ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

លោក ហ៊ុន សែន​ថា​សភា​អឺរ៉ុប​និង​សភា​អាមេរិក​គ្មាន​ឥទ្ធិពល​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ឡើយ

media  
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅថ្ងៃនេះ បាន​អះអាងថា សភា​អាមេរិក និង​សភា​អឺរ៉ុប មិនអាច​រុញឲ្យ​រដ្ឋាភិបាល​របស់ខ្លួន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជាបានទេ​។​ ការ​លើក​ឡើង​បែបនេះ​របស់​លោក ហ៊ុន សែន គឺធ្វើ​ឡើង​បន្ទាប់ពីសភា​របស់​សហ​ភាពអ៊ឺរ៉ុប បាន​អនុម័តសេចក្តី​​សម្រេចមួយ​ឲ្យស្ថាប័ន​អឺរ៉ុប​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​ (EEAS) ​រៀប​ចំ​បញ្ជី​ឈ្មោះ​មន្រ្តី​កម្ពុជា​ទាំង​ឡាយ​​​ណា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​អ្នក​ដែល​រំលោភ​បំពាន​​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា ដើម្បី​​កម្រិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ដែល​ទុក​នៅ​ក្រៅ​ប្រទេស។

ដោយ អ៊ឹង ប៊ុនថន

នៅក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​កីឡាករ​កម្ពុជា នៅថ្ងៃសុក្រ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការ​សម្រេច​របស់​សភា​អាមេរិក​និង​ការ​សម្រេច​របស់​សភាអឺរ៉ុប ថ្មីៗនេះ មិនមាន​ន័យ​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ និង​រដ្ឋាភិបាល​របស់​ប្រទេសអឺរ៉ុប​ផ្សេង​ទៀត​អនុវត្តក្នុង​ន័យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ​។

លោក ហ៊ុន សែន បានអះអាងថា ទណ្ឌកម្ម​សេដ្ឋកិច្ច​មិនមែន​ចេះតែ​ធ្វើតាម​ការ​អំពាវនាវ​របស់ក្រុម​បក្សប្រឆាំង​នោះទេ ដោយថា​ក្រុម​អ្នក​បញ្ជាទិញ​ទំនិញ​ពីកម្ពុជា​បាន​ចុះហត្ថ​លេខា​​រួចរាល់អស់​ហើយ​។

បើតាម​ប្រមុខ​រដ្ឋាភិបាលខ្មែរ សភាអឺរ៉ុប​ធ្លាប់​បាន​ចេញ​សេចក្តី​សម្រេច​លើបញ្ហា​របស់​កម្ពុជា​​ចំនួន​៥ដងហើយ​តាំងពី​ឆ្នាំ២០១៤​មក តែ​លោកថា​រដ្ឋាភិបាល​អឺរ៉ុប​មិន​អនុវត្ត​តាម​ឡើយ។

ចំពោះ​រឿង​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ មានប្រសាសន៍ថា គេត្រូវ​រង់​ចាំមើល​សិន​ថាតើ​រដ្ឋាភិបាល​របស់​ប្រទេស​អឺរ៉ុប​និង​រដ្ឋាភិបាល​របស់លោក ដូណាល់ ត្រាំ អនុវត្តតាម​សំណើ​របស់​សភា​នៃប្រទេស​ទាំងពីរ​នេះនៅ​ពេល​ណា។ ប៉ុន្តែ​លោក​ជឿថា ជា​ទូទៅ តាម​បទពិសោធន៍​កន្លង​មក សភា​របស់​ប្រទេស​លោក​សេរីធំៗ​ទាំងនេះ គឺមាន​ឥទ្ធិពល និងមាន​យន្តការ តាម​ដាន​លើ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញឲ្យ​អនុវត្ត​សេចក្តីសម្រេច​របស់​សភា។​

សូមបញ្ជាក់ថា នៅ​ក្នុងសេចក្តីសម្រេច​ដែល​មាន​កម្រាស់​៦​ទំព័រ សភា​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលនៃប្រទេស​អឺរ៉ុប​ប្រើ​ប្រាស់​នូវ​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​នូវ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធានា​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ជាមួយ​គ្នា​នេះសភា​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ដល់​គណៈកម្មការ​អឺរ៉ុប និង​ស្ថាប័ន​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​(EEAS) ឲ្យ​រៀប​ចំ​បញ្ជី​ឈ្មោះ​មន្រ្តី​កម្ពុជា​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ និង​អ្នក​ដែល​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​​កម្ពុជា ដើម្បី​ឈប់​​ផ្តល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​តែ​ម្តង។

គួរំលឹក​ថា ដំណោះ​ស្រាយ​របស់​សភា​អឺរ៉ុប​នេះ គឺ​ជា​គំនាប​ថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​​កម្ពុជា។ កាល​ពី​ថ្ងៃ​អង្គារ សហភាព​អឺរ៉ុប​បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា ព្រោះ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ មិន​តែ​ប៉ុណ្ណោះ សភា​ដែល​តំណាង​ឲ្យជិត៣០ប្រទេស​នៅ​អឺរ៉ុប​នេះ ក៏​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​លោក​កឹម សុខា ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំង​អស់​ទៅ​លើ​លោក​សម រង្ស៊ី និង​តំណាង​រាស្រ្ត​ដទៃ​ទៀត​ផង​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ