អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ហ៊ុន សែន ​ប្តឹង​លោក​ សោ ចាន់ដេត ទារ​១​លាន​ដុល្លារ​រឿង​ជេរ​ប្រមាថ​

មេធាវី​តំណាង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃចន្ទ ទី១៨ មីនា​នេះ បាន​ដាក់​ពាក្យ​ប្តឹង​លោក​សោ ចាន់​ដេត អតីត​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស សម រង្ស៉ី ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ពី​បទ​ជេរ​ប្រមាថ និង​ញុះ​ញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​សោ ចាន់ដេត ចំនួន​ប្រមាណ​១លាន​ដុល្លារ​អាមេរិក​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្តឹង​លោក​សោ ចាន់​ដេត ជា​ផ្លូវ​ការ​ហើយ​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​ព្រមាន​ប្តឹង​កាល​ពី​សប្តាហ៍​មុន​។ កាល​ពី​ថ្ងៃ​ទី១៣ មីនា សប្តាហ៍​មុន លោក​ហ៊ុន សែន បាន​ព្រមាន​ប្តឹង​លោក​សោ ចាន់ដេត ដោយ​ប្រកាស​ថា នឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​មិន​ក្រោម​ពីរ​លាន​ដុល្លារ​អាមេរិក​ឡើយ ដើម្បី​យក​ទៅ​ជួយ​ដល់​កុមារ​កំព្រា​។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ប្តឹង​ដោយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​តែ​ប្រមាណ​៤​ពាន់​លាន​រៀល ឫ​ប្រហែល​១លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

តាម​ពាក្យ​បណ្តឹង​របស់​លោក​មេធាវី​គី តិច គឺ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន​ សែន ប្តឹង​លោក​សោ ចាន់ដេត ពីរ​បទ​ល្មើស គឺ​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ និង​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​។ ការ​ប្តឹង​នេះ កើត​ឡើង​ក្រោយ​ពី​លោក​សោ ចាន់​ដេត តាម​រយៈ​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន បាន​បង្ហោះ​សារ​ជេរ​ប្រមាថ​ដល់​អាយុ​ជីវិត​លោក​ហ៊ុន សែន ជា​បន្ត​បន្ទាប់​។ លោក​មេធាវី​គី តិច បាន​បញ្ជាក់​ថា លោក​មាន​ភស្តុ​តាង​នៃ​ការ​ជេរ​ប្រមាថ​នេះ​ចំនួន​៣២​ទំព័រ​ក្នុង​ដៃ ដើម្បី​ដាក់​ឱ្យ​តុលាការ​ពិនិត្យ និង សម្រេច​។ លោក​មេធាវី​ក៏​បាន​ស្នើ​ឱ្យ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់ និង ផ្តន្ទា​ទោស​ឱ្យ​បាន​ធ្ងន់​ធ្ងរ​បំផុត​ទៅ​លើ​លោក​សោ ចាន់​ដេត​។

លោក​សោ ចាន់ដេត ភ្លាមៗ​ក្រោយ​ពី​មេធាវី​តំណាង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ដាក់​ពាក្យ​ប្តឹង​នេះ បាន​ចេញ​មុខ​មក​ប្រតិកម្ម​តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក។ ភ្ជាប់​ជា​មួយ​រូប​ភាព​កំពុង​ចាប់​នំ​បញ្ចុក​ដាក់​ចាន​នៅ​ក្រៅ​ប្រទេស លោក​សោ ចាន់​ដេត បាន​បង្ហោះ​សារ​បែប​ឌឺដង​ថា "លក់​នំ​បញ្ចុក​ យក​លុយ​ឲ្យ​លោក​ ហ៊ុន​ សែន​ ទិញ​ថ្នាំ"។

បើ​ទោះ​បី​នៅ​ពេល​នេះ លោក​សោ ចាន់​ដេត​កំពុង​ស្ថិន​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ធ្លាប់​បាន​អះ​អាង​ហើយ​ថា លោក​នឹង​ប្តឹង​ឱ្យ​តុលាការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ទាំង​អស់របស់លោកសោ ចាន់ដេត​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​នានារក​មើល​ទ្រព្យសម្បត្តិ​របស់​លោកសោ ចាន់ដេត ដើម្បីទុកឱ្យ​តុលាការ​កាត់ក្តី​រឹបអូស​ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ