ក្រសួងការពារជាតិ៖លោក ហ៊ុន ម៉ាណែត នឹងត្រូវដំឡើងឋានន្តរស័ក្តទៅជាផ្កាយ៤ឆាប់ៗនេះ
ប្រមុខការពារជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងត្រូវបានដំឡើងឋានន្តរស័ក្តជា នាយឧត្តមសេនីយ៍ផ្កាយមាស៤ នៅពេលឆាប់ៗខាងមុខនេះ។ គម្រោងដំឡើងឋានន្តរស័ក្តដល់កូនប្រុសច្បងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបនេះគឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ទើបចូលកាន់មុខតំណែងសំខាន់ៗចំនួនពីរនៅក្រសួងការពារជាតិ នៅថ្ងៃសៅរ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៥
ការប្រកាសរបស់លោករដ្ឋមន្រ្តីការពារជាតិ ទៀ បាញ់ បានធ្វើឡើងនៅចំពោះមុខឧត្តមសេនីយ៍គ្រាក់ៗ ក្នុងពិធីចូលកាន់តំណែងរបស់ លោក សៅ សុខា ជាអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ ជំនួសលោក ប៉ុល សារឿន និង លោក ហ៊ុន ម៉ាណែត ត្រូវបានជំនួស លោក គន់ គីម និង លោក មាស សុភា។
លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានប្រគល់តំណែងសំខាន់ៗបន្ថែមចំនួនពីរទៀត គឺជាមេបញ្ជាការស្តីទី នៃកងទ័ពជើងគោក ជំនួសលោក មាស សុភា។ ចំណែកតួនាទីថ្មីមួយទៀត លោក ហ៊ុន ម៉ាណែត គឺជានាយសេនាធិការចម្រុះស្តីទី នៃកងយោធពលខេមរភូមិន្ទ ជំនួស លោក គន់ គីម។
មុននឹងចូលកាន់តំណែងខ្ពស់ៗបែបនេះ លោក ហ៊ុន ម៉ាណែត ក៏ទើបត្រូវបានតែងតាំងជាអគ្គមេបញ្ជារងនៃកងយុទ្ធពលខេមរភូមិន្ទផងដែរ។ ជាអគ្គមេបញ្ជារងនៃកងយុទ្ធពលខេមរភូមិន្ទនេះហើយ ដែលលោក ហ៊ុន ម៉ាណែត អាចនឹងទទួលបានការដំឡើងឋានន្តរស័ក្តពីផ្កាយ៣ទៅជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាការប្រកាសរបស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ក្នុងតួនាទីសំខាន់ចំនួនពីរទៀតនេះ គឺផ្អែកលើសមត្ថភាពដែលលោកបានរៀននៅអាមេរិក គឺមិនមែនមកពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទុកចិត្តលើមេទ័ពដទៃទៀតនោះទេ។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរតូនាទីសំខាន់ៗក្នុងជួរកងទ័ពកម្ពុជានៅពេលនេះ គឺដោយសារតែ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងនាយឧត្តមសេនីយ៍ គន់ គីម រួមទាំង នាយឧត្តមសេនីយ៍ មាស សុភា ត្រូវផ្លាស់ទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ក្នុងការបោះឆ្នោតខាងមុខនេះ។
នៅក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្ញើទៅកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកន្លងទៅ លោក ប៉ុល សារឿន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅខេត្តព្រះសីហនុ ខណៈលោក គន់ គីម ឈរនៅខេត្តឧត្តរមានជ័យ ហើយលោក មាស សុភា ឈរនៅខេត្តព្រះវិហារ ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ