អានតួអត្ថបទ
កម្ពុជា

គណបក្ស​កាន់​អំណាច​ចេញ​លិខិត​ក្រើន​រំឭក​ពី​វប្បធម៌​សន្ទនា​ដល់​គណបក្ស​ប្រឆាំង

គណបក្ស​ប្រជាជន​កម្ពុជា​ទើប​បាន​ចេញ​លិខិត​មួយ​ក្រើន​រំឭក​ដល់​មេដឹកនាំ​គណបក្ស​ដៃគូ​សន្ទនា​របស់​ខ្លួន​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​គោរព​តាម​គោលការណ៍​នៃ​វប្បធម៌​សន្ទនា។ ​វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំងពីរ​សុទ្ធ​តែ​ឲ្យ​តម្លៃ​ថា​ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​បាន​ ហើយ​មាន​ឆន្ទនៈ​ថា​នឹង​បន្ត​អនុវត្ត​វប្បធម៌​សន្ទនា​នេះ​ឲ្យ​បាន​យូរ​អង្វែង។

លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ពេលកន្លងមក។
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ពេលកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​៥ ​មេសា ​កន្លង​ទៅ​នេះ​ ជម្រាប​ជូន​ដល់​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ ខេត្ត​របស់​ខ្លួន​ ឲ្យ​តាមដាន​ស្តាប់​និង​កត់ត្រា​ឲ្យ​បាន​ច្បាស់​នូវ​ការ​បំពាន​ដោយ​បន្ត​ជេរ​ប្រមាថ​ មក​លើ​គណបក្ស​និង​ថ្នាក់​ដឹក​នាំ​បក្ស។ ​នៅ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ពី​ពាក្យ​ជេរ​ប្រមាថ​ទាំង​អស់​នោះ​មាន​ដូចជា ​អាក្បាល​យួន​ខ្លួន​ខ្មែរ​ ពួក​កុម្មុយនីស្ត​ផ្តាច់​ការ​ អាយ៉ង​យួន​ ពួក​អាក្បត់​ជាតិ​ ពួក​អាលក់​ជាតិ​ អា​មេចោរ​ និង​ភាសា​ជេរ​ប្រមាថ​ផ្សេង​ទៀត។

លោក​សួស យ៉ារ៉ា ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​ថា​ គណបក្ស​កាន់​អំណាច​ចេញ​លិខិត​នេះ ​គ្រាន់​តែ​ចង់​ក្រើន​រំលឹក​ដល់​ថ្នាក់​ដឹកនាំ​ «គណបក្ស​ដៃ​គូ​សន្ទនា​របស់​ខ្លួន​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បន្ត​គោរព​វប្បធម៌​សន្ទនា​ ដែល​ជា​វប្បធម៌​មួយ​ស្តែង​ពី​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក។ ​លោក​បាន​បន្ត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​ នឹង​ចង់​ឃើញ​វប្បធម៌​សន្ទនា​នេះ​រស់​បាន​យូរ​អង្វែង ​ព្រោះ​វាជា​គ្រោង​ឆ្អឹង​ដ៏​សំខាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​រក​ភាព​រីក​ចម្រើន។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​យ៉ែម ប៉ុញ្ញារិទ្ធិ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ថា​ កន្លង​មក​និង​រហូត​មក​ទល់​នឹង​ពេល​នេះ ​គណបក្ស​សង្រ្គោះ​ជាតិ​តែង​តែ​គោរព​ លើ​វប្បធម៌​សន្ទនា​នេះ​ ហើយ​ក៏​បាន​ប្រាប់​ដល់​សមាជិក​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​នានា​មិន​ត្រូវ​ប្រើ​ពាក្យ​មិន​សមរម្យ​នោះ​ដែរ។​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​សង្កេត​ឃើញ​ថា​មាន​ភាព​អសកម្ម​អ្វី​មួយ​នោះ​ គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ធ្វើ​ការ​រិះគន់​ ក្នុង​ន័យ​ស្ថាបនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ