាប់​សង្គម​ស៊ីវិល ការ​បង្កើត​ច្បាប់​សហជីព និង​ការ​បង្កើត​ច្បាប់​មួយ​ចំនួន​ទៀត​ គឺ​ដើម្បី​ធានា​ថា​គ្រប់​គ្នា​ទាំង​អស់​ត្រូវ​តែ​គោរព​ច្បាប់​ ហើយ​ថា​ការ​ដាក់​ទោស​ទណ្ឌ​នោះ​ទៀត​សោធ​ក៏​ដើម្បី​ពង្រឹង​ច្បាប់ និង​មិន​អាច​អនុញ្ញាត​ឱ្យ​កម្ពុជា​ក្លាយ​ជា​សង្គម​អាណាធិបតេយ្យ​បាន​នោះ​ទេ។

សូម​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ចុះ​កាល​ពី​ឆ្នាំ​ ១៩៩១ គឺ​ជា​ការ​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ការ​បង្កើត​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មួយ​នៅ​កម្ពុជា។ កម្ពុជា​ ដែល​បាន​ធ្លាក់​ខ្លួន​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល​ហែក​ហួរ​រ៉ាំរ៉ៃ។

យ៉ាង​ណា​ក៏​ដោយ លោក​ស្រី​ចក់ សុភាព​ បាន​សង្កត់​ធ្ងន់​ថា​​ស្ថានភាព​នៃ​ការ​ភ័យ​ខ្លាច​ដូច​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ​និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ ​គឺ​ជាការ​ប្រាស់​ចាក​ចេញ​​​ពី​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ដែល​ធានា​១០០%​នូវ​សិទ្ធិ​សេរីភាព។ ​ប៉ុន្តែ​រដ្ឋាភិបាលក​ម្ពុជា ​ចោទ​សង្គម​ស៊ីវិល​ថា ​កំពុង​បំភ្លើស​ និង​បំភាន់​បរិយាកាស​ខណៈដែ​ល​សិទ្ធិ​សេរីភាព​បែប​មិន​ដាច់​​បង្ហៀរ​ត្រូវ​បាន​គោរព៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ