ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​លោក ​ហ៊ុន ​សែន ​ប្រាប់​និស្សិត​ខ្មែ​រ​នៅ​ចិន​ថា ​ជំនួយ​របស់​ចិន ​គឺដើ​ម្បី​ជួយ​ពង្រឹង​ឯករាជ្យ​ភាព​របស់​កម្ពុជា​

media  
រូបភាព​៖ ​លោក ​ហ៊ុន ​សែន ​(រូបភាពឯកសារ) @facebook

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៤​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​។ បន្ទាប់​ពី​បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង​កាល​ពី​ម្សិល​មិញ លោកហ៊ុន សែន បាន​ជួប​ជាមួយ​ក្រុម​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន​។ គឺ​នៅ​ក្នុង​ជំនួប​នោះ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​អះអាង​ថា ការ​ជួយ​ទាំង​អម្បាល​ម៉ាន​របស់​ចិន គឺ​ដើម្បី​ជួយ​ពង្រឹង​ឯករាជ្យ​ភាព​របស់​កម្ពុជា​។ 

នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​កម្ពុជា​ជិត​៥០០​នាក់​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ការ​ជួយ​របស់​ចិន គឺ​ដើម្បី​ភាព​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច និង ដើម្បី​ពង្រឹង​នូវ​ឯករាជ្យ​ភាព​របស់​កម្ពុជា​បញ្ចៀស​ពី​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​ពី​សំ​ណាក់​បរទេស​មួយ​ចំនួន ដែល​មាន​មហិច្ឆតា​ផ្តួល​រំលំ​លើ​គ្រប់​រូប​ភាព​។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​រិះ​គន់​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដែល​ចោទ​លោក​ថា បាន​កាត់​ដី​ឲ្យ​ចិន​ផង​ដែរ​។ តាម​លោក​នាយក​រដ្ឋ​មន្រ្តី អ្នក​ដែល​ចោទ​ប្រកាន់​នោះ គឺ​មិន​បាន​ជួយ​អ្វី​សោះ​ដល់​កម្ពុជា ខណៈ​ចិន​កំពុង​តែ​វិយោគ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា និង​ចិន បាន​កសាង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​មែន​ទែន នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ តាម​រយៈ​នេះ ចិន​បាន​ជួយ​កម្ពុជា​យ៉ាង​ច្រើន ជា​ពិសេស​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា ហើយ​នៅ​ពេល​នេះ គម្រោង​វិនិ​យោគ និង​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​កម្ពុជា គឺ​ភាគ​ច្រើន​ជា​របស់​ចិន​។ តាម​រដ្ឋា​ភិបាល​កម្ពុជា ចិន​គឺ​មាន​ការ​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ឋ​ផ្លូវ​ថ្នល់ ស្ពាន ស្ពានអាកាស និង​វារី​អគ្គីសនី​ជា​ដើម​។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ចិន​នា​ពេល​នេះ គឺ​ជា​លើក​ទី​៦​ហើយ ដើម្បី​រឹត​ចំណង​មិត្ត​ភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំឡើ​ងថែម​ទៀត​។ លោក​នាយក​រដ្ឋ​មន្រ្តីបា​នអះអាង​ថា ដំណើរ​ទស្សន​កិច្ច​រប​ស់លោក​នៅ​ចិន គឺ​ដើម្បី​កៀង​គរ​រក​កម្ចី​ឥណទាន​សម្រាប់​ការ​ត​បណ្តាញ​ចែក​ចាយ​អគ្គិសនី​ឲ្យ​បាន​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​អគ្គិសនី​កាន់​តែ​ចុះ​ទាប​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ​។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ស្វែង​រក​ទីផ្សារ​ផ្សេងៗ​បន្ថែម​សម្រាប់​ផលិតផល​របស់​កម្ពុជា​។ លោក​ចង់​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ អាហ្វ្រិក​ មជ្ឈិម​បូព៌ា និង​កូរ៉េ ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិត​ផល​កសិកម្ម​កម្ពុជា​បន្ថែម​ពី​លើ​ទីផ្សារ​អាមេរិក និង​សហភាព​អឺរ៉ុប​។ ការ​ស្វែង​រក​ទីផ្សារ​បន្ថែម​នេះ ធ្វើ​ឡើង​ក្រោយ​សហភាព​អឺរ៉ុប​ប្រកាស​យក​ពន្ធ​គយ​លើ​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ