អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ និង​កំពុងសម្រាក​​ព្យាបាលជំងឺ​​នៅ​សិង្ហបុរី​!

លោក​នាយករដ្ឋមន្ត្រី បានធ្លាក់​ខ្លួន​ឈឺ និង​​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅ​សិង្ហបុរី តាំងតែ​ពី​ថ្ងៃ​ម្សិលមិញ​ម្ល៉េះ។ ដូច្នេះ ទើប​លោក ហ៊ុន សែន បាន​សម្រេច​លុប​ចោល​ជំនួប​មួយ​ចំនួន​ ដែល​បាន​គ្រោង​ទុក​រួច​មកហើយ​។ ​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា ដោយសារ​តែលោកហត់នឿយខ្លាំងពេក ទើប​រូប​លោក​ធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវចេញទៅ​មន្ទីរ​ពេទ្យជា​បន្ទាន់ដើម្បីពិនិត្យនិងព្យាបាល នៅ​សិង្ហបុរី​។

លោក ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​សិង្ហបុរី
លោក ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​សិង្ហបុរី
ផ្សាយពាណិជ្ជកម្ម

ក្នុង​ទំព័រ Facebook ផ្លូវ​ការ​របស់​ប្រមុខ​រដ្ឋាភិបាល, លោក​ ហ៊ុន សែន បាន​បង្ហាញ​រូប​ថត​បី-បួន​សន្លឹក ឲ្យ​ឃើញ​ថា លោក​​កំពុង​ដេក​សម្រាក​នៅ​លើគ្រែពេទ្យ ដោយ​មាន​ដៃ​ឆ្វេង​ជាប់​បណ្តោង​សឺរ៉ូមផង​។ លោក​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ដោយការហត់នឿយខ្លាំងពេក ទើប​បណ្តាល​ឲ្យ​លោក​ធ្លាក់ខ្លួនមានជំងឺ​ ហើយ​ត្រូវ​ចាំបាច់ចាកចេញ​ទៅ​សិង្ហបុរី ដើម្បី​ ពិនិត្យនិងព្យាបាល ជា​បន្ទាន់យ៉ាង​ដូច្នេះ​។ គឺ​លោកនាយករដ្ឋមន្ត្រី បាន​ធ្វើ​ដំណើរ​ទៅ​សិង្ហបុរី តាំងតែ​ពីម៉ោង​២រសៀល ថ្ងៃទី​៣ឧសភា​មកម្ល៉េះ។

ជាការ​សង្កេត ខុស​ពី​​រាល់​ដង​ គឺ​មុន​ពេល​ចេញ​ទៅ​ពិនិត្យ​ព្យា​បាល​ជំងឺ​នៅ​សិង្ហបុរី លោក​នាយករដ្ឋមន្ត្រី ច្រើន​តែ​ប្រកាសជូន​ដំណឹង​ជា​មុន និង​ដែល​មាន​អ្នក​មុខ​អ្ន​កការ​ខ្លះ​ផង រង់ចាំ​ជូន​ដំណើរ​​។ តែ​ពេល​នេះ លោកអញ្ជើញ​ទៅ​ដល់​មន្ទីរ​ពេ្យ​រួច​ហើយ ទើប​ប្រាប់ជម្រាប​​ព័ត៌មាន​ជា​ក្រោយ​វិញ​ម្តង។

ចំពោះ​អការៈជំងឺ​និង​ស្ថាន​ភាព​សុខ​ភាពរបស់​ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​បក្ស​កាន់អំណាច គឺ​​មិនទាន់​មាន​ការ​បញ្ជាក់​បន្ថែម​នៅឡើយ​ទេ ពីសំណាក់​​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងអ្នក​នាំពាក្យ​បក្ស​ប្រជា​ជន​កម្ពុជា។ ចំណែក​ខាង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ក៏​ពុំ​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បំភ្លឺ​បន្ថែម​នោះដែរ​។ ទោះជា​​យ៉ាងនេះក្តី លោក​ប្រមុខរដ្ឋាភិបាល​ ខ្លួន​ឯង​ បាន​បញ្ជាក់ថា លោក​អាច​នឹង​អញ្ជើញ​វិល​មកបំពេញ​ការងារ​វិញ នៅ​បីថ្ងៃទៀត គឺនៅថ្ងៃទី​៧​ឧសភា។

គួរ​បញ្ជាក់ថា ក្នុង​រយៈ​ពេល​នេះ លោក ហ៊ុន សែន បាន​សម្រេច​លុប​ចោល​ជំនួប​សំខាន់ៗ​មួយ​ចំនួន ដូច​ជា ការ​ជួប​ជុំ​សំណេះ​សំណាល​ជាមួយ​ មន្ត្រី រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​នៅខេត្តកំពង់ស្ពឺ ដែលត្រូវ​ជួប​នៅ​ព្រឹក​ថ្ងៃទី​៤ឧសភា, ជំនួប​ជាមួយ​មន្ត្រី​ទូត​បរទេស តួយ៉ាង​ជប៉ុន ឥណ្ឌា និង​បារាំង ដែលជា​កម្មវិធីគ្រោងទុក ក៏​ត្រូវ​លុប​ចោលដែរ។

ជា​ការ​កត់​សម្គាល់ រយៈពេល​ថ្មីៗនេះ, មាន​កម្មវិធី​ជាតិ​និងអន្តរជាតិ​ជា​ច្រើន ជាប់ៗគ្នា​រដឹក​ ដែល​លោក ហ៊ុន សែន ត្រូវ​មាន​វត្តមានផ្ទាល់ ហើយលោក​​ត្រូវ​ថ្លែង​សន្ទរកថា និង​ផ្តល់​ការ​ពិភាក្សា​។ ចំណែ​ក​ការ​ចុះ​ជួប​មន្ត្រី​រាជការ និង​មន្ត្រី​សកម្មជន​បក្ស មុន​ឱកាស​បោះឆ្នោត​ឃុំ​សង្កាត់នេះ ក៏​បាន​ទាក់ទាញ​ស៊ី​ពេលវេលា​ និង​កម្លាំង​កាយ​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​មិន​ស្ទើរ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ