ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
កម្ពុជា

លោក ហ៊ុន សែន ធ្វើដំណើរតាមរថភ្លើងជាលើកដំបូង ក្រោមការលើកបដាសុំអន្តរាគមន៍ពីពលរដ្ឋ

media  
@hunsenprimeministerfb

លោក នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ មេសា នេះ បាន​ធ្វើ​ដំណើរ​តាម​រថ​ភ្លើងពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ជា​លើក​ដំបូង បន្ទាប់​ពី​ខ្សែ​រថ​ភ្លើង​ត្រូវ​បាន​ដាក់​ឲ្យដំណើការ​ជា​ផ្លូវការ​ឡើង​វិញ។ ជា​ការ​កត់​សម្គាល់ ខណៈ​ការ​ធ្វើ​ដំណើរ​តាម​ខ្សែ​រថភ្លើង​របស់លោក​នាយករដ្ឋមន្រ្តី មាន​ប្រជាសហគមន៍​ផ្លូវ​រទេះភ្លើង បាន​នាំ​គ្នា​លើក​បដា ស្នើ​សុំ​ឲ្យ​មានអន្តរាគមន៍។ យ៉ាង​ណា​ក៏​ដោយ ការ​លើក​បដា​របស់​ពលរដ្ឋ​នេះ ត្រូវ​បាន​រារាំង​ដោយ​អាជ្ញធរ​។ 

ប្រជាសហគមន៍​ផ្លូវរទេះ​ភ្លើង លោកស្រី ស្រីស បាន​រៀប​រាប់​ថា​ ប្រជាសហគមន៍​ប្រមាណ​ជា ៥០ នាក់ ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់ មិន​ឲ្យ​លើក​បដា ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី សាង​សង់​ផ្លូវ​បេតុង និង ស្នើ​សុំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

ប្រជា​សហគមន៍​រូប​នេះ បន្ត​ថា ការ​លើក​បដា​នេះ​មិន​គួរ​ត្រូវ​បាន​ហាម​ឃាត់​នោះ​ទេ ព្រោះ​ថា ប្រជា​សហគមន៍ មិន​មាន​បំណង​ធ្វើការ​តវ៉ា​អ្វី​ទេ ពោល​គឺ​គ្រាន់​តែ​ចង់​ឲ្យ​រាជរដ្ឋភិបាល​ពិចារណា​ពន្លឿន​ផ្តល់​នូវ​ប័ណ្ណ​កម្មសិទ្ធ​ដល់​ពួក​គាត់​តែ​ប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត ប្រជា​សហគមន៍ ចង់​ថ្លែង​អំណរគុណ ចំពោះ លោក នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​លប់​ចោលគម្រោង​ផ្លូវ​ល្បឿន​លឿន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ជា​គម្រោង​ដែល​ប្រជាសហគមន៍​អះអាង​ថា នឹង​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​រស់​នៅ​របស់​ពួក​គេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោកស្រី ស្រី​ស ដែល​តំណាង​ឲ្យ​ប្រជាសហគមន៍​ផ្លូវ​រទេះភ្លើង នៅ​តែ​សម្តែង​ក្តី​បារម្ភ​ ខ្លាចក្រែង​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រទេះភ្លើង​នា​ពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​របស់ លោក នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ កាល​ពី​ថ្ងៃ​ទី ២២ មេសា​ បាន​សម្រេច​ដាក់​ឲ្យ​ដំណើការ​ជា​ផ្លូវការ​ខ្សែ​រថភ្លើង​ដឹកអ្នក​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ រយៈ​ពេល​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពោល​ចាប់​ពី​ថ្ងៃ​សុក្រ ដល់ ថ្ងៃ​អាទិត្យ​។ ជា​ខ្សែ​រថ​ភ្លើង​ទី​ពីរ ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៦០​ដល់​ឆ្នាំ​១៩៦៩​ក្នុង​សម័យ​សង្គមរាស្រ្ត​និយម ដែល​មាន​ប្រវែង​២៦៦​គីឡូម៉ែត្រ។

ជាមួយ​គ្នា​នេះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករជ្រើស​រើស​ការ​ធ្វើ​ដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ​តាម​មធ្យោបាយ​ផ្លូវ​ដែក​នេះ​ដែរ ព្រោះ វា​ចំណាយ​ថវិកា​តិច ហើយ​មាន​សុវត្ថិភាព និង​ប្រសិទ្ឋិភាព​ខ្ពស់។

ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ស្ថានីយ៍​អ្នក​ដំណើរ​ពី​ រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ក្នុង ​រយៈ​ចម្ងាយប្រមាណ​ជា ២៦៦ គីឡូម៉ែត្រ ដោយ​មាន​ការ​ឈប់​សំចត​នៅ​ស្ថានីយ៍​ចំនួន​ពីរ​ក្នុង​ខេត្ត​តាកែវ និង កំពត នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ ​ជា ៧ ម៉ោង ទើប​ទៅ​ដល់គោល​ដៅ៕  
អត្ថបទដោយ៖ សរ ពិសី

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ