អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

លោក ហ៊ុន សែន និង អ្នក​ពាក់ព័ន្ធ​ត្រៀម​ជួប​គ្នា​ដើម្បី​មូល​មាត់​ឈាន​ទៅ​អភិរក្ស​ធនធានធម្មជាតិ​រួម​គ្នា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​នឹង​អញ្ជើញ​ចូល​រួម​ក្នុង​វេទិកា​ស្តីពីការ​ការ​ពារ​និង​អភិរក្សធនធាន ធម្មជាតិ នា​វិមាន​សន្តិភាព។ ជា​វេទិការ​ថ្នាក់​ជាតិ​ធ្វើ​ឡើងជា​លើក​ដំបូង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ប្រកាស​ឲ្យ​សកម្មជន​បរិស្ថាន អង្គការ​សង្គម​ស៊ីវិលនិងស្ថាប័ន​រដ្ឋ​ធ្វើ​ការ​រួម​គ្នា​ក្នុង​ទិស​ដៅ​តែ​មួយ​គឺ​ជួយ ការពារ និងអភិរក្ស​ធន​ធាន​ធម្មជាតិ។ បើ​តាម​គម្រោង​វេទិកា​នា​ស្អែក​នេះ​បើក​ឱកាស​ឲ្យ​អ្នក​ចូល​រួមលើក​ជា​សំណូមពរ​និង​កង្វល់​នៅ​ចំពោះ​មុខ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​មូល​មាត់​គ្នា​ក្នុង​ការអភិរក្ស​ធនធាន​ធម្មជាតិ។

រូបតំណាងៈសម្រស់ធម្មជាតិនៅអារ៉ែង ដែលអ្នកទៅដល់ថតបាន។
រូបតំណាងៈសម្រស់ធម្មជាតិនៅអារ៉ែង ដែលអ្នកទៅដល់ថតបាន។ @បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ល្បីៗ​ដែល​ធ្លាប់​ចេញ​មុខ​ការ​ពារ​បរិស្ថាន​តាម​រយៈ​ការ​ អភិរក្ស​ធនធាន​ធម្មជាតិត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​វេទិកា​ ស្ដីពី​ការ​ការ​ពារ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ។

ក្នុង​នោះ​រួមមានៈ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធាន​អង្គការ​ព្រះពុទ្ធ​សាសនា ដើម្បីសន្តិភាព និង​ជា​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម។ ព្រះអង្គ​នឹងនិមន្ត​ចូលរួម​នៅ​ក្នុង​វេទិកា​ដែល​រៀប​ចំ​ឡើង​នា​ស្អែក​នេះ។

ព្រះអង្គ​ចាត់​ទុក​វេទិកា​នេះ​មាន​លក្ខណៈ​នយោ​បាយ​បន្តិច។ ប៉ុន្តែ​ព្រះអង្គ​ចង់​យក​ឱកាស​នេះ​ជជែក​អំពី​បញ្ហា​មួយ​ចំនួន​ទាក់​ទិន​ការ​ បំផ្លិច​បំផ្លាញ​បរិស្ថាន​ធម្មជាតិ​ដ៏​ធ្ងន់​ធ្ងរនៅ​កម្ពុជា​និង​ទាមទារ​ឲ្យ ​មាន​ការ​ប្ដេជ្ញា​ការពារ​បរិស្ថាន​ពី​រដ្ឋមន្ត្រី​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ លើធនធាន​ធម្មជាតិ​និង​ព្រៃ​ឈើ​ ដែល​នៅ​សេស​សល់។

ក្រៅពី​ព្រះអង្គ ប៊ុត ប៊ុនតិញ ក្រសួង​បរិស្ថាន​ក៏​បាន​អញ្ជើញ លោក សួន ប៊ុនសាក់ អគ្គលេខា​ធិការ​គណៈកម្មាធិការ​ប្រព្រឹត្តកម្ម​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​ មនុស្ស​កម្ពុជា។
លោក​ អ៊ូច ឡេង ម្ចាស់​ជ័យលាភី​រង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំ​ឆ្នាំ​២០១៦ និង កញ្ញា ធី សុវណ្ណថា ជាដើម។ ប៉ុន្តែ លោក អ៊ូច ឡេង មិន​បាន​ចូល​រួម​នោះទេ​ព្រោះ​ជាប់​លោក​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។

បន្ថែម​ពី​លើ​នេះ​ទៀត​ក៏​នឹង​មាន​ការ​ចូល​រួម​ពី​ខាង​ភាគី​ស្ថាប័ន​ជាតិ​រួមមានៈ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និង សិល្បៈករ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក សៅ ​សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លើក​ឡើង​ថា ​គ្រប់​អ្នក​ពាក់ព័ន្ធ​ដែល​ចូល​រួម​ក្នុង​វេទិកា​ស្ដីពី​ការ​ការ​ពារ​និង​ អភិរក្ស​ធនធាន​ធម្មជាតិ​ពួកគេ​នឹង​មាន​ឱកាស​ស្ដាប់​ការ​ប្ដេជ្ញា​ចិត្ត​របស់ ​រដ្ឋាភិបាល​ក្នុង​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា។ ហើយ​វេទិកា​នេះ​នឹង​មាន​វគ្គ​សំណួរ​ចម្លើយ​និង​សំណូមពរ​ផ្សេងៗ​ពីអ្នក​ចូល​ រួម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ