ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
កម្ពុជា

លោក ហ៊ុន សែន ត្រូវ​បាន​ជ្រើស​រើស​ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​វិស័យ​ទេសចរណ៍

media  
រូបថតៈ លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​ជ្រើស​រើស​ជា​ទូ​តសុច្ឆន្ទៈ​សម្រាប់​វិស័យ​ទេ​សចរណ៍​នៅ​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ឆ្នាំ​២០១៧នេះ @FB

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ​ត្រូវ​បាន​គេ​ជ្រើស​តាំង​ជា​ឯកអគ្គរដ្ឋ​ទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ពី​ក្រុម​ប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប។ លោក ហ៊ុន សែន ចាត់ទុក​តួនាទី​ថ្មី​របស់​លោក​នេះ​គឺ​ជាមោទនៈ​ភាព​របស់​កម្ពុជា​ទាំង​មូល។

នៅ​ក្នុង​តួនាទី​ជា​ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ​ពិភព​សម្រាប់​វិស័យ​ទេសចរណ៍ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះអាងថា នឹង​ប្រើ​តួនាទី​នេះ ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យលេច​ធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ប្ដេជ្ញា នឹង​ប្រឹង​ប្រែងសម្រេច​ឲ្យ​បាន​តាម​ការ​ចង់​បាន​របស់​ក្រុម​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ក្នុងការ​ជំរុញ​វិស័យ​ទេសចរណ៍។

ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៥ ដោយមាន​សមាជិក​មក​ពី​ប្រទេស​ទាំង​២៧​ក្នុង​សហគមន៍​អឺរ៉ុប ។ ក្រុមប្រឹក្សា​នេះ​គឺជា​ស្ថា​ប័ន​ចាស់ ជាងគេ​និង​មាន​សារៈសំខាន់​ក្នុង​សហគមន៍​អឺរ៉ុប​ដែលមាន​ជំនាញ​លើ​វិស័យ​ស្រាវជ្រាវ​និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍​ដោយមាន​ទីផ្សារ​អតិថិជន​រហូតដល់ ៨០០ លាន​នាក់​ក្នុង​ទូទាំង​សហគមន៍​អឺរ៉ុប​។

ទន្ទឹមនឹងនេះ វិស័យ​ឯកជន​បាន​ចាត់​ទុក​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភព​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ប្រមុខរដ្ឋាភិបាល​លោក ហ៊ុន សែន គឺជា​ចំណុច​វិជ្ជ​មាន​មួយ​ដ៏​ល្អសម្រាប់​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ម្យ៉ាងទៀត​ការ​ផ្ដល់​តួនាទី​នេះ​ក៏​លើកទឹក​ចិត្ត​ដល់​វិស័យ​ឯកជន​ផង​ដែរ នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍។

តែ​ទោះ​ជា​បែប​នេះ​ក្ដី​លោក ហូរ វណ្ឌី ទី​ប្រឹក្សា​សភា​ពាណិជ្ជកម្ម​កម្ពុជា មាន​យោបល់​ថា ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​តែ​ចេះ​ជួយ​គ្នា​ឲ្យ​ស្រប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​ តួនាទី​ថ្មី​របស់​លោក​គឺ​ជា​មោទនៈភាព​របស់​កម្ពុជា​ទាំង​មូល។

ដោយឡែក​ចំពោះ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ស្រុក​វិញ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជំរុញ​ទៅ​អ្នក​ពាក់ព័ន្ធ​ត្រូវ​ធានា​ឲ្យ​បាន​មិន​ត្រូវ​ឲ្យ​ទេសចរណ៍​បំពានទៅ​លើ​វប្បធម៌​នោះ​ទេ ។ មានន័យថា បេតិកភណ្ឌ​ពិភពលោក ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​សំបូរ​ព្រៃ​គុក មិន​ត្រូវ​រង​ការ​បំពាន​នោះ​ទេ។ ក្នុង​នោះ ប្រជា​ពល​រដ្ឋ និង​វិស័យ​ឯកជន​ត្រូវ​រួម​គ្នា​កុំ​ឲ្យ​វិស័យ​ទេសចរណ៍​បំពាន​លើ​វប្បធម៌ តែផ្ទុយ​ទៅ​វិញ​ត្រូវ​យក​វប្បធម៌ ដើម្បី​ពង្រីក​វិស័យ​ទេសចរណ៍ ទើប​ធ្វើ​ឲ្យ​វិស័យ​ទេ​ស​ចរណ៍​មាន​និរន្ត​រភាព។ នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី។

បើ​តាម​លោក ហូរ វណ្ឌី កម្ពុជា​ត្រូវ​ធ្វើ​ការងារ​មួយ​ចំនួន​ទៀត​ដើម្បី​លើក​ស្ទួយ​វិស័យ​ទេ​ស​ចរណ៍​រួមមានៈ ការ​រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យ។ បច្ចុប្បន្ន​វិស័យ​ទេស​ចរ​ណ៍​កម្ពុជា​នៅ​ជួប​បញ្ហា​តម្លាភាព​នៃ​ការ​គ្រប់​គ្រង​អាជីវកម្ម។ នេះ​បើ​តាម លោក ហូរ វណ្ឌី។ គួរបញ្ជាក់ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​៥​លាន​នាក់​ក្នុងមួយ​ឆ្នាំៗ៕

 

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ