អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ​ហ៊ុន​ សែន​៖​ ចិន​បង្ហាញ​ជំហរ​ជួយ​ដោះ​ស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​រួម​ទាំង​បញ្ហា​EBA​

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​អះអាង​ថា ​រដ្ឋាភិ​បាល​ចិន​​បាន​បង្ហាញ​ជំហរ​យ៉ាង​មុត​មាំ​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​ដែល​ជួប​ប្រ​ទះ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA)​ ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផង​ដែរ​។ ​ការ​អះ​អាង​បែប​នេះ​​​គឺ​​ក្រោយ​​ពេល​​ជំនួប​​ទ្វេ​​ភាគី​​​រវាង​​​លោក​នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​ ​លោក​ វ៉ាន់​ ហូនីង​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ នៃ​កា​រិយា​ល័យ​នយោបាយ​ និង​ជា​លេខា​ធិការ​នៃ​លេ​ខា​ធិការ​ដ្ឋាន​បក្ស​កុម្មុយ​នី​ស្ត​ចិន​ កាល​ពី​ម្សិល​មិញ​​ នៅ​ទី​ក្រុង​​ប៉េ​កាំង​។​

ជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក វ៉ាន់ ហូនីង
ជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក វ៉ាន់ ហូនីង @SPM page
ផ្សាយពាណិជ្ជកម្ម

ជាការឆ្លើយតបទៅនឹងអ្វីដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើឡើង លោក វ៉ាន់ ហូនីង បានគូសបញ្ជាក់ថា កម្ពុជា គឺ«ជាមិត្តពិត ជាមិត្តដែកថែបរបស់ប្រទេស និងប្រជាជនចិន» ដូច្នេះបើកម្ពុជាជួបបញ្ហាអ្វីចិននឹងជួយដល់ប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត លោកលេខាបក្សកុម្មុយនីស្តចិនរូបនេះ បានបញ្ជាក់ថា ភាគីចិនបានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីកម្ពុជា តែចិនយល់ថាមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗជួយដល់កម្ពុជា។ នេះ​បើតាម​​សំណេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែននៅថ្ងៃអាទិត្យនេះ។

នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ​លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន កាលពីម្សិលមិញ​ នៅទីក្រុង​ប៉េកាំង លោក ហ៊ុន សែន ចង់ឃើញក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅកម្ពុជានៅតែបន្តមានវត្តមាននៅកម្ពុជា ហើយក៏បានស្នើឱ្យរដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនចិនថ្មីផ្សេងទៀតមកបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។

​ចំណែក​ លោក វ៉ាន់ ហូនីង ក៏បានកត់សម្គាល់ពីភាពល្អប្រសើរនៃការវិនិយោគនៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ហើយលោកសន្យាជំរុញឱ្យមានការវិនិយោគបន្ថែមនៅតំបន់នោះ។

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បច្ចុប្បន្នមានរោងចក្រជាង៧០០ ក្នុងចំណោមជាង ១ពាន់រោងចក្រ ដែលជាក្រុមហ៊ុនរបស់ចិន។

លើសពីនេះទៀត លោកប្រមុខរដ្ឋាភិបាលខ្មែរ​បានគូសបញ្ជាក់ថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នេះ ទទួលបានជោគជ័យ ហើយកម្ពុជាបានទទួលនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសពីគំនិតផ្តួចផ្តើមមួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ