អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​លោក​ ហ៊ុន សែន​៖​វារី​អគ្គិសនី​សេសាន​ក្រោម​២ នឹង​បង្កើន​កម្រិត​ឯករាជ្យ​ភាព​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​កម្ពុជា​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ចូល​រួម​បើក​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​វារី​អគ្គិសនី​សេសាន​ក្រោម​២​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ ក្នុង​ពិធី​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​អះ​អាង​ជា​ច្រើន​ពី​ផល​ប្រយោជន៍​នៃ​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ ក្នុង​នោះ លោក​បញ្ជាក់​ថា វារី​អគ្គិសនី​សេសាន​ក្រោម​២ នឹង​បង្កើន​កម្រិត​ឯករាជ្យ​ភាព និង​សន្តិសុខ​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​។ 

រូបភាព​៖ ​លោក ​ហ៊ុន ​សែន ​ក្នុង​ជំនួប​ជា​មួយ​កម្មករ​-​កម្មការិនី​ជាង​២​ម៉ឺន​នាក់​នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​ តាកែវ ​កាល​ពី​ថ្ងៃទី ​០៧ ​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៨ ​។​
រូបភាព​៖ ​លោក ​ហ៊ុន ​សែន ​ក្នុង​ជំនួប​ជា​មួយ​កម្មករ​-​កម្មការិនី​ជាង​២​ម៉ឺន​នាក់​នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​ តាកែវ ​កាល​ពី​ថ្ងៃទី ​០៧ ​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៨ ​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ នឹង​ផ្តល់​ការងារ​និង​មុខ​របរ​ជា​ច្រើន​ដល់​ប្រជាពល​រដ្ឋ ព្រម​ទាំង​ចំណូល​ពន្ធ​ដារ​រដ្ឋ​។ ជាមួយ​គ្នា​នេះ វា​ក៏​នឹង​បង្កើន​កម្រិត​ឯករាជ្យ​ភាព និង​សន្តិ​សុខ​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​កម្ពុជា​ដែល​នឹង​ចូល​រួម​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជាពល​រដ្ឋ​។ សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន វារី​អគ្គិសនី​សេសាន​ក្រោម​២ គឺ​បាន​ចូល​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អនុវត្តន៍​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​គឺ​ទឹក ផ្លូវ ភ្លើង និង​មនុស្ស​។

វារី​អគ្គិសនី​សេសាន​ក្រោម​២ត្រូវ​បាន​ចំណាយ​រយៈ​ពេល​សាង​សង់​ប្រមាណ​១១​ឆ្នាំ ក្នុង​ទុន​វិនិយោគ​៨០០​លាន​ដុល្លារ​អាមេរិក​។ វារី​អគ្គិសនី​នេះ គឺ​កើត​ចេញ​ពី​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​ចិន ក្រុម​ហ៊ុន​លោក​ឧក​ញ៉ា គិត ម៉េង និង​ក្រុម​ហ៊ុន​របស់​វៀត​ណាម​។ ការ​វិនិយោគ​នេះ​តាម​រូបភាព​សាង​សង់-ដំណើរ​ការ-ផ្ទេរ (BOT) មាន​រយៈ​ពេល​សម្បទាន​៤៥​ឆ្នាំ​។ វារី​អគ្គិសនី​សេ​សាន​ក្រោម​២មាន​អានុភាព​៤០០​មេហ្កា​វ៉ាត់ ហើយ​វា​មិន​ត្រឹម​តែ​ផ្គត់​ផ្គង់​ថាមពល​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ប៉ុណ្ណោះ​ទេ ពោល​គឺ​ផ្គត់​ផ្គង់​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ផង​ដែរ​។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​សម្តែង​នូវ​មោទនភាព​ដែល​កម្ពុជា​សម្រេច​បាន​នូវ​វារី​អគ្គិសនី​ផ្តល់​ថាម​ពល​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ​។ លោក​អះអាង​ថា វារី​អគ្គិសនី​សេសាន​ក្រោម​២​នឹង​ដើរ​តួ​នាទី​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ មិន​មែន​វារី​អគ្គិសនី​ចុង​ក្រោយ​នោះ​ទេ គឺ កម្ពុជា​នឹង​ខិត​ខំ​អភិវឌ្ឍ​គម្រោង​វារី​អគ្គិសនី​បន្ថែម​ទៀត ដើម្បី​យក​ថាមពល​មក​ប្រើ​ប្រាស់​។

សូម​បញ្ជាក់​ថា គិត​ទាំង​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ កម្ពុជា​មាន​វារី​អគ្គិសនី​សរុប​ចំនួន​៧​ហើយ គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​នៅ​ក្នុង​ខេត្ត​កោះកុង​ចំនួន​៣​កន្លែង ស្ទឹង​ត្រែង​មួយ កំពត​មួយ កំពង់ស្ពឺ​មួយ និង​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​មាន​មួយ​កន្លែង​។ ដោយ​ឡែក អានុ​ភាព​ប្រភព​អគ្គិសនី​របស់​កម្ពុជា​បាន​កើន​ពី​១៥០​មេហ្គាវ៉ាត់ នៅ​ឆ្នាំ​១៩៩៨ រហូត​ដល់ ២,៦៤៨​មេហ្គាវ៉ាត់​នៅ​ចុង​ឆ្នាំ​២០១៨​នេះ ហើយ​កម្ពុជា​មាន​ប្រព័ន្ធ​បណ្តាញ​ជាតិ​ដែល​មាន​ខ្សែ​បញ្ជូន​តង់​ស្យុង​ខ្ពស់​២,១៤១​គីឡូ​ម៉ែត្រ និង​អនុស្ថានីយ ៣៣​កន្លែង ដែល​អាច​ត​ភ្ជាប់​ប្រភព​អគ្គិសនី​ទាំង​អស់ និង​អាច​បញ្ជូន​ប្រភព​អគ្គិសនី​ទៅ​ឲ្យ​អនុស្ថានីយ​នៅ​តាម​រាជធានី ខេត្ត​ចំនួន​២០​ដោយ​ផ្ទាល់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ស៊ុយ សែម រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ