ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

លោក​ហ៊ុន សែន ប្រកាស​យក​គោល​នយោបាយ​“សុំ​ជំនួយ​បរទេស”​ទៅ​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨

media  
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រកាស​នៅ​មុខ​កម្មករ កម្មការិនី​នៅ​ព្រឹក​នេះ​ថា លោក​នឹង​យក​គោល​នយោបាយ “៣​សុំ” គឺ​សុំ​ជំនួយ សុំ​ការ​វិនិយោគ និង​សុំ​ឲ្យ​អន្តរជាតិ​ទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​យក​ទៅ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ គោល​នយោបាយ “៣​សុំ”របស់​លោក​ហ៊ុន សែន​នេះ គឺ​ប្រឆាំង​នឹង​គោល​នយោបាយ “៣​កុំ​”គឺ​កុំ​ផ្តល់​ជំនួយ កុំ​វិនិយោគ និង​កុំ​ទិញ​ទំនិញ​កម្ពុជា​ដែល​លោក​នាយក​រដ្ឋមន្រ្តី​កំណត់​ខ្លួន​ឯង​សម្រាប់​បក្ស​ប្រឆាំង។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បដិសេធ​ថា គណបក្ស​គ្មាន​គោល​នយោបាយ​បែប​នេះ​ឡើយ។

ក៏​ដូច​ជា​លើក​មុនៗ​ដែរ នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ​កម្មការិនី​ដ៏​កម្រ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​លើក​ឡើង​ពី​ការ​រំដោះ​ប្រទេស​ពី​ភ្លើង​សង្រ្គាម និង​ឈាន​មក​រក​ការ​រីក​ចម្រើន​ដូច​ពេល​សព្វ​ថ្ងៃ។ សព្វ​ថ្ងៃ ដែល​លោក​ហ៊ុន សែន ចង់​សំដៅ​នា​ពេល​នេះ គឺ​ការ​កើន​ឡើង​នៃ​ចំនួន​កម្មករ ក៏​ដូច​ជា​ចំនួន​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ម៉្យាង​វិញ​ទៀត លោក​ក៏​ចង់​លើក​ឡើង​ពី​ផ្លាស់​ប្តូរៗ​ពី​ប្រាក់​ខែ​ទាប មក​ប្រាក់​ខែ​សមរម្យ​របស់​កម្មករ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

បន្ថែម​ពី​ការ​លើក​សរសើរ​ពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ផ្ទាល់ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក៏​បាន​រិះ​គន់​ខ្លាំងៗ​សំដៅ​គណបក្ស​សង្រ្គោះ​ជាតិ ពិសេស​គឺ​ទៅ​លើ​លោក​សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​តែ​ម្តង​ចំពោះ​ការ​មិន​រក​ផល​ប្រយោជន៍​ដល់​កម្មករ និង​បែរ​ជា​មក​បំផ្លិច​បំផ្លាញ​ផល​ប្រយោជន៍​ពួក​គេ​ទៅ​វិញ។ បើ​តាម​លោក​ហ៊ុន សែន គណបក្ស​ប្រឆាំង​បាន​អនុវត្ត​គោល​នយោបាយ “៣​កុំ”កន្លង​មក គឺ​កុំ​ឲ្យ​បរទេស​ផ្តល់​ជំនួយ កុំ​ឲ្យ​មក​វិនិយោគ និង​កុំ​ឲ្យ​បរទេស​ទិញ​ទំនិញ​ពី​កម្ពុជា។ ដើម្បី​ប្រឆាំង​នឹង​គោល​នយោបាយ​ដែល​លោក​កំណត់​ដោយ​ខ្លួន​លោក​ចំពោះ​គណបក្ស​ប្រឆាំង​នេះ លោក​នាយក​រដ្ឋមន្រ្តី ក៏​បាន​ប្រកាស​បង្កើត​គោល​នយោបាយ “៣​សុំ” គឺ​សុំ​ឲ្យ​បរទេស​ផ្តល់​ជំនួយ សុំ​ឲ្យ​មក​វិនិយោគ និង​សុំ​ឲ្យ​ទិញ​ទំនិញ​ពី​កម្ពុជា។ គោល​នយោបាយ​នេះ ក៏​ត្រូវ​បាន​លោក​ហ៊ុន សែន ប្រកាស​យក​ទៅ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ។

លោក​ស្រី​កែ សុវណ្ណរតន៍ ប្រធាន​គណៈកម្មការ​ផ្នែក​ការងារ​នៃ​រដ្ឋសភា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ហ៊ុន សែន​ដែល​ថា បក្ស​ប្រឆាំង​មិន​ឲ្យ​បរទេស​ផ្តល់​ជំនួយ​ឫ​មក​វិនិយោគ​នៅ​កម្ពុជា។ លោក​ស្រី​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មិន​ដែល​មាន​គោល​នយោបាយ​បែប​នោះ​ឡើយ។ បើ​តាម​លោក​ស្រី​កែ សុវណ្ណរតន៍ អ្វី​ដែល​គណបក្ស​ប្រឆាំង​បាន​ធ្វើ​នោះ គឺ​គ្រាន់​តែ​បាន​ស្នើ​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ដល់​កម្មករ​តែ​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ លោក​ស្រី​សង្កត់​ធ្ងន់​ថា គណបក្ស​សង្រ្គោះ​ជាតិ​តែង​តែ​គិត​គូរ​ពី​បញ្ហា​កម្មករ​កម្មការិនី​ខ្មែរ​ទាំង​ជីវភាព​រស់​នៅ និង​សិទ្ធិ​សេរីភាព​ជា​ដើម។

សូម​បញ្ជាក់​ថា ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី ធ្លាប់​បាន​ដឹក​នាំ​កម្មករ​កម្មការិនី​ធ្វើ​បាតុកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល។ បាតុកម្ម​នា​ពេល​នោះ បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ក្រោយ​មក​ប្រាក់​ឈ្នួល​កម្មករ​ក៏​បាន​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ព្រមាន​ជា​មុន​ហើយ​មិន​ឲ្យ​មាន​បាតុកម្ម​របៀប​នេះ​កើត​ឡើង​ម្តង​ទៀត​ទេ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​ហើយ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ គឺ​រដ្ឋាភិបាល​ទេ​ជា​អ្នក​ធ្វើ​មិន​មែន​គណបក្ស​ប្រឆាំង​នោះ​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ