អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ព្រួយ​បារម្ភជា​លើក​ដំបូង​​ពី​ស្ថានការណ៍​នៅ ស៊ីរី និង​ កូរ៉េ​ខាង​ជើង !

លោកនាយករដ្ឋមន្ត្រី ថ្លែងព្រួយ​បារម្ភ​​ជា​លើក​ដំបូង​ ចំពោះ​​ស្ថានការណ៍​នៅប្រទេស​ស៊ីរី និង​ កូរ៉េ​​ខាង​ជើង។ ​ការ​ចេញ​មុខ​បង្ហាញ​ជំហរ​ព្រួយ​បារម្ភ​ ក្នុង​នាមរដ្ឋាភិបាល​​កម្ពុជា ចំពោះ​សង្គ្រាម​​នៅ​បរទេសនេះ​​ គឺក្រោយ​ពីមាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមីនៅ​​ស៊ីរី កាល​ពី​មួយ​សប្តាហ៍​មុន និង​ក្រោយ​ពីមាន​ការ​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េខាង​ជើង​​។ ក្តីព្រួយ​បារម្ភ​របស់​លោក ហ៊ុន សែន នេះ​ គឺបាន​ត្រូវ​លើកឡើង​ នៅ​ក្នុងឱកាស​​បើក​សម្ពោធ​​ព្រឹត្តិការ​ណ៍​អង្គរសង្រ្កាន្ត ឆ្នាំទី៥ នៅ​ខេត្ត​សៀមរាប​ កាលពីព្រឹកមិញ​។  

លោក ហ៊ុន សែន និង​ជំទាវទី១ ក្នុង​ឱកាស​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ លើកទី៥ នៅ​សៀមរាម ថ្ងៃទី​១៤ មេសា ២០១៧
លោក ហ៊ុន សែន និង​ជំទាវទី១ ក្នុង​ឱកាស​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ លើកទី៥ នៅ​សៀមរាម ថ្ងៃទី​១៤ មេសា ២០១៧ @Freshnews
ផ្សាយពាណិជ្ជកម្ម

បើ​ទោះបី​ជា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី សប្បាយ​រីករាយ​ក៏ដោយចុះ​ ក៏​លោក​ប្រមុខ​រដ្ឋាភិបាល ឆ្លៀត​យក​វេទិកា​ ដើម្បីថ្លែង​ក្តីព្រួយ​បារម្ភ​ពីសង្គ្រាម​ដែរ។  លោក​ ហ៊ុន សែន​ ថា​ ក្នុង​ឋានៈ​កម្ពុជា ជា​រដ្ឋសមាជិក​មួយ របស់​អង្គការសហប្រជាជាតិ គឺ​សូមសម្តែង​ការ​ព្រួយ​បារម្ភ​ដ៏ជ្រាល​ជ្រៅ​របស់ខ្លួន ចំពោះ​សភាព​ការណ៍នៅបស្ចិ​មបូព៌ា ជាពិសេស​សភាពការណ៍នៅ​ប្រទេស​ស៊ីរី ហើយ​និងសភាព​​ការណ៍​​នៅ​​កូរ៉េខាងជើង។​ 

បើ​តាម​លោក ហ៊ុន សែន, ជា​គោល​ជំហរ​របស់​កម្ពុជា, រដ្ឋាភិបាល​ខ្មែរ​អំពាវនាវ​ឲ្យមាន​ការ​អត់ធ្មត់ ហើយព្យាយាមដោះស្រាយជម្លោះទាំងអស់​នោះ តាមរយៈនៃការចរចា​គ្នា​។

លោក​ ហ៊ុន សែន ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​អន្តរជាតិ​ផង បាន​បញ្ជាក់ថា​ ទង្វើនៃការ​បាញ់ប្រហារ​ទាំងម៉ីសីលក្តី និងអាវុធគីមីក្តី វាគឺ​ជាសោកដនាកម្ម ហើយកម្ពុជាដែល​ធ្លាប់​ជា​ជន​រង​គ្រោះនៃ​អំពើបែប​នេះ ​គឺពិតជា​បាន​យល់ច្បាស់អំពី​ការ​លំបាករបស់ប្រជាជន នៃ​ប្រទេស​ដែលកំពុង​មានសង្រ្គាមហែក​ហួរ។ ជាមួយ​គ្នា​នេះ លោកនាយករដ្ឋមន្ត្រី​ ក៏​​ឆ្លៀត​បង្កប់​​សារ​នយោបាយ​បន្តិច​ផង ថា​លោក​សង្ឃឹមថា ប្រជាជនកម្ពុជា​ទាំងអស់ នឹង​រួមគ្នា​ជា​មួយ​រូប​​លោក​​ ដើម្បីការពារ​សន្តិភាពឲ្យខាង​តែបាន​។

ជាការ​កត់​សម្គាល់ នេះ​ជាលើកទីមួយហើយ ដែល​លោកប្រមុខ​រដ្ឋាភិបាលខ្មែរ បាន​ចេញ​មុខ​ថ្លែងពី​គោល​ជំហរ​របស់​កម្ពុជា ចំពោះ​វិបត្តិ​នៅ​ស៊ីរី ក្រោយ​ពីមាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​កាលពី​មួយ​អាទិត្យ​មុន​នេះ​ ដែល​គេ​ជឿថា​ជា​ស្នាដៃរបស់​រដ្ឋាភិបាល​លោក បាល់សា អាឡា អាសាដ និង​ដែល​បណ្តាល​មាន​ការ​ស្លាប់​មនុស្ស​​ យ៉ាង​ហោច​ជាង៨០នាក់ ក្នុងនោះ​​មាន​ក្មេង​ប្រមាណ​៣០នាក់​។​ ភ្លាម​ៗ ១ថ្ងៃ​​ក្រោយ​មក អាមេរិក បាន​បាញ់​ម៉ីសសីល​ដាក់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ដើម្បីជា​ការ​ព្រមាន​។ សូម​បញ្ជាក់ថា តាំងពី​សង្គ្រាម​ចាប់​ផ្តើម នៅ​ស៊ីរី​ឆ្នាំ២០១១មក ប្រជាជន​ស៊ីរី​​ យ៉ាង​តិច​៤០ម៉ឺន​នាក់ ដែល​ត្រូ​វបាន​សម្លាប់។

រីឯ​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េខាងជើងវិញ​ ក៏​កំពុងតែ​បង្ក​ការ​ព្រួយ​បារម្ភ​ណាស់​ដែរ ដោយ​សារ​តែ​រដ្ឋាភិបាល​លោក គីម ជុងអ៊ុន បាន​ព្យាយាមបាញ់​​សាកល្បង​គ្រាប់​ម៉ីស​សីល​ជា​ច្រើន​លើក ដោយ​មិន​ស្តាប់​បម្រាប​របស់​អង្គការ​សហប្រជាជាតិ ហើយ​និងមិន​ស្តាប់​​ការ​ដាស់តឿន​របស់​ចិន​និង​អាមេរិក​។ សំណុំ​រឿងនេះ បាន​ធ្វើ​ឲ្យ​ទ័ព​អាមេរិក​ត្រៀមខ្លួនរួច​ជាស្រេច​សម្រាប់​ការ​​វាយប្រហារ ហើយ​បាន​ដាក់​ខែល​ប្រឆាំង​ម៉ីសលីល នៅ​កូរ៉េខាង​ត្បួ​ងនិង​ជប៉ុន ដែល​ជា​សម្ព័ន្ធ​មិត្ត។ ក៏ប៉ុន្តែ​ទោះយ៉ាងណា​ក្តី កូរ៉េ​ខាង​ជើង​របស់​លោក គីម ជុង​អ៊ុន នៅ​តែ​រឹងក្បាល ហើយ​ថា​នឹង​បង្អួត​សាច់​ដុំ​បន្ថែមទៀត ក្នុង​ឱកាស​ខួប​កំណើត​​របស់ជីតា គឺលោក គីម អ៊ីល​ស៊ុង ជា​បិតា​ស្ថាបនិក​​កុំម្មុយនីស្ត​កូរ៉េ​ខាង​ជើង​​៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ