អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន ម៉ានី៖ មេដាយ Padma Shri ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ឥណ្ឌា

លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានវិល​ត្រឡប់មក​ដល់​កម្ពុជា​វិញ​កាល​ពី​យប់​ម៉ិញ បន្ទាប់​ពី​លោក​ទទួល​គ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រធានាធិបតី​ឥណ្ឌា​ នៅ​ទីក្រុង​ញ៉ូដេលី កាល​ពី​ថ្ងៃ​ទី​២​មេសា​។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ការ​ផ្ដល់​គ្រឿង​ឥស្សរិយយស​នេះ ធ្វើ​ឡើង​ដើម្បី​ជា​ការ​ទទួល​ស្គាល់​ស្នាដៃ​របស់​លោក ហ៊ុន ម៉ានី នៅ​ក្នុង​វិស័យ​កិច្ច​ការ​សាធារណៈ​។ សម្រាប់​លោក ហ៊ុន ម៉ានី គ្រឿង​ឥស្សរិយយស Padma Shri ​ដែល​លោក​ទើប​តែ​ទទួល​បាន​នេះ មិន​ត្រឹម​តែ​ជា​កិត្តិយស​របស់​លោក​ទេ តែ​វា​ថែម​ទាំង​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​ឥណ្ឌា​ផង​ដែរ​។

លោក ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ទទួល​គ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រធានាធិបតី​ឥណ្ឌា​ នៅ​ទីក្រុង​ញ៉ូដេលី
លោក ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ទទួល​គ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រធានាធិបតី​ឥណ្ឌា​ នៅ​ទីក្រុង​ញ៉ូដេលី @សហការី
ផ្សាយពាណិជ្ជកម្ម

បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៤ Padma Shri គឺ​ជា​គ្រឿង​ឥស្សរិយយស​ខ្ពស់​បំផុត​ពី​ប្រធានាធិបតី​​ឥណ្ឌា ជូន​ដល់​ជន​ស៊ីវិល​ដែល​មាន​ស្នាដៃ​នៅ​ក្នុង​វិស័យ​កិច្ចការ​សាធារណៈ សិល្បៈ សុខាភិបាល ឧស្សាហកម្ម សេដ្ឋកិច្ច សេវា​សង្គម និង​វិស័យ​កីឡា​។ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ប្រទេស​ឥណ្ឌា​បាន​ជ្រើស​រើស​បេក្ខជន​ចំនួន​៨៥​នាក់ ក្នុង​ចំណោម​បេក្ខជន​សរុប ១ម៉ឺន​៥​ពាន់​៧​រយ​នាក់ សម្រាប់​គ្រឿង​ឥស្សរិយយស ប៉ាត់ម៉ា ឆ្នាំ​២០១៨​។ ក្នុង​នោះ លោក ហ៊ុន ម៉ានី គឺ​ជា​ជនជាតិ​ខ្មែរ​តែ​ម្នាក់​គត់ និង​ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​​គ្រឿង​ឥស្សរិយយស​នេះ​។

ថ្លែង​ក្នុង​ឱកាស​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ទី​៣​មេសា លោក ហ៊ុន ម៉ានី ចាត់​ទុក​​​គ្រឿង​ឥស្សរិយយស​ Padma Shri នេះ ថា​ជា​ការ​ផ្ដល់​កិត្តិយស​ដល់​រូប​លោក​ តែ​វា​មិន​មែន​សម្រាប់​រូប​លោក​ម្នាក់​ឯង​ប៉ុនណោះ​ទេ។ វា​ជា​គ្រឿងឥស្សរិយយស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​មូល​។ លើស​ពីនេះ វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​ល្អ រវាង​កម្ពុជា​និង​ឥណ្ឌា​ផង​ដែរ​។ តាម​រយៈ​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ តំណាង​រាស្ត្រមណ្ឌល​កំពង់ស្ពឺ លោក ហ៊ុន ម៉ានី បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់ ជា​ពិសេស​យុវជន ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ថែ​រក្សា​កិត្តិយស​របស់​កម្ពុជា និង​បង្កើន​ស្នាដៃ​ដើម្បី​លើក​មុខ​មាត់​ជាតិ​។ លោក​ថា ប្រសិន​បើ​លោក​អាច​ធ្វើ​បាន ប្រជាជន​កម្ពុជា​ក៏​ធ្វើ​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ​។

គួរ​ជម្រាប​ថា លោក ហ៊ុន ម៉ានី គឺ​ជា​តំណាង​រាស្ត្រ​វ័យ​ក្មេង​ជាង​គេ​នៅ​កម្ពុជា​។ លោក​ជា​ប្រធាន​ក្រុម​ប្រឹក្សាយុវជន​អាស៊ី AYC និង​សហភាព​សហព័ន្ធយុវជន​កម្ពុជា UYFC។ ក្រៅ​ពី​ពាន​រង្វាន់ Padma Shri ពី​ប្រទេស​ឥណ្ឌា លោក ហ៊ុន ម៉ានី បាន​ទទួល​ពាន​រង្វាន់​ពី​អន្ដរជាតិ​ជា​ច្រើន​ផ្សេ​ងទៀត​ផង​ដែរ ជា​អាថិ៍៖ ពាន​រង្វាន់​សន្តិភាព ហ្គូស៊ី លើ​ភាព​ជា​អ្នក​ដឹក​នាំ​យុវជន ការងារ​មនុស្សធម៌ និង​ការ​តស៊ូ​មតិ​នៃ​វប្បធម៌​និង​បេតិកភណ្ឌ នៅ​ប្រទេស​ហ្វីលីពីន ព្រម​ទាំង​ពាន​រង្វាន់​ប្រជាជន​អាស៊ានជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ