អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ទាម​ទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មន្រ្តី​សិទ្ធិ​មនុស្ស

មូល​និធិការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ(Front Line Defenders) ​ជំរុញ​ឲ្យ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ប្រឆាំង​នឹង អតីត​មន្រ្តី និង​មន្រ្តី​សិទិ្ធ​មនុស្ស​អាដហុក ដោយ​គ្មាន​លក្ខ​ខណ្ឌ​។ ការ​ទាម​ទារ​ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ កោះ​ហៅ​ លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា ឱ្យ​ចូល​សវនាការ​ នៅ​ថ្ងៃ​ទី២៧​ ខែ​សីហា​ខាងមុខ។ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក៤​រូប និង​ លោក នី ចរិយា អតីត​មន្រ្តី ​អាដហុក​ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០១៧ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​ពាក់ព័ន្ធ​រឿង​រ៉ាវ​ក្ដី​ក្ដាំ​រវាង​លោក កឹម សុខា ប្រធាន​អតីត​បក្ស​ប្រឆាំង​ ជា​មួយ​នាង​ ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ។

មន្ត្រីអង្គការសិទ្ធិមនុស្ស អាដហុក ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ​បណ្តោះអាសន្ន កាលពី មិថុនា ឆ្នាំ២០១៧
មន្ត្រីអង្គការសិទ្ធិមនុស្ស អាដហុក ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ​បណ្តោះអាសន្ន កាលពី មិថុនា ឆ្នាំ២០១៧ Adhoc/rfi
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​កម្ពុជា​ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​មន្រ្តី​ និង​អតីត​មន្រ្តី​សិទ្ធិ​មនុស្ស អង្គការ​អាដហុក មូលនិធិ​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ(Front Line Defenders) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អៀកឡង់​ ក៏​បាន​ថ្កោល​ទោស​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ប្រឆាំង​នឹង​អតីត​មន្រ្តី និង​មន្រ្តី​សិទ្ធិ​មនុស្ស​ទាំង​៥នាក់​ផង​ដែរ។

សេច​ក្តី​ថ្លែង​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ សីហា បាន​កោះ​ហៅ លោក ណៃ វ៉ង់ដា មន្រ្តី​អង្គ​ការ​សិទ្ធិ​មនុស្ស អាដ​ហុក និង​លោក នី ចរិយា អតីត​មន្រ្តី​អង្គការ​អាដហុក និង​ជា​អគ្គ​លេខា​ធិការ​រង​គ.ជ.ប ឱ្យ​ចូល​រួម​សវនា​ការ​​​ជំនុំ​​ជម្រះ​ នៅ​​ថ្ងៃ​​ទី​២៧​ ខែ​​សីហា ​ខាង​មុខ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​របស់​មូលនិធិ​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ(Front Line Defenders) ចុះថ្ងៃទី ១៦ ខែសីហា ក៏​បាន​ស្នើ​ឱ្យ​តុលាការ​ធានា​ថា ការ​កាត់ទោស​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នោះ ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ និង​ត្រូវ​ធានា​ថា​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​អស់​ អាច​ប្រកប​ការងារ​ដោយ​គ្មាន​ការ​គំរាមកំហែង សង​សឹក និង​គ្មាន​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​។

សូម​រំឮក​ជូន​ថា មន្ដ្រី​អាដ​ហុក​៤រូប​ និង​លោក នី ចរិយា អតីត​មន្រ្តី​អង្គការ​អាដហុក និង​អគ្គ​លេខា​ធិការ​រង​គ.ជ.ប ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី ២៩​មិថុនា ឆ្នាំ២០១៧​កន្លែង​ទៅ តែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលា​ការ​។ លោក នី សុខា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា និង​លោក​ស្រី លឹម មុន្នី មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដ​ហុក ត្រូវ​បាន​តុលាការ​ ចោទ​ពី​បទ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

ដោយ​ឡែក​លោក នី ចរិយា អគ្គ​លេខា​ធិការ​រង​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ បទ​ចោទ​ទាំង​អស់​នេះ កើត​ឡើង​បន្ទាប់​ពី​អ្នក​ទាំង៥​មាន​ជាប់​ពាក់​ព័ន្ធ​រឿង​រ៉ាវ​ក្ដី​ក្ដាំ​រវាង​លោក កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​មួយ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ