ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/06 12h00 GMT
កម្ពុជា

លោក សៅ សុខា នឹង​ឡើង​កាន់​ការងារ​មេទ័ព​ធំ​ជំនួស​លោក ប៉ុល សារឿន ខណៈ​លោក ហ៊ុន ម៉ាណែត កាន់​ទ័ព​ជើង​គោក​ជំនួស​លោក​មាស សុភា

media  
លោក សៅ សុខា (ឆ្វេង) និង​លោក ហ៊ុន ម៉ាណែត (ស្តាំ) @សហការី

លោក សៅ សុខា និង​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ប្រគល់​តំណែង​បន្ថែម​ពី​លើ​មុខងារ​បច្ចុប្បន្ន ដោយ​លោក​សៅ សុខា ឡើង​ជា​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរៈភូមិន្ទ​ស្តី​ទី រីឯ​លោក ហ៊ុន ម៉ាណែត ទទួល​ការងារ​ជា​អគ្គមេបញ្ជាការរង ជា​នាយ​សេនាធិការ​ចំរុះ​ស្តី​ទី អគ្គបញ្ជាការដ្ឋាន និង​ជា​មេ​បញ្ជា​ការកងទ័ព​ជើង​គោក​ស្តី​ទី។ ការ​ប្រគល់​តំណែង​បន្ថែម​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់មួយ​ចំនួន បាន​ចេញ​ទៅ​ធ្វើ​ជា​បេក្ខជន​តំណាង​រាស្ត្រ។

តាម​សេចក្តី​ប្រកាស​ដែល​ចុះ​ហត្ថលេខា ដោយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដែល​បាន​បង្ហើប​ដល់​អ្នក​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ នាយ​ឧត្តមសេនីយ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរៈ​ភូមិន្ទ ត្រូវ​បាន​ប្រគល់​តួនាទី​ជា​អគ្គមេបញ្ជាការ​កងទ័ព​ស្តី​ទី ខណៈ​ដែល លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​ទ័ព មាន​ឈ្មោះ​ទៅ​ឈរ​ជា​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​សកល​ដែល​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ត្រូវ​ទទួល​ភារកិច្ច​បន្ថែម​ជា​អគ្គមេបញ្ជាការ​រង​កងទ័ព ជា​នាយ​សេនាធិការ​ចំរុះ​ស្តី​ទី​អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​ស្តីទី បន្ថែម​ពី​លើ​មុខងារ​បច្ចុប្បន្ន។ តួនាទី​ទាំង​នេះ កាល​ពី​មុន​ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក មាស សុភា ក៏​ប៉ុន្តែ​មេទ័ព​ជើង​គោក រូប​នេះ ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

សូម​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ ដំណឹង​នៃ​ការ​ព្យួរ​ការងារ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​ មួយ​ចំនួន ដែល​គេ​កត់​សម្គាល់​ថា មាន​លោក ប៉ុល សារឿន លោក គន់ គីម និង​លោក មាស សុភា ជា​ដើម​នោះ ត្រូវ​បាន​លើក​ឡើង​ថា​ជា​ការ​រុះរើ ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​ជួរ​កង​ទ័ព​កម្ពុជា​ដ៏​រឹង​មាំ។ ក៏​ប៉ុន្តែ​ទាំង​អ្នក​នាំ​ពាក្យ​យោធា ក៏​ដូច​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ហៅ​ការ​ព្យួរ​ការងារ​របស់​ប្រមុខ​កងទ័ព ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទាំង​នេះ ថា​ជា​រឿង​ធម្មតា។ ធម្មតា ដោយ​សារ តែ​មេទ័ព​ទាំង​នេះ ត្រូវ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ដែល​ចាំ​បាច់​ត្រូវ​អនុវត្ត​តាម​ច្បាប់។

សូម​រំលឹក​ដែរ​ថា នៅ​ក្នុង​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ញើ​ទៅ​កាន់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កន្លង​ទៅ លោក ប៉ុល សារឿន បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី​១ នៅ​ខេត្ត​ព្រះសីហនុ ខណៈ​លោក គន់ គីម ឈរ​នៅ​ខេត្ត​ឧត្តរមានជ័យ ហើយ​លោក មាស សុភា ឈរ​នៅ​ខេត្ត​ព្រះវិហារ ជា​បេក្ខជន​តំណាង​រាស្ត្រ​ពេញ​សិទ្ធិ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ