អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន និង​មន្ត្រី​សំខាន់ៗ​របស់​កម្ពុជា ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​អតីត​ប្រធានា​ធិប​តី​វៀត​ណាម​មុន​ទៅ​ប្រជុំ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា រួម​ទាំង​មន្ត្រី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​នេះ បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​អតីត​ប្រធានា​ធិបតី​វៀត​ណាម ដែល​ទទួល​មរណៈ​ភាព​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា​។ ដំណើរ​ទៅ​ប្រទេស​វៀត​ណាម​ឥត​ព្រាង​ទុក​របស់​មេដឹក​នាំ​កម្ពុជា នា​ពេល​នេះ​ធ្វើ​ឡើង មុន​គម្រោង​ដែល​បាន​គ្រោង​ទុក​ចេញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហា​សន្និ​បាត​អង្គការ​សហ​ប្រជាជាតិ​។ 

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

មេ​ដឹក​នាំ​កម្ពុជា ដែល​រួម​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក​ស្រី​ឧប​នាយក​រដ្ឋ​មន្ត្រី ម៉ែន សំអន រដ្ឋ​មន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា-ព្រឹទ្ធ​សភា និង​អធិការ​កិច្ច និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ទៅ​ដល់​ប្រទេស​វៀត​ណាម នា​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​នេះ ដើម្បី​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​សព លោក ត្រាន់ ដាយ​ក្វាង ( Tran Dai Quang) អតីត​ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ដែល​បាន​ទទួល​មរណៈ​ភាព កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ ២០១៨​ទៅ​ទី​ក្រុង​ហាណូយ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាម​រយៈ​សារ​លិខិត​រំលែក​ទុក្ខ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ចាត់​ទុក​មរណៈ​ភាព​របស់​លោក ត្រាន់ ដាយ​ក្វាង​នេះ គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង​នៃ​ថ្នាក់​ដឹក​នាំ​ដ៏​ល្អ និង​គួរ​ឲ្យ​កោត​សរសើរ​ម្នាក់​របស់​ប្រទេស​វៀត​ណាម និង​ប្រជាជន​វៀត​ណាម និង​ជា​ការ​បាត់​បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​សមាន​ចិត្ត និង​ការ​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជូន​ចំពោះ​រដ្ឋា​ភិបាល និង​ប្រជាជន​វៀត​ណាម​។

តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ វៀត​ណាម ប្រមុខ​រដ្ឋ​វៀត​ណាម បាន​ទទួល​អនិច្ចកម្ម នៅក្នុង​អាយុ ៦១​ឆ្នាំ ដោយ​សារ​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា នៅ​ក្នុង​មន្ទីរ​ពេទ្យ នា​ទី​ក្រុង​ហា​ណូយ​។ ប្រធានា​ធិបតី​វៀត​ណាម​បាន​លា​ចាក​លោក​ទៅ ដោយ​បន្សល់​នូវ កេរ្តិ៍​ឈ្មោះ ​ជា​មេ​ដឹក​នាំ​ ដែល​បញ្ជា​ឲ្យ​មាន​ការ​បង្រ្កាប ចាប់​ដាក់​ពន្ធនាគារ ក្រុម​ប្រឆាំង ហើយ និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​។ នេះ​បើ​តាម​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​។

ដំណើរ​ទៅ​ប្រទេស​វៀត​ណាម​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ទូ​ទៅ​លើក​ទី​៧៣ នៃ​មហា​សន្និ​បាត​អង្គការ​សហ​ប្រជាជាតិ ដែល​កម្ពុជា​មាន​តួ​នាទី​ដ៏​សំខាន់​ជា​អនុ​ប្រធាន​នៃ​មហា​សន្និ​បាត​។

យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវ​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជាជាតិ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ផ្សេងៗ​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា នៅ​ទីក្រុង​ញូវ​យ៉ក​។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ជា​ថ្មី នៅ​តាម​ទំព័រ​ហ្វេស​ប៊ុក លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ញូវ​យ៉ក​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ