អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ​ហ៊ុន ​សែន ​ពន្យុះ​បន្ថែ​ម​ឱ្យ ​លោក​ សម រង្ស៊ី ចូល​មក​ប្រទេស​កម្ពុជា​វិញ​

លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ចូល​រួម​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខ​តំណ​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ និង បើក​ការ​ដ្ឋាន​សាង​សង់​អគារ​ច្រក​ទ្វារ​ព្រំ​ដែន អន្តរ​ជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ក្នុង​ពិធី​នោះ លោក​ហ៊ុន សែន បាន​ថ្លែង​ចំអក​ដាក់​លោក​សម រង្ស៊ី រឿង​ញុះ​ញង់​ឱ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រូប​លោក​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ពន្យុះ​បន្ថែម​ឱ្យ​លោក​សម រង្ស៊ី​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ថែម​ទៀត​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា @SPM page
ផ្សាយពាណិជ្ជកម្ម

ពី​វេទិកា​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្រកាស​ប្រាប់​លោក​សម រង្ស៊ី ឱ្យ​សម្រុក​ចូល​មក​ប្រទេស​កម្ពុជា​វិញ​មក ព្រោះ​លោក​ក៏​កំពុង​តែ​រង់​ចាំ​វត្ត​មាន​របស់​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ផង​ដែរ​។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​សម រង្ស៊ី កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បបួល​ពលករ​ខ្មែរ​នៅ​ទីនោះ​ឱ្យ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ជាមួយ​លោក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ បើ​តាម​លោក​សម រង្ស៊ី ការ​នាំ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​មក​បំផុស​បំផុល​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ស្រុក​រំដោះ​ប្រទេស​កម្ពុជា​ពី​កណ្តាប់​ដៃ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង ក្រុម​គ្រួសារ​។

លោក​អតីត​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ថែម​ទាំង​ហ៊ាន​និយាយ​ដដែល​ជា​ដដែល​ទៀត​ថា ការ​មក​កម្ពុជា​វិញ​នេះ គឺ​មក​ដើម្បី​ចាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន មិន​មែន​មក​ដើម្បី​ឱ្យ​លោក​ហ៊ុន សែន ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​នោះ​ទេ​។ ក៏​ប៉ុន្តែ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ចំអក​ទៅ​វិញ​ថា ការ​ប៉ុន​ប៉ង​របស់​លោក​សម រង្ស៊ី ហាក់​ដូច​ជា​ងាយ​ស្រួល​ពេក​ហើយ​។ លោក​ថា ក្រុម​ប៉ុល​ពត​ដែល​មាន​កង​ទ័ព​ជា​ច្រើន​កង​ពល​ធ្វើ​អ្វី​លោក​មិន​ទាំង​បាន​ផង កុំ​ថា​ឡើយ​ត្រឹម​ក្រុម​លោក​សម រង្ស៊ី​នោះ​។ ដូច្នេះ​ហើយ លោក​ថា លោក​សម រង្ស៊ី គិត​ខុស​ហើយ​ដែល​ចង់​មក​ចាប់​រូប​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា ម្តង​ជា​ពីរ​ម្តង លោក​សម រង្ស៊ី ពី​ក្រៅ​ប្រទេស​តែង​តែ​ប្រកាស​ថា លោក​នឹង​ចូល​មក​ស្រុក​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ដឹក​នាំ​ការ​ផ្លាស់​ប្តូរ​ការ​ដឹក​នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុម​ការងារ​របស់​លោក​សម រង្ស៊ី ក៏​មាន​គម្រោង​រៀប​ចំ​ឱ្យ​មាន​អ្នក​ទៅ​ទទួល​រូប​លោក​នៅ​ព្រលាន​យន្ត​ហោះ​ពេល​លោក​មក​ដល់​ប្រទេស​វិញ​ផង​ដែរ​។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ជា​មុន​ហើយ​កុំ​ឱ្យ​អ្នក​ណា​មក​ពាក់​ព័ន្ធ​ជាមួយ​លោក​សម រង្ស៊ី ក្រែង​លោ​ចូល​ពន្ធ​នាគារ​ជា​មួយ​គ្នា ហើយ​នៅ​ថ្ងៃ​នេះ​ទៀត​សោត លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ណែ​នាំ​ជា​ថ្មី​ដល់​អាជ្ញាធរ​ឱ្យ​ត្រៀម​ចាត់​ការ​ទៅ​តាម​ច្បាប់​ទៅ​លើ​អ្នក​ណា​ដែល​ចង់​ងើប​បះ​បោល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ