លោក ហ៊ុន ម៉ានី៖ មេដាយ Padma Shri ឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អរវាងកម្ពុជានិងឥណ្ឌា
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវិលត្រឡប់មកដល់កម្ពុជាវិញកាលពីយប់ម៉ិញ បន្ទាប់ពីលោកទទួលគ្រឿងឥស្សរិយយស Padma Shri ពីប្រធានាធិបតីឥណ្ឌា នៅទីក្រុងញ៉ូដេលី កាលពីថ្ងៃទី២មេសា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ការផ្ដល់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងដើម្បីជាការទទួលស្គាល់ស្នាដៃរបស់លោក ហ៊ុន ម៉ានី នៅក្នុងវិស័យកិច្ចការសាធារណៈ។ សម្រាប់លោក ហ៊ុន ម៉ានី គ្រឿងឥស្សរិយយស Padma Shri ដែលលោកទើបតែទទួលបាននេះ មិនត្រឹមតែជាកិត្តិយសរបស់លោកទេ តែវាថែមទាំងបានឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អរវាងកម្ពុជានិងឥណ្ឌាផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០២
បង្កើតឡើងនៅឆ្នាំ១៩៥៤ Padma Shri គឺជាគ្រឿងឥស្សរិយយសខ្ពស់បំផុតពីប្រធានាធិបតីឥណ្ឌា ជូនដល់ជនស៊ីវិលដែលមានស្នាដៃនៅក្នុងវិស័យកិច្ចការសាធារណៈ សិល្បៈ សុខាភិបាល ឧស្សាហកម្ម សេដ្ឋកិច្ច សេវាសង្គម និងវិស័យកីឡា។ នៅក្នុងឆ្នាំ២០១៨នេះ ប្រទេសឥណ្ឌាបានជ្រើសរើសបេក្ខជនចំនួន៨៥នាក់ ក្នុងចំណោមបេក្ខជនសរុប ១ម៉ឺន៥ពាន់៧រយនាក់ សម្រាប់គ្រឿងឥស្សរិយយស ប៉ាត់ម៉ា ឆ្នាំ២០១៨។ ក្នុងនោះ លោក ហ៊ុន ម៉ានី គឺជាជនជាតិខ្មែរតែម្នាក់គត់ និងដំបូងគេបង្អស់ ដែលត្រូវបានជ្រើសរើសសម្រាប់គ្រឿងឥស្សរិយយសនេះ។
ថ្លែងក្នុងឱកាសសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញកាលពីយប់ថ្ងៃទី៣មេសា លោក ហ៊ុន ម៉ានី ចាត់ទុកគ្រឿងឥស្សរិយយស Padma Shri នេះ ថាជាការផ្ដល់កិត្តិយសដល់រូបលោក តែវាមិនមែនសម្រាប់រូបលោកម្នាក់ឯងប៉ុនណោះទេ។ វាជាគ្រឿងឥស្សរិយយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ លើសពីនេះ វាក៏បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងឥណ្ឌាផងដែរ។ តាមរយៈការទទួលបានពានរង្វាន់នេះ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ ជាពិសេសយុវជន ចូលរួមជាមួយរដ្ឋាភិបាលក្នុងការថែរក្សាកិត្តិយសរបស់កម្ពុជា និងបង្កើនស្នាដៃដើម្បីលើកមុខមាត់ជាតិ។ លោកថា ប្រសិនបើលោកអាចធ្វើបាន ប្រជាជនកម្ពុជាក៏ធ្វើអាចធ្វើបានដូចគ្នាដែរ។
គួរជម្រាបថា លោក ហ៊ុន ម៉ានី គឺជាតំណាងរាស្ត្រវ័យក្មេងជាងគេនៅកម្ពុជា។ លោកជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី AYC និងសហភាពសហព័ន្ធយុវជនកម្ពុជា UYFC។ ក្រៅពីពានរង្វាន់ Padma Shri ពីប្រទេសឥណ្ឌា លោក ហ៊ុន ម៉ានី បានទទួលពានរង្វាន់ពីអន្ដរជាតិជាច្រើនផ្សេងទៀតផងដែរ ជាអាថិ៍៖ ពានរង្វាន់សន្តិភាព ហ្គូស៊ី លើភាពជាអ្នកដឹកនាំយុវជន ការងារមនុស្សធម៌ និងការតស៊ូមតិនៃវប្បធម៌និងបេតិកភណ្ឌ នៅប្រទេសហ្វីលីពីន ព្រមទាំងពានរង្វាន់ប្រជាជនអាស៊ានជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ