អានតួអត្ថបទ
កម្ពុជា

​អ្នក​ច្បាប់​ថា លោក ហ៊ុន សែន អាច​ប្តឹង​ទារ​ជំងឺ​ចិត្ត​ច្រើន​ជាង ១​លាន​ដុល្លារ​ពី​លោក សម រង្ស៊ី

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ប្តឹង​បង្កក​យក​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី ព្រម​ទាំង​រឹប​អូស​យក​ទី​ស្នាក់​ការ​គណបក្ស​ប្រឆាំង​ផង តាម​រយៈ​ពាក្យ​បណ្តឹង​ជា​ច្រើន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ។ បណ្តឹង​មួយ​ក្នុង​ចំណោម​បណ្តឹង​យ៉ាង​តិច ៨​ដែល​កំពុង​ប្រឆាំង​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កោះ​ហៅ​ដើម​បណ្តឹង គឺ​កញ្ញា​ ធី​ សុវណ្ណថា​ ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​នេះ ដោយ​បាន​បង្កើន​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត ពី ២៥​ម៉ឺន​ដុល្លារ ដល់ ៥០​ម៉ឺន​ដុល្លារ​អាមេរិក​។

រូបភាព​ចាស់៖ លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
រូបភាព​ចាស់៖ លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​ច្បាប់​ខ្លះ​បាន​អះ​អាង​ថា តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​អាច​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី លើស​ពី ១០​លាន​រៀល​នោះ​ទេ​។ ព្រោះ​បើ​យោង​តាម​មាត្រា ៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជាណាចក្រកម្ពុជា​បាន​ចែង​ពី​ការ​បង់​ប្រាក់​ពិន័យ​ត្រឹម​តែ ១០​ម៉ឺន​រៀល​យ៉ាង​តិច និង ១០​លាន​រៀល​យ៉ាង​ច្រើន។ ដូច្នេះ តុលាការ​មិន​អាច​កាត់​ក្តី​លើស​ពី​ការ​ចែង​នៅ​ក្នុង​ច្បាប់​នេះ​ឡើយ​។ ប៉ុន្តែ​ក្រុម​មេធាវី និង​អ្នក​ច្បាប់​រដ្ឋាភិបាល​កម្ពុជា​បាន​អះ​អាង​ថា ទឹក​ប្រាក់​នោះ គ្រាន់​តែ​ជា​ការ​ពិន័យ​ចូល​រដ្ឋ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​គិត​បញ្ចូល​ប្រាក់​សំណង​រដ្ឋប្បវេណី​ដែល​ជា​តម្លៃ​នៃ​ការ​ខូច​ខាត ឬ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ របស់​បុគ្គល​ជា​ដើម​បណ្តឹង​នោះ​ឡើយ។

លោក គី តិច មេធាវី​ការពារ​ក្តី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទាម​ទារ ១​លាន​ដុល្លារ​ពី​លោក សម រង្ស៊ី គឺ​ជា​បណ្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត ដែល​លោក​យល់​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​លោក​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​ឡើង​ថា តាម​ច្បាប់​កម្ពុជា មិន​មាន​ការ​ចែង​ពី​ការ​កំណត់​ប្រាក់​សំណង​ជំងឺ​ចិត្ត​នោះ​ទេ តែ​ការ​កាត់​សេចក្តី​យ៉ាង​ណា​នោះ គឺ​វា​អាស្រ័យ​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅ​ក្រម ដែល​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ផ្អែក​ទៅ​លើ​ទំហំ​នៃ​ការ​ខូច​ខាត ឬ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ភាគី​ជា​ដើម​បណ្តឹង។

យ៉ាង​ណា​ក៏​ដោយ លោក​មេធាវី សុខ សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចាត់​ទុក​ថា បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទាម​ទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លារ​ពី​លោក សម រង្ស៊ី នោះ អាច​ចាត់​ទុក​ថា ជា​បណ្តឹង​ទី ១​ហើយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ឯ​បរទេស ត្រូវ​បាន​តុលាការ​​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​ពី​បទ​បរិហាកេរ្តិ៍​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង អតីត​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា និង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ទៀត កាល​ពី​ចុង​ឆ្នាំ ២០១៦ ពាក់​ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសារ​ព្រំដែន​កម្ពុជា-វៀតណាម។ រហូត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី បាន​រង​បណ្តឹង​ចំនួន​៨​ករណី​ហើយ​។ ហើយ​បណ្តឹង​មួយ​ក្នុង​ចំណោម​បណ្តឹង​យ៉ាង​តិច ៨​ដែល​កំពុង​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ភាគី​ដើម​បណ្តឹង គឺ​កញ្ញា ធី សុវណ្ណថា ទៅ​សាក​សួរ​នៅ​ថ្ងៃ​នេះ​ ដោយ​បាន បង្កើន​ការ​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ពី ២៥​ម៉ឺន​ដុល្លារ ដល់ ៥០​ម៉ឺន​ដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ