អានតួអត្ថបទ

លោក​​ហ៊ុន សែន ហៅ​​រដ្ឋ​​ម​ន្ត្រី​របស់​​លោក ​​​នៅ​​អាណត្តិ​​ថ្មី​នេះ​​ថា​ «​​ខ្ញី​​កាន់​​តែ​​ចាស់​ កាន់​​តែ​​ហិរ​​»

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​នាយក​រដ្ឋ​​មន្ត្រី​ហ៊ុន សែន បាន​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​គណៈ​រដ្ឋ​​ម​ន្ត្រី​​អាណត្តិ​ទី៦ នៅ​វិមាន​សន្តិភាព។ គណៈ​រដ្ឋ​មន្រ្តី​ថ្មី​របស់​កម្ពុជា មិន​ត្រូវ​បាន​នាយក​រដ្ឋ​​មន្ត្រី​​ផ្លាស់​ប្តូរ​រដ្ឋ​មន្រ្តី​ណា​មួយ​នោះ​ឡើយ។ នេះ ដោយ​សារ​តែ​លោក​ហ៊ុន សែន នៅ​តែ​មាន​ការ​ទុក​ចិត្ត​លើ​រដ្ឋ​​ម​ន្ត្រី​ចាស់​របស់​លោក​ដដែល រហូត​ដល់​លោក​ហៅ​ពួក​គេ​ទាំង​នេះ​ថា “ខ្ញី​កាន់​តែ​ចាស់ កាន់​តែ​ហិរ”ថែម​ទៀត។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

“ខ្ញី​កាន់​តែ​ចាស់ កាន់​តែ​ហិរ” គឺ​ជា​ងារ​ថ្មី​ដែល​លោក​នាយក​រដ្ឋ​​មន្ត្រី​​ហ៊ុន សែន បាន​ដាក់​ឲ្យ​រដ្ឋ​មន្ត្រី​​ចាស់​របស់​លោក ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​​ថ្មី​សម្រាប់​អាណត្តិ​ទី៦​នេះ។ លោក​នាយក​​រដ្ឋ​​មន្ត្រី បាន​បញ្ជាក់​ថា មន្ត្រី​ចាស់​ក៏​នៅ​តែ​អាច​ធ្វើ​ការ​បាន​ដែរ មិន​មែន​ទាល់​តែ​មនុស្ស​ថ្មី​វ័យ​ក្មេង​នោះ​ទេ។ លោក​នាយក​រដ្ឋ​មន្ត្រី បាន​បញ្ជាក់​ថា បញ្ហា​មិន​មែន​ស្ថិត​នៅ​លើ​ការ​ដូរ​មនុស្ស​នោះ​ឡើយ ប៉ុន្តែ​គឺ​មនុស្ស​ដ​ដែល​នេះ​ត្រូវ​ចេះ​ធ្វើ​កិច្ចការ ដោយ​ដួល​នៅ​ត្រង់​កន្លែង​ណា ត្រួវ​ងើប​ឡើង​វិញ​នៅ​កន្លែង​ហ្នឹង។

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី​ហ៊ុន សែន នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​នា​នា មក​លើ សមាស​ភាព​គណៈ​រដ្ឋ​​មន្ត្រី​ថ្មី ដែល​លោក​នៅ​តែ​ប្រើ​ប្រាស់​រដ្ឋ​​មន្ត្រី​ចាស់​ដ​ដែល គឺ​គ្មាន​ការ​ផ្លាស់​ប្តូរ​សូម្បី​តែ​ម្នាក់។ សម្រាប់​អ្នក​រិះ​គន់ ការ​ប្រើ​ប្រាស់​នូវ​រដ្ឋ​​មន្ត្រី​ចាស់​បែប​នេះ គឺ​នឹង​មិន​ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​រដ្ឋា​ភិបាល​ថ្មី​បាន​ប្រសើរ​ជាង​មុន​ឡើយ។

ប៉ុន្តែ​លោក​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន វិញ មិន​យល់​បែប​នោះ​ឡើយ។ លោក​បាន​ពន្យល់​ថា ការ​កែ​ទម្រង់​មិន​មែន​មាន​ន័យ​ថា ទាល់​តែ​ដោះ​ដូរ​មនុស្ស​នោះ​ទេ ហើយ​ការ​គិត​បែប​នេះ គឺ​ជា​ការ​គិត​ខ្លី​តែ​ប៉ុណ្ណោះ​។ លោក​ហ៊ុន សែន បាន​អះ​អាង​ទៀត​ថា ការ​កែ​ទម្រង់​ណា​មួយ​ដោយ​គ្រាន់​តែ​ដូរ​មនុស្ស​នោះ គឺ​មិន​ខុស​ពី​សម្លាប់​ខ្លួន​ឯង​ឡើយ។ លោក​នាយក​រដ្ឋ​​មន្ត្រី មិន​បាន​ខ្វល់​នឹង​ការ​ផ្លាស់​ប្តូរ​មនុស្ស​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ខ្វល់​ខ្វាយ​ខ្លាំង​នោះ គឺ​ខ្លឹម​សារ និង​ប្រសិទ្ធ​ភាព​ការ​ងារ។

សូម​បញ្ជាក់​ថា នៅ​អាណត្តិ​ថ្មី​នេះ សមាស​ភាព​រាជ​រដ្ឋា​ភិបាល​កម្ពុជា មាន​ចំនួន​៤៦រូប ដោយ​រាប់​ទាំង​នាយក​រដ្ឋ​មន្ត្រី​ផង។ ចំនួន​នេះ គឺ​មិន​រាប់​បញ្ចូល​នូវ​ឧប​នាយក​រដ្ឋ​មន្ត្រី ​និង​ទេស​រដ្ឋ​មន្ត្រី ​មួយ​ចំនួន ដែល​មិន​កាន់​ស្ថាប័ន​ឡើយ។ សមាស​ភាព​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ទាំង​៤៦រូប​នេះ កាន់​កាប់​ក្រសួង​ចំនួន​២៨ រដ្ឋ​លេខា​ធិការ​ដ្ឋាន​មួយ និង​ស្ថាប័ន​ផ្សេង​ទៀត​របស់​រដ្ឋា​ភិបាល។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​នេះ គឺ​កើត​ចេញ​មក​ពី​ជោគ​ជ័យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ជោគ​ជ័យ​នេះ កើត​ចេញ​ពី​ការ​រួម​ចំណែក​ពី​រដ្ឋ​មន្ត្រី​ទាំង​អស់។ ដូច្នេះ នៅ​ពេល​ដែល​ឈ្នះ​ហើយ​ស្រាប់​តែ​បោះ​បង់​រដ្ឋ​មន្ត្រី​ទាំង​នោះ​ចោល គឺ​ជា​រឿង​អគុណ​ធម៌​ណាស់​សម្រាប់​រូប​លោក។ ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ការ​ដោះ​ដូរ​មនុស្ស​ចាស់ ដាក់​មនុស្ស​ថ្មី មិន​មែន​ជា​ទម្លាប់​របស់​លោក​ឡើយ។ ប៉ុន្តែ​ការ​រក្សា​មនុស្ស​ចាស់ ហើយ​បញ្ចូល​មនុស្ស​ថ្មី​ឲ្យ​ធ្វើ​ការ​ជាមួយ ទើប​ជា​ទម្លាប់​របស់​លោក​ដោយ​លោក​អះ​អាង​ថា វា​គឺ​ជា​រឿង​ចាំ​បាច់​ណាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ