រដ្ឋាភិបាលនឹងកើនពិន្ទុខ្ពស់ អាស្រ័យលើការអនុវត្តច្បាស់លាស់ ចំណុចចុងក្រោយនៃអភិក្រមទាំង៥
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៤
ទីបំផុតអភិក្រមចំណុចចុងក្រោយរបស់ប្រមុខរដ្ឋាភិបាលគឺ«វះកាត់» ត្រូវបានគេមើលឃើញថាបានលេចចេញជារូបរាងហើយនៅដើមឆ្នាំនេះ តាមរយៈការអនុវត្តទៅលើមន្ត្រីមួយចំនួន ដែល ប្រព្រឹត្តផ្ទុយនឹងគោលការណ៍នៃអភិក្រមទាំង៥។ ការប្រកាសអនុវត្តចំណុចចុងក្រោយនៃអភិក្រមនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីខិលខូចមួយចំនួនត្រូវបានរដ្ឋាភិបាលដកហូតពីតំណែង និងរងនូវការស៊ើបអង្កេតតាមផ្លូវច្បាប់។
ជាទូទៅមន្ត្រីរាជការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្នាក់ទាប ដល់មន្ត្រីជាន់ខ្ពស់ជាពិសេសនៅអាណត្តិទី៦នេះ សុទ្ធតែបានទទួលនូវអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នូវអភិក្រម៥ចំណុច រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងចុងក្រោយគឺ វះកាត់។
សម្រាប់ដំណាក់កាលបច្ចុប្បន្ន ចំណុចចុងក្រោយនេះ ត្រូវគេមើលឃើញថា បានមកដល់ហើយ ហើយមានសភាពក្តៅគគុកនិងសកម្មបន្ថែមទៀត។ ការកត់សម្គាល់ទាំងនេះ គឺបានកើតឡើងតាមរយៈការបញ្ឈប់តំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីលោក គឹម រស្មី កាលពីថ្ងៃទី៩ខែកុម្ភៈ ដោយសារតែលោកបានចែកប្រាក់ទៅកូនៗរបស់លោក៥នាក់ សរុបចំនួនកន្លះលានដុល្លារ ហើយត្រូវគេបង្ហោះជាសាធារណៈតាមបណ្តាញហ្វេសប៊ុក។
មិនទាន់អស់ចំហាយពីខេត្តរតនគីរីផង ស្នងការរងខេត្តកណ្តាលមួយរូបគឺឧត្តមសេនីយ៍ត្រី ស្រេង សុខា ក៏ត្រូវបានបង្ហាញតាមហ្វេសប៊ុកដែរកាលពីថ្ងៃទី២៤ខែកុម្ភៈ នូវកម្មវិធីភ្ជាប់ពាក្យមួយឯខេត្តព្រៃវែង ដោយលោកជូនបណ្ណាការទៅខាងស្រីចំនួន១០ម៉ឺនដុល្លារ។ ជាមួយគ្នានោះ ក្នុងនាមសមត្ថកិច្ចលោកស្នងការរងក៏បានបង្ហាញនូវក្បាលខ្សែរក្រវ៉ាត់ធ្វើអំពីមាសដាំត្បូងពេជ្រផងដែរ។
ការបង្ក្រាបគ្រឿងញៀនដ៏កក្រើកកណ្តាលក្រុងភ្នំពេញនាមជ្ឈមណ្ឌលកំសាន្តរ៉ុក ឃាត់បានមនុស្សជាង៣០០នាក់និងគ្រឿងញៀន៥០គីឡូក្រាម ក៏ត្រូវចាត់ចូលទៅក្នុងឆន្ទៈនៃការវះកាត់ដ៏សំខាន់មួយដែរ។
ហើយចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យដកចេញពីតំណែងអភិបាលរងខេត្តព្រះសីហនុពីររូប គឺលោក ស៊្រុន ស្រន់ និងលោក ផៃ ប៊ុនវណ្ណៈ ខណៈមេបញ្ជាការយោធាខេត្តទេសចរណ៍មាត់សមុទ្រនេះ ក៏រងនូវការព្រមានដកចេញពីតំណែងផងដែរ។ ការបណ្តេញអភិបាលរងខេត្តព្រះសីហនុភ្លាមៗពីតំណែងដូច្នេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ជួបប្រជុំប្រចាំឆមាសដំបូងជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលការផ្ទុះអាវុធនៅក្នុងទំនាស់ដីធ្លីនាខេត្តព្រះសីហនុនេះ ត្រូវបានលើកឡើងយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំនោះ។
ជារួម គ្រប់ករណីទាំងអស់ ក្រៅពីគ្រឿងញៀន ដែលបានកើតឡើងជាបន្តបន្ទាប់នេះ គឺបាននិងកំពុងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ប៉ុន្តែវាស្ថិតនៅក្នុងចង្កោមនៃអភិក្រមទី៥ ដែលត្រូវមានការវះកាត់យ៉ាងពិតប្រាកដ។ មូលហេតុអ្វី?
ទី១ ការបង្ហាញទ្រព្យសម្បត្តិដោយចេតនារបស់មន្ត្រី នៅក្នុងបរិបទសង្គម និងនយោបាយបច្ចុប្បន្ន ពិតជាមិនគួរទេ ហើយរិតតែមិនគួរទៀតនៅពេលអនាគត បើទោះណាជាទ្រព្យសម្បត្តិនោះ មានប្រភពផ្សេងក្រៅពីការងាររាជការក៏ដោយ។ ក្រសែភ្នែកពលរដ្ឋជាច្រើន ដែលមានជីវភាពលំបាកនៅឡើយ នឹងសម្លឹងមើលការបង្ហាញប្រកបដោយភាពអស់សង្ឃឹម ឬក៏កំហឹងក៏ថាបាន ហើយទីបំផុតបង្កការស្អប់ខ្ពើមដល់របបគ្រប់គ្រងបច្ចុប្បន្ន។
ទី២ ការបញ្ឈប់តំណែងរាជការ ហើយបន្តដាក់ក្នុងបទស៊ើបអង្កេត គឺជាការព្រមាន ដើម្បីជាគំរូដល់មន្ត្រីឯទៀត ឲ្យមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាប់ជានិច្ចនូវអភិក្រមទាំង៥ចំណុច ខណៈកន្លងមកមន្ត្រីមួយចំនួនគោរពបានត្រឹមជាការសម្តែង តែមិនអនុវត្តតាម។
ដោយឡែកទាក់ទងទៅនឹងការបង្ក្រាបការជួញដូរគ្រឿងញៀន ដ៏ធំនៅមជ្ឈមណ្ឌលរ៉ុកថ្មីៗនេះវិញ ក៏ជារឿងមួយត្រូវតែមានការវះកាត់ដែរ ហើយអាចជាការវះកាត់យឺតពេលបន្តិចក៏ថាបាន ខណៈកន្លែងកម្សាន្តជាច្រើនរងការរិះគន់ជាយូរមកហើយថាជាកន្លែងចែកចាយនិងប្រើប្រាស់គ្រឿងញៀន តែមិនមានការបង្ក្រាបជាក់ស្តែង និងមិនមានការទទួលខុសត្រូវ។
ដូច្នេះដំណាក់កាលវះកាត់ គឺជាដំណាក់កាលចុងក្រោយរបស់រដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធ្វើ ដើម្បីឆ្កឹះសាច់ស្អុយចេញពីក្នុងខ្លួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលើកឡើងពីការឈឺចាប់ម្តងហើយម្តងទៀត នៅពេលវះកាត់មន្ត្រី កាលពីថ្ងៃសុក្រកន្លងទៅ បានបញ្ជាក់បន្ថែមថា លោកត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ ចេញពីស្បែកជើងទើបអាចដើរទៅមុខទៀតបាន។ លោកគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះលោកបានអប់រំពួកគេច្រើនហើយ។
លោកថា ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ អោយតែបំពានលើផលប្រយោជន៍ប្រជាជន។ តាមរយៈខ្លឹមសារនេះ អ្នកតាមដានសង្គម អាចយល់បានថាចំណាត់ការចុងក្រោយនេះ ទំនងជាត្រូវអនុវត្តស្មើភាពគ្នាទៅលើមន្ត្រីទាំងតូច ទាំងធំ ឲ្យតែប្រព្រឹត្តខុស ដែលនេះគឺជាការចង់បានរបស់សង្គមទាំងមូល។
ឈរលើហេតុផលនេះ មន្ត្រីរាជការ ដែលធ្លាប់មានឥរិយាបទ និងការប្រព្រឹត្តខុសឆ្គងគួរតែយល់ពីកាលៈទេសៈដែរថា ខ្លោងទ្វារនៃការប្រព្រឹត្តមិនគប្បីមើលទៅ លែងបើកចំហរទៀតហើយ។ ជាកត់សម្គាល់ រឿងដកតំណែងមន្ត្រីខិលខូចក្តី រឿងបង្ក្រាបគ្រឿងញៀន នៅមណ្ឌលកំសាន្តរ៉ុកក្តី តាមពិតទៅ ធ្វើឲ្យរដ្ឋាភិបាលទទួលបានពិន្ទុច្រើនសន្ធឹកសន្ធាប់ពីសាធារណៈជន តែពិន្ទុដ៏ខ្ពស់នេះអាចធ្លាក់មកទាបវិញ បើមិនមានយន្តការអនុវត្តក្តៅគគុកនៅកន្លែងសង្ស័យផ្សេងៗទៀត និងមិនអាចរកអ្នកទទួលខុសត្រូវយកមកដាក់ទោស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ