ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​លោក​ហ៊ុន សែន បង្កើត​ក្រុម​ការងារ​ដោះ​ស្រាយ​បញ្ហា​របស់​សង្គម​ស៊ីវិល ក្រោយ​រង​ការ​រិះ​គន់​ថា​រឹត​ត្បិត​សេរីភាព​

media  
លោកហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា @FB/PM Hun Sen

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ដោះ​ស្រាយ​សំណើ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។ នេះ​បើ​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី០២ ខែ​វិច្ឆិកា​។ ក្រៅ​ពី​ដោះ​ស្រាយ​សំណើ​និង​សំណូមពរ ក្រុម​ការងារ​ថ្មី​នេះ ក៏​មាន​តួនាទី​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដល់​បណ្តា​អង្គការ​សង្គម​ស៊ីវិល​នា​នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ 

ក្រុម​ការងារ​ដោះ​ស្រាយ​សំណើ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ទើប​បង្កើត​ឡើង​នេះ មាន​តួ​នាទី​សំខាន់​បី៖ ទីមួយ រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នា​នា​ដែល​សង្គម​ស៊ីវិល​ជួប​ប្រទះ​។ ទីពីរ ប្រមូល​ព័ត៌មាន​និង​សិក្សា​អំពី​សំណើ​និង​សំណូមពរ​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល រួច​លើក​យោបល់​ជូន​រដ្ឋា​ភិបាល ឬ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បី​ពិនិត្យ​ពិភាក្សា​ដោះ​ស្រាយ​ជា​សមត្ថកិច្ច​។ ទីបី គឺ​ផ្សព្វផ្សាយ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត អំពី​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ច្បាប់​និង​លិខិត​បទ​ដ្ឋាន​គតិ​យុត​នា​នា ដែល​ពាក់​ព័ន្ធ​នឹង​អង្គការ​សង្គម​ស៊ីវិល​។

ជា​ការ​កត់​សម្គាល់ ក្រុម​ការងារ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន រិះគន់​ថា អាជ្ញាធរ​កម្ពុជា ជា​ពិសេស​នៅ​ថ្នាក់​មូលដ្ឋាន បាន​រារាំង​សកម្មភាព​ស្រប​ច្បាប់​របស់​ពួក​គេ បើ​ទោះ​បី​ពួក​គេ​បាន​ជូន​ដំណឹង​ដល់​រដ្ឋបាល​ថ្នាក់​ខេត្ត-ក្រុង មុន​ធ្វើ​សកម្មភាព​ក៏​ដោយ​។

លោក ប៊ុន ហុន រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្មី​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ចោទ​ប្រកាន់​ថា​អាជ្ញាធរ​រឹត​ត្បិត​សេរីភាព​នេះ គឺ​ជា​មូល​ហេតុ​សំខាន់​មួយ​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ក្រុម​ការងារ​ដោះ​ស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។ លោក​ថា ក្រុម​ការងារ​ថ្មី​នេះ នឹង​ទទួល​សំណើ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​រៀប​ចំ​ការ​ប្រជុំ​ដោះ​ស្រាយ​ជាមួយ​គ្នា​តែ​ម្តង ដើម្បី​ឲ្យ​រក​ឲ្យ​ឃើញ​ពី​ឬស​គល់​នៃ​បញ្ហា​។

យ៉ាង​ណា​ក៏​ដោយ លោក​សន ជ័យ ដែល​ជា​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា យល់​ថា ក្រុម​ការងារ​នេះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​រឹត​ត្បិត​សេរីភាព​សង្គម​ស៊ីវិល​បាន​ប្រសើរ​ប៉ុន្មាន​ទេ​។ ដោះ​ស្រាយ​មិន​បាន ព្រោះ​បើ​តាម​លោក​សន ជ័យ សេរីភាព​របស់​សង្គម​ស៊ីវិល​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​រួច​ទៅ​ហើយ​។ ចំណែក​លោក​ព្រាប កុល ដែល​ជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​វិញ ក៏​មិន​ទាន់​ច្បាស់​ថា ក្រុម​ការងារ​ថ្មី​នេះ អាច​នឹង​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែរ​។

ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​នេះ លោក លោក ប៊ុន ហុន រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ស្នើ​ឲ្យ​សង្គម​ស៊ីវិល​រង់​ចាំ​មើល​លទ្ធផល​ជាក់​ស្តែង​ដែល​កើត​ចេញ​ការ​ក្រុម​ការងារ​ថ្មី​នេះ​ជា​មុន​សិន​។ សូម​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ពាន់​៤រយ​៤៦​ហើយ​ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​។ ចំនួន​អង្គការ​សង្គម​ស៊ីវិល​ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ដោយ​ក្នុង​នោះ ក្នុង​មួយ​ខែៗ​អង្គការ​សង្គម​ស៊ីវិល​បាន​កើន​ចំនួន​ដល់​ទៅ​ជាង​២០​ឯណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ប៊ុន​ ហុន​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ