អានតួអត្ថបទ
កម្ពុជា-ច្បាប់

​របាយការណ៍​៖ ​ចំនួន​នៃ​ការ​រំលោភ​ទៅ​លើ​សេរី​ភាព​មូល​ដ្ឋាន​បាន​កើន​ឡើង នៅ​មុន​ការ​បោះ​ឆ្នោត​

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក និង​មជ្ឈ​មណ្ឌល​សាមគ្គី​ភាព នៅ​ថ្ងៃទី ១៨ កក្កដា ម្សិល​មិញ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំទី៣ នៃ​ការ​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា​។ ជា​លទ្ធផល របាយការណ៍​នេះ​បាន​រក​ឃើញ​ថា «លំហ​សម្រាប់​អនុវត្ត​សេរី​ភាព​មូល​ដ្ឋាន​នៅ​កម្ពុជា នៅ​តែ​បន្ត​រង​កា​រឹត​ត្បិត»។ ហើយ​ចំនួន​នៃ​ការ​រំលោភ​ទៅ​លើ​សេរីភាព​មូល​ដ្ឋាន​នេះ​បាន​កើន​ឡើង នៅ​មុន​ការ​បោះ​ឆ្នោត​។ តែ​អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋា​ភិបាល​បាន​ចាត់​ទុក​របាយការណ៍​នេះ​ថា មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ពិត​នៅ​កម្ពុជា​។ 

ការប្រារព្ធទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យ១០ធ្នូ២០១៨ (រូបតំណាង)
ការប្រារព្ធទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យ១០ធ្នូ២០១៨ (រូបតំណាង) @RFI
ផ្សាយពាណិជ្ជកម្ម

«លំហ​សម្រាប់​អនុវត្ត​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា នៅ​តែ​បន្ត​រឹត​ត្បិត»។ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​ការ​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​ទី០៣ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ កាល​ពី​ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៩។ របាយការណ៍​នេះ ដែល​បាន​ធ្វើ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​មជ្ឈ​មណ្ឌល​សាមគ្គី​ភាព បាន​រក​ឃើញ​ថា ក្នុង​ចំណោម​៨២៥ ករណី ដែល​គម្រោង​បាន​កត់​ត្រា​មាន ៤៨១​ករណី ដែល​រឹត​ត្បិត​សេរីភាព​មូល​ដ្ឋាន​។ ក្នុង​ចំនួន​ករណី​ដែល​រឹត​ត្បិត​សេរីភាព​មូល​ដ្ឋាន​នេះ គឺ​មាន​៣៩៦ ករណី ឬ ៨២% ដែល​ការ​រឹត​ត្បិត​នោះ មិន​បាន​គោរព​តាម​បទ​ដ្ឋាន​អន្តរជាតិ​ឡើយ ហើយ​ដែល​ត្រូវ​បាន​រាប់​ថា ជា​ការ​រំលោភ​បំពាន​។ របាយការណ៍​ក៏​បាន​រក​ឃើញ​ដែរ​ថា ចំនួន​នៃ​ការ​រំលោភ​ទៅ​លើ​សេរីភាព​មូល​ដ្ឋាន​បាន​កើន​ឡើង ពិសេស​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨​កន្លង​ទៅ​។

របាយការណ៍​ឆ្នាំទី០៣​នៃ​ការ​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​នេះ បាន​សិក្សា​លើ​ទិដ្ឋ​ភាព​ចំនួន​៣ ទី១.ជុំវិញ​ការ​អនុវត្ត​សេរីភាព​ខាង​សមាគម ទី២.សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និងទី៣.គឺ​សេរី​ភាព​ខាង​ការ​ជួប​ប្រជុំ​នៅ​កម្ពុជា​ជា​ដើម​។ ក្នុង​នោះ របាយ​ការណ៍​បាន​រក​ឃើញ​ថា សេរីភាព​នៃ​ការ​បង្កើត​សមាគម​នេះ ត្រូវ​បាន​រឹត​ត្បិត។ នៅ​ក្នុង​ឆ្នាំទី០៣​នេះ រដ្ឋា​ភិបាល​កម្ពុជា​បាន​តាម​ដាន​និង​ឃ្លាំ​មើល​សកម្មភាព​របស់​អង្គការ​សមាគម​ជា​លក្ខណៈ​ប្រព័ន្ធ ដូច​ជា នៅ​ពេល​មាន​ការ​ប្រជុំ និង​ការ​បណ្តុះ​បណ្តាល​ផ្សេងៗ​។ គម្រោង​បាន​កត់​ត្រា​នូវ​ហេតុ​ការណ៍​សរុប​ទាំង​អស់​១២០​ករណី​។ ខាង​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​វិញ នៅ​ក្នុង​របាយ​ការណ៍​ឆ្នាំទី០៣​នេះ នៅ​តែ​បន្ត​រង​ការ​រឹត​ត្បិត តាម​រយៈ​ការ​គំរាម​កំហែង​តាម​វិធាន​ការ​ច្បាប់​ថ្មីៗ និង​កំណើន​ឡើង​ថែម​ទៀត​ក្នុង​ការ​កម្រិត​នូវ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​លើ​ខ្លួន​ឯង​។ ការ​កម្រិត​នូវ​សេរីភាព​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំទី០៣​នេះ មាន​ចំនួន​៨៧%​។ នេះ​បើ​តាម​របាយ​ការណ៍​។ ដោយ​ឡែក​លើ​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​វិញ គម្រោង​បាន​កត់​ត្រា​នូវ​ការ​ជួប​ប្រជុំ​ចំនួន ៤១១​ករណី ក្នុង​នោះ​ មាន​ករណី​ចំនួន ១១៣ បាន​ទទួល​រង​នូវ​ការ​រារាំង ឬ​រិត​ត្បិត​ពី​សំណាក់​រដ្ឋា​ភិបាល​កម្ពុជា​។

គួរ​ជំរាប​ជូន​ថា របាយ​ការណ៍​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​ឆ្នាំទី០៣ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី ០១ ខែ​មេសា ឆ្នាំ២០១៨ ដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ បាន​ផ្អែក​លើ​របាយ​ការណ៍​ចំនួន ១៦៧ករណី ការ​ស្ទង់​មតិ​សាធារណៈ​ជន​ចំនួន​៩៩២​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន ២២ ការ​ស្ទង់​មតិ​ថ្នាក់​ដឹក​នាំ​សង្គម​ស៊ីវិល​និង​សហជីព​ចំនួន​២០២​នាក់ និង​បាន​វិភាគ​លើ​ករណី​ពាក់​ព័ន្ធ​ចំនួន ៦៥៨​ករណី តាម​រយៈ​ការ​តាម​ដាន​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ដើម​។

យ៉ាង​ណា​ក៏​ដោយ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​រដ្ឋា​ភិបាល​កម្ពុជា បាន​ដាក់​ការ​សង្ស័យ​លើ​ភាព​អាច​ជឿ​ជាក់​នៃ​របាយ​ការណ៍​នេះ និង​បាន​ទាត់​ចោល​របាយ​ការណ៍​នេះ​ថា មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋ​ភាព​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។ លោក​ថា របាយ​ការណ៍​នេះ បាន​លើក​ឡើង​តែ​ក្តី​បារម្ភ​របស់​មនុស្ស​មួយ​ក្រុម​តូច ដោយ​មិន​ឆ្លុះ​បញ្ចាំង​ជា​ទូទៅ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ