ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

​រដ្ឋា​ភិបាល​៖ ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ​មាន​ប្រយោជន៍​ជាង​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋ​សភា​

media  
ការប្រជុំរបស់រដ្ឋាភិបាល (រូបតំណាង) @សហការី

កិច្ច​ប្រជុំ​រវាង​លោក​​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ បាន​រៀបចំ​ធ្វើ​តាម​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨​សីហា​នេះ នៅ​វិមាន​សន្តិភាព​។ ​កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​ កែ​លម្អ និង​ជំរុញ​ប្រសិទ្ធភាព​ការងារ​​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់។ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះនិង​ផ្ដល់​យោបល់ ដែល​​ចុះបំពេញ​បេសកកម្មបានជិត​៣០០​លើក នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​​​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការងារ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ មាន​ប្រយោជន៍​ជាង​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភានា​ពេល​កន្លង​មក​។ 

បន្ទាប់​ពី​បានធ្វើ​ការ​​តាមដាន​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ លោក​នាយកដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​វាយ​តម្លៃថា ការងារ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ មាន​​ប្រយោជន៍​ដល់​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល ច្រើន​ជាង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​​នា​ពេល​កន្លង​មក​។ នេះ​បើ​តាម​លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ដែល​បាន​ស្រង់​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ដ្រី ប្រាប់​អ្នក​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ពុធ ទី​២៨​សីហា​នេះ​។ មាន​ប្រយោជន៍​ព្រោះបើ​តាម​លោក ឈឹម ផលវរុណ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ចំនួន​១៦​នោះ បាន​ផ្ដល់​ធាតុចូល​និង​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ដល់លោក​នាយករដ្ឋ​មន្ដ្រី​ ដោយ​ពុំ​មាន​ចរិត​កេង​ចំណេញ​នយោបាយ ឬ​វាយ​ប្រហារ​រដ្ឋាភិបាល​ ដូច​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​នា​ពេល​កន្លង​មក​ឡើយ​។

បើ​ទោះ​បី​ជា​ការងារ​របស់​​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះនិង​ផ្ដល់​យោបល់​នា​ពេល​កន្លង​មក មិន​បាន​សម្រេច​លទ្ធផល​១០០​ភាគ​រយ​ក៏​ដោយ ក៏​លោក ឈឹម ផលវរុណ លើក​ឡើង​ថា យន្តការ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​អនុវត្ត​វប្បធម៌​នយោបាយប្រជាធិបតេយ្យ​សេរីពហុបក្ស ការ​គោរព​ភាពចម្រុះ​នៃ​ទស្សនៈ និង​ការ​ទទួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន​។ និង​ថា ភាព​រស់​រវើក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ បាន​ជួយ​កាត់​បន្ថយ​ភាព​អសកម្ម​របស់​មន្ដ្រី​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិបាន​មួយ​កម្រិត​ដែរ​។

សូម​ជម្រាប​ជូន​ថា នេះ​គឺ​ជា​លើក​ទី​២​ហើយ ដែល​​​សមាជិក​ឧត្តម​ក្រុម​​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​បាន​ជួប​ប្រជុំ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយមាន​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ចំនួន​១៦។ ចាប់​តាំង​ពីបង្កើត​ឡើង​រហូត​មក​ទល់​ពេល​នេះ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ បាន​ចុះបំពេញ​បេសកកម្ម​ ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​​បាន​ចំនួន​២៩៥លើក និង​ដាក់​របាយការណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​លេខាធិការដ្ឋាន បាន​ចំនួន​២៥១​របាយការណ៍​។

ជា​ការ​កត់​សម្គាល់ ការងារ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ភាគ​ច្រើន​ផ្ដោត​លើ​ប្រធាន​បទ ទំនាស់​ដី​ធ្លី ការ​រំលោភ​យក​ដី​រដ្ឋ បទ​ល្មើស​ព្រៃ​ឈើ បទ​ល្មើស​ជលផល បញ្ហា​បរិស្ថាន ការ​រំលោភ​អំណាច ការ​ចាក់​លុប​ឆ្នេរ បឹង ព្រែក និង​អូរ​ជា​ដើម​។ ក្រៅ​ពី​បេសកកម្ម​នៅ​តាម​មូលដ្ឋាន ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ ​បាន​ផ្ដល់​ធាតុចូល​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​៩ មុន​ពេល​សេចក្ដីព្រាង​ទាំង​នោះ​ត្រូវ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ដ្រី​។ ក៏​មាន​ផង​ដែរ​ការ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ផ្លាស់​ប្ដូរ​យោបល់ និង​ផ្ដល់​មតិ​ទិតៀន​ក្នុង​ន័យ​ស្ថាបនា ដែល​ក្នុង​រយៈ​ពេល​១២​ខែ​កន្លង​មក​នេះ បាន​ប្រព្រឹត្ត​ធ្វើ​ចំនួន​១០​ដង​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ