អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន ម៉ាណែត គ្រប់​គ្រង​អង្គ​ភាព​កង​ទ័ព​ចំនួន​៥ ដែល​ធ្លាប់​ស្ថិត​ក្រោម​អគ្គ​បញ្ជា​ការ​

ក្រសួង​ការពារ​ជាតិ​បាន​សម្រេច​ផ្ទេរ​អង្គភាព​កង​ទ័ព​ចំនួន​៥ ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អគ្គ​បញ្ជា​ការ​កំពូល​កង​ទ័ព​នោះ ឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ លោក​ឧត្តម​សេនីយ៍ឯក ហ៊ុន ​ម៉ាណែត​ ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ជំនួស​លោក​នាយក​ឧត្តម​សេនីយ៍ មាស សុភា ដែល​ទទួល​បាន​តួ​នាទី​ថ្មី​ជា​ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសកម្ម​ពិសេស​។ 

លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក @FB/ Hun Manet
ផ្សាយពាណិជ្ជកម្ម

អង្គភាព​កង​ទ័ព​ទាំង​៥​ ដែល​ផ្ទេរ​មក​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ​ម៉ាណែត​ ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​នោះ មាន៖ កង​ពល​ធំ​អន្តរាគមន៍​លេខ២ កង​ពល​ធំ​អន្តរាគមន៍​លេខ៣ កង​ពល​តូច​អន្តរាគមន៍​លេខ១ កង​ពលតូច​ទ័ព​ពិសេស​ឆ័ត្រ​​យោង​លេខ​៩១១ និង​កង​ពល​តូច​លេខ​៧០។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ឆ្នាំ​២០១៨ ដែល​ចុះ​ហត្ថលេខា​ដោយ លោក ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។

ការ​ផ្ទេរ​កង​ទ័ព​ចំនួន​៥​អង្គ​ភាព​​ ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោកនេះ ​គឺធ្វើ​ឡើង​តែ១​ថ្ងៃ​ប៉ុណ្ណោះ​ មុន ​លោក ហ៊ុន ម៉ាណែត​​ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​តែង​តាំង​ជា​មេទ័ព​ជើង​គោក​ជា​ផ្លូវ​ការ​ជំនួស​នាយកឧត្តម​សេនីយ៍ មាស សុភា ដែល​ទទួល​បាន​តួ​នាទី​ថ្មី ជា​ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសកម្ម​ពិសេស​។

សូម​បញ្ជាក់​ថា ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦​នេះ ក្បាល​ម៉ាស៊ីន​ដឹក​នាំ​កង​ទ័ព​សំខាន់​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​កន្លែង ខណៈ​មេទ័ព​មួយ​ចំនួន ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​។

តំណែង​មេទ័ព​កំពូលៗ​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​នោះ​រួម​មាន អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ត្រូវ​បាន​ជំនួស​ដោយ លោក វង្ស ពិសេន ដែល​ទើប​ដំឡើង​ឋានៈ​ជា​នាយ​ឧត្តមសេនីយ៍​ ពេល​ចូល​កាន់​ដំណែង​ជំនួស​លោក ប៉ុល សា​រឿន។ នាយ​ឧត្តម​សេនីយ៍ លោក ប៉ុល សារឿន និង​នាយ​ឧត្តម​សេនីយ៍ គន់ គីម ដែល​ត្រូវ​បាន​ផ្លាស់​ចេញ​ពី​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យុទ្ធពល​ខេមរ​ភូមិន្ទ រួម​ទាំង​នាយ​ឧត្តម​សេនីយ៍ មាស សុភា ដែល​ផ្លាស់​ចេញ​ពី​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​នោះ ពួក​គេ​សុទ្ធ​តែ​ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​អាណត្តិ​ទី៦​នេះ។ ប៉ុន្តែ​ក្រោយ​បង្កើត​រដ្ឋា​ភិបាល​ថ្មី អតីត​មេ​ទ័ព​កំពូល​ទាំង​បី​នេះ ក៏​បាន​លា​ឈប់​ពី​តំណាង​រាស្ត្រ​ទៀត ដោយ​ទៅ​ទទួល​តួ​នាទី​ថ្មី​ជា​ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសកម្ម​ពិសេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ