ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
កម្ពុជា

​លោក ​សម ​រង្ស៊ី​៖ ​ករណី​ភ្នាល់​គ្នា​ជាមួយ​លោក ហ៊ុន សែន ​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ​

media លោក ហ៊ុន សែន ចាប់ដៃជាមួយ លោក សម រង្ស៊ី @សហការី

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា បាន​កែ​ប្រែ​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​គ្នា​លើ​ករណី​ដោះ​លែង ឬ មិន​ដោះ​លែងលោក កឹម​ សុខា នៅ​មុន​ថ្ងៃទី ០៣ មីនា។ បើ​តាម​ទំព័រ​ហ្វេស​បុក​របស់​លោក សម រង្ស៊ី ការ​កែ​ប្រែ​លក្ខ​ខណ្ឌ​ជា​ឯកតោ​ភាគី​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ​។ ភ្លាមៗ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហោះ​បទ​ចម្រៀង «ទទាយំឆ្លង» ឌឺ​ដង​ឲ្យ​លោក សម រង្ស៊ី ថា លុយ​ក៏​អស់ ឆ្នាំង​ក៏​ប្រេះ តើ​នឹង​រត់​ទៅ​ជ្រក​ឯណា​។ 

តាម​រយៈ​គណនីយ​ហ្វេស​បុក​ផ្លូវ​ការ​របស់​ខ្លួន កាល​ពី​ថ្ងៃទី ២០ កុម្ភៈ លោក សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា បាន​ដក​ខ្លួន​ចេញ​ពី​ការ​ភ្នាល់​គ្នា​ជាមួយ​លោក ដោយ​សារ​បាន​កែ​ប្រែ​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​គ្នា​។ លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថែម​ទៀត​ថា បាន​ក្រឡាស់​ពាក្យ​សំដី ហើយ​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​គ្នា​នេះ ដោយ​ដាក់​បញ្ចូល​លក្ខខណ្ឌ​ថ្មី​មួយ គឺ​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ ដែល​លក្ខខណ្ឌ​នេះ មិន​មាន​ចែង​នៅ​ក្នុង​ការ​ភ្នាល់​គ្នា​ពី​ដើម​ទីនោះ​ឡើយ​។ បើ​តាម​លោក សម រង្ស៊ី ការ​កែ​ប្រែ​លក្ខខណ្ឌ​ជា​ឯក​តោ​ភាគី ពី​សំណាក់​ភាគី​មួយ ក្នុង​ការ​ភ្នាល់​គ្នា​ណា​មួយ​នេះ ធ្វើ​ឲ្យ​ការ​ភ្នាល់​គ្នា​នោះ ក្លាយ​ទៅ​ជា​មោឃៈ​។ ការ​ប្រកាស​របស់​លោក សម រង្ស៊ី នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​បង្ហាញ​ជំហរ​មិន​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ក្រោយ​ថ្ងៃទី ០៣ មីនា ដែល​ជា​ឱសាន​វាទ​ចុង​ក្រោយ នៃ​ការ​ភ្នាល់​នេះ​ទេ​។

ភ្លាមៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​បទ​ចម្រៀង «ទទា​យំ​ឆ្លង» បែប​ទំនង​ជា​បាន​ឌឺ​ដង​ឲ្យ​លោក សម រង្ស៊ី ថា រត់​លឿន​ម្ល៉េះ? តាម​រយៈ​ទំព័រ​ហ្វេស​បុក នៅ​ថ្ងៃ​ទី ២២ កុម្ភៈ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឌឺ​ដង​លោក សម រង្ស៊ី ថា លុយ​ក៏​អស់ ឆ្នាំង​ក៏​ប្រេះ តើ​នឹង​រត់​ទៅ​ជ្រក​ឯណា​។ ចំណែក​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ថា ការ​ប្រកាស​ឯក​ត្តោ​ភាគី​របស់​លោក សម រង្ស៊ី ទៅ​វិញ​ទេ​។ បើ​តាម​លោក សុខ ឥសាន ការ​ប្រែ​ក្រឡាស់​សំដី​របស់​លោក សម រង្ស៊ី បែប​នេះ​ គឺ​ជា​ការ​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចាញ់​ភ្នាល់​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ ដោយ​សារ​ខ្លាច​ជាប់​ពន្ធនាគារ​។

សូម​រំលឹក​ជូន​ថា កាល​ពី​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៨​កន្លង​ទៅ លោក សម រង្ស៊ី បាន​ផ្តើម​ការ​ភ្នាល់​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​លោក​បាន​ដាក់​លក្ខ​ខណ្ឌ​ថា បើ​លោក កឹម សុខា មិន​ត្រូវ​បាន​លោក ហ៊ុន សែន ដោះ​លែង ត្រឹម​ថ្ងៃ​ទី ០៣ មីនា ទេ លោក​នឹង​ចូល​ឲ្យ​ចាប់​ខ្លួន​។ ប៉ុន្តែ​បើ​លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​វិញ​នោះ លោក ហ៊ុន សែន ត្រូវ​ចុះ​ចេញ​ពី​តំណែង​។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​លោក​ថា ល្បែង​ភ្នាល់​នយោបាយ​ខ្នាត​ធំ​នេះ ត្រូវ​បាន​គេ​ដឹង​លទ្ធផល​ជា​មុន តាំង​ពី​ថ្ងៃ​ចាប់​ផ្តើម​ភ្នាល់​នោះ​មក​ម្ល៉េះ​ថា លោក សម រង្សី នឹង​ចាញ់​នៅ​ក្នុង​ការ​ភ្នាល់​នេះ​។ ប៉ុន្តែ​បើ​តាម​លោក ព្រាប កុល អ្វី​ដែល​គេ​ប្រហែល​មិន​បាន​គិត​ដល់​នោះ គឺ សម រង្សី បាន​លើក​ឡើង​ពី​ការ​ភ្នាល់​គ្នា​នេះ គឺ​ដើម្បី​បាន​ឈ្នះ​ក្នុង​ការ​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​តែ​ប៉ុណ្ណោះ ពិសេស​ទាក់​ទង​ទៅ​នឹង​ដំណើរ​ការ​ត្រួត​ពិនិត្យ EBA របស់​សហ​ភាព​អឺរ៉ុប​ជា​ដើម​។ បើ​តាម​លោក ព្រាប កុល គេ​អាច​ដឹង​ថា លោក សម រង្សី នឹង​មិន​ធ្វើ​តាម​សន្យា​ក្នុង​ការ​ភ្នាល់​នេះ​ទេ ខណៈ​ដែល​ក្រុម​មេធាវី និង​ក្រុម​អ្នក​គាំទ្រ​លោក កឹម សុខា បាន​ថ្កោល​ទោស​ចំពោះ​ការ​យក​សេរីភាព​របស់​លោក កឹម សុខា មក​ធ្វើ​ជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់​គ្នា​នេះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ