អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​រដ្ឋា​ភិបាល​នឹង​កើន​ពិន្ទុ​ខ្ពស់ អាស្រ័យ​លើ​ការ​អនុវត្ត​ច្បាស់​លាស់ ចំណុច​ចុង​ក្រោយ​នៃ​អភិក្រម​ទាំង​៥​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទី​បំផុត​អភិក្រម​ចំណុច​ចុង​ក្រោយ​របស់​ប្រមុខ​រដ្ឋាភិបាល​គឺ«វះកាត់» ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​លេច​ចេញ​ជា​រូបរាង​ហើយ​នៅ​ដើម​ឆ្នាំ​នេះ តាម​រយៈ​ការ​អនុវត្ត​ទៅ​លើ​មន្ត្រី​មួយ​ចំនួន ដែល ប្រព្រឹត្ត​ផ្ទុយ​នឹង​គោល​ការណ៍​នៃ​អភិក្រម​ទាំង​៥​។ ការ​ប្រកាស​អនុវត្ត​ចំណុច​ចុង​ក្រោយ​នៃ​អភិក្រម​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ដក​ហូត​ពី​តំណែង និង​រង​នូវ​ការ​ស៊ើប​អង្កេត​តាម​ផ្លូវ​ច្បាប់​។ 

អភិក្រមទាំង៥របស់រដ្ឋាភិបាល
អភិក្រមទាំង៥របស់រដ្ឋាភិបាល @RFI
ផ្សាយពាណិជ្ជកម្ម

ជា​ទូទៅ​មន្ត្រី​រាជការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ថ្នាក់​ទាប ដល់​មន្ត្រី​ជាន់​ខ្ពស់​ជា​ពិសេស​នៅ​អាណត្តិ​ទី៦​នេះ សុទ្ធ​តែ​បាន​ទទួល​នូវ​អនុសាសន៍​របស់​ប្រមុខ​រដ្ឋា​ភិបាល​លោក ហ៊ុន សែន នូវ​អភិក្រម​៥ចំណុច រួម​មាន ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យា​បាល និង​ចុង​ក្រោយ​គឺ វះកាត់​។

សម្រាប់​ដំណាក់​កាល​បច្ចុប្បន្ន ចំណុច​ចុង​ក្រោយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​មក​ដល់​ហើយ ហើយ​មាន​សភាព​ក្តៅ​គគុក​និង​សកម្ម​បន្ថែម​ទៀត​។ ការ​កត់​សម្គាល់​ទាំង​នេះ គឺ​បាន​កើត​ឡើង​តាម​រយៈ​ការ​បញ្ឈប់​តំណែង​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គីរី​លោក គឹម ​រស្មី កាល​ពី​ថ្ងៃ​ទី៩​ខែ​កុម្ភៈ ដោយ​សារ​តែ​លោក​បាន​ចែក​ប្រាក់​ទៅ​កូនៗ​របស់​លោក​៥នាក់ សរុប​ចំនួន​កន្លះ​លាន​ដុល្លារ ហើយ​ត្រូវ​គេ​បង្ហោះ​ជា​សាធារណៈ​តាម​បណ្តាញ​ហ្វេស​ប៊ុក​។

មិន​ទាន់​អស់​ចំហាយ​ពី​ខេត្ត​រតន​គីរី​ផង ស្នង​ការ​រង​ខេត្ត​កណ្តាល​មួយ​រូប​គឺ​ឧត្តម​សេនីយ៍​ត្រី ស្រេង សុខា ក៏​ត្រូវ​បាន​បង្ហាញ​តាម​ហ្វេស​ប៊ុក​ដែរ​កាល​ពី​ថ្ងៃ​ទី២៤​ខែកុម្ភៈ នូវ​កម្មវិធី​ភ្ជាប់​ពាក្យ​មួយ​ឯ​ខេត្ត​ព្រៃ​វែង ដោយ​លោក​ជូន​បណ្ណាការ​ទៅ​ខាង​ស្រី​ចំនួន​១០​ម៉ឺន​ដុល្លារ​។ ជាមួយ​គ្នា​នោះ ក្នុង​នាម​សមត្ថកិច្ច​លោក​ស្នង​ការ​រង​ក៏​បាន​បង្ហាញ​នូវ​ក្បាល​ខ្សែរ​ក្រវ៉ាត់​ធ្វើ​អំពី​មាស​ដាំត្បូង​ពេជ្រ​ផង​ដែរ​។

ការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​កក្រើក​កណ្តាល​ក្រុង​ភ្នំពេញ​នា​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក ឃាត់​បាន​មនុស្ស​ជាង​៣០០​នាក់​និង​គ្រឿង​ញៀន​៥០​គីឡូ​ក្រាម ក៏​ត្រូវ​ចាត់​ចូល​ទៅ​ក្នុង​ឆន្ទៈ​នៃ​ការ​វះកាត់​ដ៏​សំខាន់​មួយ​ដែរ​។

ហើយ​ចុង​ក្រោយ​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​ដក​ចេញ​ពី​តំណែង​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ពីរ​រូប គឺ​លោក​ ស៊្រុន ស្រន់ និង​លោក ផៃ ប៊ុនវណ្ណៈ ខណៈ​មេ​បញ្ជាការ​យោធា​ខេត្ត​ទេសចរណ៍​មាត់​សមុទ្រ​នេះ ក៏​រង​នូវ​ការ​ព្រមាន​ដក​ចេញ​ពី​តំណែង​ផង​ដែរ​។ ការ​បណ្តេញ​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ភ្លាមៗ​ពី​តំណែង​ដូច្នេះ​ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ជួប​ប្រជុំ​ប្រចាំ​ឆមាស​ដំបូង​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ការ​ផ្ទុះ​អាវុធ​នៅ​ក្នុង​ទំនាស់​ដីធ្លី​នា​ខេត្ត​ព្រះ​សីហនុ​នេះ ត្រូវ​បាន​លើក​ឡើង​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​។

ជា​រួម គ្រប់​ករណី​ទាំង​អស់ ក្រៅ​ពី​គ្រឿង​ញៀន ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​នេះ គឺ​បាន​និង​កំពុង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ចង្កោម​នៃ​អភិក្រម​ទី៥ ដែល​ត្រូវ​មាន​ការ​វះកាត់​យ៉ាង​ពិត​ប្រាកដ​។ មូល​ហេតុ​អ្វី​?

ទី១ ការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​របស់​មន្ត្រី នៅ​ក្នុង​បរិបទ​សង្គម និង​នយោបាយ​បច្ចុប្បន្ន ពិត​ជា​មិន​គួរ​ទេ ហើយ​រិត​តែ​មិន​គួរ​ទៀត​នៅ​ពេល​អនាគត បើ​ទោះ​ណា​ជា​ទ្រព្យ​សម្បត្តិ​នោះ មាន​ប្រភព​ផ្សេង​ក្រៅពី​ការងារ​រាជ​ការ​ក៏​ដោយ​។ ក្រសែ​ភ្នែក​ពល​រដ្ឋ​ជា​ច្រើន ដែល​មាន​ជីវភាព​លំបាក​នៅ​ឡើយ នឹង​សម្លឹង​មើល​ការ​បង្ហាញ​ប្រកប​ដោយ​ភាព​អស់​សង្ឃឹម ឬ​ក៏​កំហឹង​ក៏​ថា​បាន ហើយ​ទី​បំផុត​បង្ក​ការ​ស្អប់​ខ្ពើម​ដល់​របប​គ្រប់​គ្រង​បច្ចុប្បន្ន​។

ទី២ ការ​បញ្ឈប់​តំណែង​រាជ​ការ ហើយ​បន្ត​ដាក់​ក្នុង​បទ​ស៊ើប​អង្កេត គឺ​ជា​ការ​ព្រមាន ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ឯ​ទៀត ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ជាប់​ជានិច្ច​នូវ​អភិក្រម​ទាំង​៥​ចំណុច ខណៈ​កន្លង​មក​មន្ត្រី​មួយ​ចំនួន​គោរព​បាន​ត្រឹម​ជា​ការ​សម្តែង តែ​មិន​អនុវត្ត​តាម​។

ដោយ​ឡែក​ទាក់​ទង​ទៅ​នឹង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ដ៏​ធំ​នៅ​មជ្ឈ​មណ្ឌល​រ៉ុក​ថ្មីៗ​នេះ​វិញ ក៏​ជា​រឿង​មួយ​ត្រូវ​តែ​មាន​ការ​វះកាត់​ដែរ ហើយ​អាច​ជា​ការ​វះកាត់​យឺត​ពេល​បន្តិច​ក៏ថា​បាន ខណៈ​កន្លែង​កម្សាន្ត​ជា​ច្រើន​រង​ការ​រិះគន់​ជា​យូរ​មក​ហើយ​ថា​ជា​កន្លែង​ចែក​ចាយ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន តែ​មិន​មាន​ការ​បង្ក្រាប​ជាក់​ស្តែង និង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​។

ដូច្នេះ​ដំណាក់​កាល​វះកាត់ គឺ​ជា​ដំណាក់​កាល​ចុង​ក្រោយ​របស់​រដ្ឋា​ភិបាល ដែល​ចាំ​បាច់​ត្រូវ​តែ​ធ្វើ ដើម្បី​ឆ្កឹះ​សាច់​ស្អុយ​ចេញ​ពី​ក្នុង​ខ្លួន​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​លើក​ឡើង​ពី​ការ​ឈឺ​ចាប់​ម្តង​ហើយ​ម្តង​ទៀត នៅ​ពេល​វះកាត់​មន្ត្រី កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ បាន​បញ្ជាក់​បន្ថែម​ថា លោក​ត្រូវ​តែ​យក​គ្រាប់​គ្រួស និង​ខ្សាច់ ចេញ​ពី​ស្បែក​ជើង​ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​។ លោក​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិល​ខូច​ទៀត​ទេ ព្រោះ​លោក​បាន​អប់រំ​ពួក​គេ​ច្រើន​ហើយ​។

លោកថា ដល់​ពេល​នេះ​ខ្លា​ក៏​ត្រូវ​វាយ ពស់​ក៏​ត្រូវ​វាយ កណ្តុរ​ក៏​ត្រូវ​វាយ រុយ​ក៏​ត្រូវ​វាយ អោយ​តែ​បំពាន​លើ​ផល​ប្រយោជន៍​ប្រជាជន​។ តាម​រយៈ​ខ្លឹម​សារ​នេះ ​អ្នក​តាម​ដាន​សង្គម អាច​យល់​បាន​ថា​ចំណាត់​ការ​ចុង​ក្រោយ​នេះ ទំនង​ជា​ត្រូវ​អនុវត្ត​ស្មើ​ភាព​គ្នា​ទៅ​លើ​មន្ត្រី​ទាំង​តូច ទាំង​ធំ ឲ្យ​តែ​ប្រព្រឹត្ត​ខុស ដែល​នេះគឺ​ជា​ការ​ចង់​បាន​របស់​សង្គម​ទាំង​មូល​។

ឈរ​លើ​ហេតុ​ផល​នេះ មន្ត្រី​រាជ​ការ ដែល​ធ្លាប់​មាន​ឥរិយា​បទ និង​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​គួរ​តែ​យល់​ពី​កាលៈទេសៈ​ដែរ​ថា ខ្លោង​ទ្វារ​នៃ​ការ​ប្រព្រឹត្ត​មិន​គប្បី​មើល​ទៅ លែង​បើក​ចំហរ​ទៀត​ហើយ​។ ជា​កត់​សម្គាល់ រឿង​ដក​តំណែង​មន្ត្រី​ខិល​ខូច​ក្តី រឿង​បង្ក្រាប​គ្រឿង​ញៀន នៅ​មណ្ឌល​កំសាន្ត​រ៉ុក​ក្តី តាម​ពិត​ទៅ ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​ទទួល​បាន​ពិន្ទុ​ច្រើន​សន្ធឹក​សន្ធាប់​ពី​សាធារណៈជន តែ​ពិន្ទុ​ដ៏​ខ្ពស់​នេះ​អាច​ធ្លាក់​មក​ទាប​វិញ បើ​មិន​មាន​យន្តការ​អនុវត្ត​ក្តៅ​គគុក​នៅ​កន្លែង​សង្ស័យ​ផ្សេងៗ​ទៀត និង​មិន​អាច​រក​អ្នក​ទទួល​ខុស​ត្រូវ​យក​មក​ដាក់​ទោស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ