អានតួអត្ថបទ
កម្ពុជា-ចិន

លោក ហ៊ុន សែន ប្រកាស​បើក​ទី​ផ្សារ​កម្ពុជា សម្រាប់​វិនិយោគិន​ចិន

អំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេសចិន លោក ហ៊ុន សែន បាន​ប្រកាស​បើក​ទី​ផ្សារ​កម្ពុជា​សម្រា​ប់​​ការ​វិនិយោគ​របស់​ចិន នៅ​ចំពោះ​មុខ​តំណាង​ក្រុម​ហ៊ុន​ចិន​ធំៗ​ចំនួន​៨ នៅ​ថ្ងៃ​ទី១១​ខែ​កញ្ញា ម្សិល​មិញ។ បន្ថែម​ពី​លើ​ការ​ប្រកាស​គៀងគរ​អ្នក​វិនិយោគ​ចិន​ឲ្យ​មក​ដាក់​ទុន​​នៅ​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​អះអាង​ពី​ការ​រក្សា​កុងត្រា​ចាស់​ជាមួយ​ក្រុម​ហ៊ុន​ចិន​​ចំនួន៦ ដែល​កំពុង​តែ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ផង​ដែរ។ 

លោក ហ៊ុន សែន
លោក ហ៊ុន សែន @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​បើក​ចំហរ​ទី​ផ្សារ​សម្រាប់​ការ​វិនិយោគ​របស់​ចិន ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ដាច់​ដោយ​​ឡែក​រវាង លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ក្រុម​ហ៊ុន​ចិន​ចំនួន៨​ ដែល​ជំនួប​នេះ​ធ្វើ​ឡើង​នៅ​ក្រៅ​កិច្ច​ប្រជុំ ពិព័រណ៌​ចិន-អាស៊ាន និង​វេទិកា​ធុរ​កិច្ច​ចិន-អា​ស៊ា​ន​។ ក្រុម​ហ៊ុន​ចិន ដែល​លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​នេះ ភាគ​ច្រើន​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ លើ​វិស័យ​កសិកម្ម កំពង់ផែ ថាមពល និង​វារីអគ្គីស​នីជា​ដើម​។

បន្ថែម​ពី​វិស័យ​ទាំង​នេះ លោក ហ៊ុន សែន បានបង្ហើប​ប្រាប់​ដល់​អ្នក​វិនិយោគ​ចិន​អំពី​កម្ពុ​ជា​​ថា នៅ​មាន​វិស័យ​អាទិភាព​មួយ​ចំនួន ដែល​ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ​ពេញ​លេញនៅ​ឡើ​យ ដោយ​រង់​ចាំ​ការ​វិនិយោគ​ពី​វិនិយោគិន​បរទេស ជា​ពិសេស​អ្នក​វិនិយោគ និងសហគ្រិន​ពី​ប្រទេស​ចិន។ វិស័យ​ទាំង​នោះ​រួមមាន៖ ​កសិកម្ម កសិ​ឧស្សាហកម្ម ហេដ្ឋារចនា​សម្ព័ន្ធ​និង​សំណង់ ឧស្សាហកម្ម​នាំ​ចេញ រ៉ែ​និង​ថាមពល ទេសចរណ៍ និងវិស័យហិរញ្ញ​វត្ថុ​ជា​ដើ​ម​។ នេះ​បើ​តាម​ខ្លឹមសារ​ដែល​មាន​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេសបុក លោក ហ៊ុន សែន ។

 

សូមបញ្ជាក់ថា គិត​ត្រឹម​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុ​ជា​ឡើង​ប្រមាណ ៩០០ លាន​ដុល្លារ​អាមេរិក។ នៅ​ក្នុង​ឋានៈ​នាយករដ្ឋមន្ត្រី​បន្ត​ដឹក​នាំ​កម្ពុ​ជា​​នា​អាណត្តិ​ទី​៦​នេះ លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ប្រាប់​វិនិយោគិន​ចិន​ថា កម្ពុជា​ធានា​បាន​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ដ៏​ល្អ​ប្រសើរ​សម្រាប់​វិនិយោ​គិនបរទេស និង​ជា​ពិសេស វិនិយោគិន​ពី​ប្រទេស​ចិន។ ដូច្នេះ​នៅ​ក្នុង​អាណត្តិ​ទី​៦​នេះ ​គ្មាន​ឡើយ​ការ​លុប​កុង​ត្រា​ចាស់​ណា​មួយ​ពី​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ប្រតិបត្តិការ​រក​ស៊ីនៅ​កម្ពុជា​។ និង​ថា រដ្ឋា​ភិបាល​របស់​លោក​នឹង​បន្ត​ការ​ពារ​នូវ​រាល់​ផល​ប្រយោជន៍​របស់ក្រុម​ចិន​ទាំង​អស់​នៅ​កម្ពុ​ជា​។ នេះ​បើ​តាម​លោក ហ៊ុន សែន ។

បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ចិន​ជួយ​ជំរុញ​ឲ្យ​វិនិយោ​គិនចិន​ដទៃៗ​ទៀត​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​បញ្ហា​សង្គម បាន​រំឮក​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ងាកមក​មើល​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ខេត្តព្រះ​សីហនុ ដែល​ពួក​គេ​យល់​ថា ជា​គំរូ​វិនិយោគ​មួយ​មិន​ល្អ។ ហើយ​រដ្ឋាភិបាល​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការវិនិយោគ​ឬ​អាជីវកម្ម​ណា ដែល​ប៉ះ​ពាល់​ផល​ប្រយោជន៍​ពលរដ្ឋ ប្រពៃណី ទំនៀមទម្លាប់ ជា​ពិសេស​ការ​វិនិយោគ​ផ្នែក​ល្បែង​ស៊ី​សង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ