ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

​រឿង​មាតុ​ភូមិ​និវត្តន៍​៖ ​លោក ហ៊ុន សែន យល់​ព្រម​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ប៉ុន្តែ​លក្ខ​ខណ្ឌ​មិន​ត្រូវ​គ្នា​

media  
លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន @សហការី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ៣០ សីហានេះ បាន​ប្រកាស​ទទួល​យក​ការ​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ជុំវិញ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ​នេះ​។ ប៉ុន្តែ​ភាគី​ទាំង​ពីរ​ហាក់​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​លើ​លក្ខ​ខណ្ឌ​នៃ​ការ​ភ្នាល់​នេះ​នៅ​ឡើយ​ទេ​។ 

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នឹង​បណ្តាញ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​កម្ពុជា (Fresh News) កាល​ពី​ព្រឹក​ថ្ងៃទី ៣០ សីហា​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ទទួល​យល់​ព្រម​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​លក្ខ​ខណ្ឌ​ផ្សេង​ពី​លោក សម រង្ស៊ី​។

បើ​តាម​កិច្ច​សម្ភាសន៍​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​យល់​ព្រម​ទទួល​ការ​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ប្រសិន​បើ​លោក សម រង្ស៊ី ជាន់​ទឹក​ដី​ខ្មែរ​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ហើយ លោក​ចាប់​លោក សម រង្ស៊ី មិន​បាន​ក្នុង​រយៈ​ពេល​២៤​ម៉ោង លោក​នឹង​សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ លោក សម រង្ស៊ី មិន​ក្លាហាន​ហ៊ាន​ចូល​មក​កម្ពុជា​វិញ​ទេ នោះ​លោក សម រង្ស៊ី នឹង​ត្រូវ​បញ្ចប់​ជីវិត​នយោ​បាយ និង​រំលាយ​អង្គ​ការ​ចាត់​តាំង​ដែល​លោក សម រង្ស៊ី បាន​បង្កើត​។ តើ លោក សម រង្ស៊ី ហ៊ាន​ឬ​មិន​ហ៊ាន ចំពោះ​ការ​ភ្នាល់​នេះ​?

នេះ​គឺ​ជា​សំណួរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បន្ថែម​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​មិន​គោរព​លើ​ការ​សន្យា​នៃ​ការ​ភ្នាល់​នេះ លោក​នាយក​រដ្ឋ​មន្ត្រី សូម​ឲ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​លើ​លោក ផ្តាច់​ជីវិត​អ្នក​ដែល​មិន​គោរព​ការ​សន្យា និង​ក្រុម​គ្រួសារ​ទាំង​ពូជ​តែ​ម្តង​។ ចំពោះ​ការ​ភ្នាល់​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ធ្វើ​ជា​សាក្សី​។

គួរ​ជំរាប​ជូន​ថា ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​ប្រមុខ​បក្ស​កាន់​អំណាច និង​ប្រមុខ​អតីត​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នេះ គឺ​ផ្តើម​ចេញ​ពី​ការ​ភ្នាល់​របស់​ក្រុម​សមាជិក​អង្គ​ប្រោក​ប្រាជ្ញ​របស់​លោក ខាន់ សុវណ្ណ ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ដាក់​តម្លៃ​១លាន​ដុល្លារ ប្រសិន​បើ​លោក សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​តាម​ការ​ប្រកាស នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាងមុខ។ ការ​ភ្នាល់​នោះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន យល់​ព្រម​ធ្វើ​ជា​សាក្សី​ផង​។ ក៏​ប៉ុន្តែ សម្រាប់​លោក សម រង្ស៊ី វិញ ហាក់​ពុំ​សូវ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ភ្នាល់​ជា​ប្រាក់​នេះ​ទេ។ តាម​រយៈ​ទំព័រ Comment របស់​ខ្លួន លោក សម រង្ស៊ី បាន​សរសេរ​ថា «បើ​យើង​គោរព​ប្រទេស​ជាតិ​របស់​យើង​មែន យើង​មិន​ត្រូវ​ភ្នាល់​គ្នា​ដោយ​ដាក់​លុយ​ទេ ទាក់​ទង​អនាគត​ប្រទេសជាតិ​របស់​យើង»។ យើង​ជា​អ្នក​នយោបាយ មិន​មែន​ជា​អ្នក​លេង​ល្បែង​ស៊ី​សង​ទេ​។ តែ​លោក​អាច​ទទួល​យក​នូវ​ការ​ភ្នាល់​គ្នា​បែប​នេះ​ថា «បើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ជឿ​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​មែន នៅ​ថ្ងៃទី ០៩ វិច្ឆិកា ២០១៩ នេះ​ទេ តើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន យល់​ព្រម​ចុះ​ចេញ​ពី​តំណែង​ភ្លាម​មួយ​រំពេច​ទេ នៅ​ពេល​ដែល​លោក​មក​ជាន់​ទឹក​ដី​ប្រទេស​កម្ពុជា នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាង​មុខ​នេះ​។ បើ​តាម​ទំព័រ​ហ្វេស​បុក​របស់​លោក សម រង្ស៊ី លោក​បាន​ស្នើ​ឲ្យ​ប្រទេស​ចិន ធ្វើ​ជា​សាក្សី​ក្នុង​ការ​ភ្នាល់​គ្នា​នេះ​។

លោក គីន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្ដរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​ភ្នាល់​គ្នា​ដ៏​ធំ​មួយ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា បញ្ហា​នៅ​ត្រង់​ថា លក្ខ​ខណ្ឌ​នៃ​ការ​ភ្នាល់​ហាក់​ដូច​ជា​មិន​ទាន់​ត្រូវ​គ្នា​។ ដូច្នេះ​ដើម្បី​អាច​ដំណើរ​ការ​ភ្នាល់​នេះ​បាន ចាំ​បាច់​អ្នក​នយោបាយ​ទាំង​ពីរ ត្រូវ​និយាយ​គ្នា​ឲ្យ​ត្រូវ​រ៉ូវ​គ្នា​ពី​លក្ខ​ខណ្ឌ​នៃ​ការ​ភ្នាល់​នេះ​សិន​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ