អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន​៖ ស្ថិរ​ភាព​នយោ​បាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច ការ​បើក​ចំហ​សេដ្ឋ​កិច្ច សុទ្ធ​សឹង​ជា​កត្តា​ទាក់​ទាញ​អ្នក​វិនិយោគ​ជប៉ុន​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ដល់​អ្នក​វិនិយោគ​បរទេស​ទាំង​អស់ ជា​ពិសេស​អ្នក​វិនិយោគ​ជប៉ុន ដែល​បាន​ជ្រើស​រើស និង​មាន​បំណង​ជ្រើស​រើស​កម្ពុជា ជា​គោល​ដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់​ផ្តើម អាជីវកម្ម​របស់​ខ្លួន​។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដូច្នេះ បាន​ធ្វើ​ឡើង​ខណៈ​លោក​ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឯ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ពី​មុខ​អ្នក​វិនិយោគ​ជប៉ុន និង​អន្តរជាតិ ជា​ច្រើន​រូប លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ត្រី​មាស​ទី១​ឆ្នាំ២០១៩ គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន មាន​ចំនួន​១៣៧​គម្រោង ក្នុង​នោះ​មាន​ទុន​វិនិយោគ​សរុប​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​ជប៉ុន​ទាំង​នេះ ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ការ​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី​និង​អេឡិច​ត្រូនិក គ្រឿង​បង្គុំ​រថយន្ត និងសម្ភារៈ​បរិក្ខា​បច្ចេកទេស កសិ-ឧស្សាហកម្ម ការកែ​ច្នៃ​ម្ហូប​អាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរ​ពេទ្យ និង​ផ្សារ​ទំនើប​។ នេះ​បើ​តាម​លោក ហ៊ុន សែន។ លោក​បន្ត​ថា​ក្រៅ​ពី​គម្រោង​វិនិយោគ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាង​លើ ក៏​មាន​វត្ត​មាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ​ទាំង​តូច​ប្រមាណ ១៧០០​ក្រុមហ៊ុន ដែល​មាន​សកម្មភាព​ក្នុង​វិស័យ​ធនាគារ អាកាស​ចរណ៍ និង​ភោជនីយ​ដ្ឋាន​ជា​ដើម​។

តាម​រយៈ​សុន្ទរកថា​ចំនួន​៧ទំព័រ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហាញ​ផង​ដែរ ដល់ វិនិយោគិន​ជប៉ុន ពី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៤​របស់​កម្ពុជា និង​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដោយ​បាន​កំណត់​ប្រភេទ​ឧស្សាហកម្ម​ជា​អាទិភាព​ចំនួន​៥​។ ឧស្សាហកម្ម​ជា​អាទិភាព​ទាំង​នោះ​មាន ឧស្សាហកម្ម​ឬ​កម្មន្ត​សាល​ថ្មីៗ សហ​គ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ផលិតកម្ម​កសិ-ឧស្សាហ​កម្ម ដែល​បំរើ​ឲ្យ​ការ​នាំ​ចេញ និង​ទីផ្សារ​ក្នុង​ស្រុក ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់​ដេរ និង​ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឲ្យ​ខ្សែរ​ចង្វាក់​ផលិត​កម្ម​តំបន់ និងមាន​ចរិក​ជា​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​។

ដើម្បី​ជា​សក្ខីភាព​ដល់​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ជប៉ុន និង​បរទេស​ផ្សេង​ទៀត​ចូល​ទៅ​ក្នុង​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ដែរ ពី​ការ​សម្រួល​ពាណិជ្ជកម្ម កាល​ពី​ពេល​កន្លង​ទៅនេះ ដោយ​បាន​ជួយ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ធុរកិច្ច​របស់​អ្នក​វិនិយោគ​សរុប​ប្រមាណ​ជា​៤០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។

ក្រៅ​ពីនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​រំលឹក​ឡើង​វិញ​ដែរ​ពី បរិយាកាស​នយោបាយ និង​សន្តិសុខ​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ថិត​នៅ​ក្នុង​រង្វង់៧% និង​ការ​រួម​ចំណែក​របស់​ជប៉ុន​ក្នុង​ការ​ស្វែង​រក​សន្តិ​ភាព​ដល់​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា ប្រទេស​ជប៉ុន នៅ​ក្នុង​ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ផ្លូវ​ការ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់ឆ្នាំ២០១៨ បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ចំនួន​២,៨​ពាន់​លាន​ដុល្លារ ស្មើ​នឹង​ប្រមាណ​១៥% នៃ​ហិរញ្ញប្បទាន​សរុប​របស់​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់ សម្រាប់​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ