ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
កម្ពុជា

​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នឹង​បន្ត​លើក​ពេល ​ដោយ​សារ​មិន​ទាន់​មាន​របៀប​វារៈ​ប្រជុំ​គ្រប់​គ្រាន់​

media  
លោក ផៃ ស៊ីផាន @FN

កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា នៅ​ថ្ងៃ​សុក្រ ខាន​ស្អែក​នេះ នឹង​បន្ត​លើក​ពេល ដោយ​សារ​តែ​មិន​ទាន់​មាន​របៀប​វារៈ​គ្រប់​គ្រាន់​ដើម្បី​បើក​កិច្ច​ប្រជុំ​។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បដិសេធ​ថា ការ​លើក​ពេល​នៃ​កិច្ច​ប្រជុំ​នេះ មិន​មាន​អ្វី​ពាក់​ព័ន្ធ​នឹង​អវត្តមាន​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​អន្តរាគមន៍​ផ្ទាល់​ដើម្បី​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ក្នុង​គ្រោះ​ទឹក​ជំនន់​នេះ​ទេ។ 

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អះអាង​ថា កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី១៦ សីហា ខាង​មុខ​នេះ នឹង​បន្ត​លើក​ពេល ដោយ​សារ​តែ​មិន​ទាន់​មាន​របៀប​វារៈ​គ្រប់​គ្រាន់​ដើម្បី​បើក​កិច្ច​ប្រជុំ​ ខណៈ​ដែល​មន្ត្រី​ផ្សេង​ទៀត​បាន​បង្ហាញ​ភាព​ស្ទាក់​ស្ទើ​។ ដោយ​ឡែក ទាក់​ទង​នឹង​អវត្ត​មាន​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​គ្រា​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន ដូច​ជា ខេត្ត​រតនគីរី និងខេត្ត​ព្រះសីហនុ កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ជា​ដើម​នោះ ត្រូវ​បាន​លោក ផៃ ស៊ីផាន អះអាង​ថា មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​។ បើ​តាម​លោក ផៃ ស៊ីផាន ទោះ​បី​ជា​លោក​នាយក​រដ្ឋ​មន្ត្រី មិន​ទាន់​ចេញ​មុខ​អន្តរាគមន៍​ដោយ​ផ្ទាល់​ក្តី តែ​លោក​បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក ចុះ​បេសកម្ម​ជួយ​សង្គ្រោះ​រួច​ជា​ស្រេច​ទៅ​ហើយ​។ ហើយ​ម្យ៉ាង​ទៀត គ្រោះ​ទឹក​ជំនន់​ដោយ​ទឹក​ភ្លៀង​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ចេញ​មុខ​ដោះ​ស្រាយ​ជា​បន្ទាន់​នោះ​ដែរ​។

គួរ​ជំរាប​ជូន​ថា កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា ធ្លាប់​បាន​លើក​ពេល​ម្តង កាល​ពី​ថ្ងៃ សុក្រ ទី ២៦ ខែ​កក្កដា ចំ​ពេល​អវត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ កាល​ណោះ ​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ឃើញ​ថា មួយ​ផ្នែក​នៃ​ការ​លើក​ពេលនៃ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នោះ ទំនង​ជាលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយ​រយៈ​ពេលសិន មិន​ថា ក្នុង​វេទិកា​សាធារណៈ ឬ​កិច្ច​ប្រជុំ​សម្ងាត់​អ្វី​ឡើយ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​មក​អះ​អាង​ដែរ​ថា ការ​លើក​ពេល​នោះ មិន​ទាក់​ទង​នឹង​បញ្ហា​សុខភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឬ​ហេតុ​ផល​នយោបាយ​ណា​មួយ​ឡើយ​។

​កាលពីថ្ងៃ​ចន្ទ ទី១២ ខែសីហា​ សកម្មជន​និង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន បាន​ជួបជុំគ្នា​ធ្វើ​បាតុ​កម្ម​ ដោយ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ជួយ​សម្រប​សម្រួល​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី មក​កាន់​ប្រទេស​កម្ពុជា​វិញ ដែល​នេះ ទំនង​ជា​សម្ពាធ​ថ្មី​ថែម​ទៀត​មក​លើ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ខណៈ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​បញ្ចប់​នីតិ​វិធី​ឃ្លាំ​មើល​ពី​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា នៅ​ពាក់​កណ្តាល​ខែ​សីហា​នេះ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ព្យួរ​ឬ​មិន​ព្យួរ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ តែ​លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ