ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ ចូល​រួម​ទប់​ទល់​រាល់​ឧបាយកល និង​ការ​ប៉ុន​ប៉ង​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភាព​វឹក​វរ​ជា​ថ្មី

media  
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​​កម្ពុជា REUTERS

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន តាម​រយៈ​សារ​លិខិត​ចុះ​ថ្ងៃ​ទី ២១ កញ្ញា នា​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូល​រួម​ក្នុង​ការ​ថែរក្សា​សន្តិភាព ពង្រឹង​ឯកភាព​ជាតិ អនុវត្ត​វប្បធម៌​សន្ទនា។ ជា​ពិសេស​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ទប់​ស្កាត់​រាល់​ឧបាយកល រួម​ទាំង​ការ​ប៉ុន​ប៉ង​គ្រប់​រូប​ភាព​ដែល​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​សភាព​វឹកវរ និង​អស្ថេរភាព។

នៅ​ក្នុង​សារ​លិខិត​ដដែល​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ពី​ជំហរ​របស់​កម្ពុជា ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព ផ្អែក​តាម​គោលការណ៍​គោរព​នីតិរដ្ឋ។ ព្រម​ជាមួយ​នឹង​ការ ប្រកាន់​ខ្ជាប់​របស់​កម្ពុជា​នូវ​គោលការណ៍​ជា​សកល​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។​

លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ចេតនា​ក្នុង​ការ​ទប់​ស្កាត់​រាល់​សកម្មភាព ល្បិច​កិច្ច​កល ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង ការ​អុច​អាល រើស​អើង​ពូជ​សាសន៍ ដែល​អាច​បង្ក​ហិង្សា ការ​បះ​បោរ និង​បំបែក​បំបាក់​សាមគ្គី​ភាព​ជាតិ​ក្រោម​ផ្លាក​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស និង​បរទេស​ដែល​ចង់​ផ្លាស់​ប្តូរ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។ នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃ​ទី ២១ កញ្ញា ដដែល ក៏​បាន​លើក​ឡើង​ផង​ដែរ ការ​រិះ​គន់ មួល​បង្កាច់​រដ្ឋាភិបាល​ដោយ​ឥត​ឈប់​ឈរ ដែល​លោក នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហៅ​ថា​ជា​ការ​ធ្វើ​ឡើង​ដោយ​លំអៀង និង​មើល​លើ​ហេតុការណ៍​តែ​មួយ​ជ្រុង និង​ការ​បន្ត​ទាម​ទារ​លទ្ធិ​ប្រជាធិបតេយ្យ​ផ្ទុយ​នឹង​គោលការណ៍​នីតិរដ្ឋ។

លោក ហ៊ុន សែន បន្ត​ប៉ាន់​ស្មាន​ថា បើ​សកម្មភាព​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ នៅ​តែ​បន្ត​កើត​ឡើង​នោះ វា​អាច​នឹង​បំផ្លិច​បំផ្លាញ​សន្តិភាព​ដែល​កម្ពុជា ទើប​តែ​បាន​ស្គាល់​មិន​ដល់​ទសវត្សរ៍​ផង​នោះ ឲ្យ​រលាយ​សាប​សូន្យ ដូច​ជា​ករណី​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​ដោយ​សារ​តែ​បដិវត្តន៍​ពណ៍ ដែល​ជ្រក​ក្រោម​ស្លាក​លទ្ធិ​ប្រជាធិបតេយ្យ។

ជា​ការ​កត់​សម្គាល់​ការ​ថ្លែង​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នា​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រតិកម្ម​ពី​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល ស្ថាន​ទូត​នានា​ប្រចាំ​នៅ​កម្ពុជា និង​សហគមន៍​អន្តរជាតិ បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ ក្រោយ​ការ​វិវត្តន៍​ស្ថានការណ៍​ចុង​ក្រោយ​ថ្មីៗ​នៅ​កម្ពុជា។ មាន​ជា​អាថ៍ ការ​ចាប់​ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក ការ​បិទ​កាសែត​The Cambodia Daily ដែល​មាន​អាយុ​កាល​ជិត ២៥ ឆ្នាំ និង​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ជា​ដើម។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ទិវា​សន្តិភាព​អន្តរជាតិ ត្រូវ​បាន​ប្រារព្ធ​ទូទាំង​ពិភព​លោក​នៅ​ថ្ងៃ​ទី​២១ កញ្ញា ជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​មាន​ការ​អនុម័ត​ដោយ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៥៥ កាល​ពី​ឆ្នាំ​២០០១ ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា បញ្ឈប់​សង្រ្គាម ជម្រុញ​ឲ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស តំបន់ ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ