អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ​ព្រមាន​ប្តឹង​ទារ​២​លាន​ដុល្លារ​លើ​អ្នក​ដែល​ជេរ​ប្រមាថ​ជីវិត​លោក​តាម​ហ្វេស​ប៊ុក​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ព្រមាន​មិន​លើក​លែង​ដល់​អ្នក​ដែល​ជេរ​ប្រមាថ​ដល់​អាយុ​ជីវិត​របស់​លោក​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។ ក្នុង​ជំនួប​ជា​មួយ​ក្រុម​កម្មករ-កម្មការិនី ជាង​១ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​កោះកុង លោក​ហ៊ុន សែន គ្រោង​នឹង​ប្តឹង​អ្នក​ជេរ​ប្រមាថ​ជីវិត​របស់​លោក​ដោយ​នឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​មិន​តិច​ជាង​២លាន​ដុល្លារ​នោះ​ទេ​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

ពី​ខេត្ត​កោះ​កុង លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះអាង​ឱ្យ​ដឹង​ថា លោក​កំពុង​ឱ្យ​មាន​ក្រុម​មេធាវី​របស់​លោក​សិក្សា និង ពិចារណា​ចំពោះ​អ្នក​ដែល​តែង​តែ​ជេរ​ប្រមាថ​កាត​ទាន​ដល់​អាយុ​ជីវិត​របស់​លោក ដើម្បី​រៀប​ចំ​ប្តឹង​ទៅ​កាន់​តុលា​ការ​។ លោក​នាយក​រដ្ឋ​មន្រ្តី​ចង់​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី​រូប​អ្នក​ជេរ​ប្រមាថ​ជីវិត​របស់​លោក​នោះ មិន​តិច​ជាង​២ ដុល្លារ​អាមេរិក​ឡើយ ដោយ​មិន​ប្តឹង​យក​១០០​រៀល​ដូច​លើក​មុន​ទៀត​នោះ​ទេ​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន គឺ​លោក​នឹង​យក​ថវិកា​ទាំង​អស់​នោះ​ទៅ​ជួយ​ដល់​កុមារ​កំព្រា​។

បើ​ទោះ​បី​មិន​បញ្ចេញ​ឱ្យ​ចំ​ឈ្មោះ ប៉ុន្តែ​លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ទំនង​ជា​ចង់​សំដៅ​ទៅ​លើ​ក្រុម​លោក​សម រង្ស៊ី​។ ក្រុម​លោក​សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស និង​កំពុង​ធ្វើ​សកម្មភាព​គៀង​គរ​ឱ្យ​អន្តរ​ជាតិ​ដាក់​គំនាប និង​ទណ្ឌ​កម្ម​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។ ប៉ុន្តែ​សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បើ​ទោះ​បី​អ្នក​ជេរ​ប្រមាថ​ដល់​អាយុ​ជីវិត​របស់​លោក​កំពុង​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ គឺ​លោក​នឹង​ប្តឹង​ឱ្យ​តុលាការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​នានារក​មើល​ទ្រព្យសម្បត្តិ​របស់​អ្នកជេរប្រមាថដល់អាយុជីវិតរបស់លោក ដើម្បីទុកឱ្យ​តុលាការ​កាត់ក្តី​រឹបអូស​ថែមទៀត។

មក​ដល់​ពេល​នេះ ក្រុម​មេធាវី​របស់​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន បាន​ប្រមូល​ភស្តុតាង​នៃ​ការ​ជេរ​ប្រមាថ​ដល់​អាយុ​ជីវិត​ពី​សំណាក់​ក្រុម​លោក​សម រង្ស៊ី ចំនួន​៣២​សារ​ហើយ​។ ចំពោះ​លោក​នាយក​រដ្ឋ​មន្រ្តី ក្រុម​លោក​សម រង្ស៊ី ធ្វើ​នយោបាយ​អ្វី​មិន​កើត បែរ​ជា​មក​ធ្វើ​នយោបាយ​បន់​ឱ្យ​គេ​ស្លាប់ ឫ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​។ នយោបាយ​បែប​នេះ គឺ​មិន​មែន​ជា​នយោបាយ​បង្រួប​បង្រួម​ជាតិ​នោះ​ឡើយ​។ នេះ​បើ​តាម​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​។

ក្រៅ​ពី​ព្រមាន​ប្តឹង​ក្រុម​លោក​សម រង្ស៊ី ពី​រឿង​បង្ហោះ​សារ​ជេរ​ប្រមាថ​ដល់​អាយុ​ជីវិត​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ក៏​បាន​ប្រាប់​ទៅ​ដល់​ក្រុម​កម្មករ កម្មការិនី​នៅ​ខេត្ត​កោះកុង​កុំ​ឱ្យ​ខ្វាយ​ខ្វល់​នឹង​ការ​ឃោសនា​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​ទាក់​ទង​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ពី​សហភាព​អឺរ៉ុប​។ សម្រាប់​លោក​ហ៊ុន សែន កម្មករ កម្មការី​នី​គ្មាន​ភាព​ចាំ​បាច់​ត្រូវ​ទៅ​ភ័យ​ព្រួយ​នឹង​រឿង​នេះ​ទេ ព្រោះ​ពួក​គេ​កំពុង​តែ​មាន​ការងារ​ធ្វើ និង​មាន​ប្រាក់​ចំណូល​ដូច​ធម្មតា​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ