ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

​ក្រោយ​ស្ងាត់​មួយ​រយៈ លោក ហ៊ុន សែន ​ចេញ​មុខ​ប្រតិកម្ម​ខ្លាំងៗ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​លោក សម រង្ស៊ី​

media  
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB

ក្រោយ​ពី​បាត់​មុខ​ជា​សាធារណៈ​មួយ​រយៈ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​បង្ហាញ​មុខ​ជា​ថ្មី ដើម្បី​ចូល​រួម​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាលា «ប៊ែល​ធី​អន្តរ​ជាតិ»។ ឆ្លៀត​ឱកាស​នេះ លោក ហ៊ុន សែន បាន​ធ្វើ​ការ​ឆ្លើយ​តប​ខ្លាំងៗ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​លោក សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​ការ​អប់រំ​នៅ​កម្ពុជា​ក៏​ដូច​ជា បញ្ហា​សញ្ញា​បត្រ​សាលា West Point និង គម្រោង​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ ខែ​វិច្ឆិកា។ 

បញ្ហា​ដំបូង​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​លើក​មក​និយាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គឺ​បញ្ហា​សញ្ញា​បត្រ​សាលា​បណ្ឌិត​យោធា West Point ដែល​កូន​ប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ទទួល​បាន​។ សញ្ញា​បត្រ​នេះ ត្រូវ​បាន​លោក សម រង្ស៊ី វាយ​ប្រហារ​ថា លោក ហ៊ុន ម៉ាណែត ទទួល​បាន​នូវ​ប្រភេទ​ទី២ ដែល​ជា​ប្រភេទ​សញ្ញា​បត្រ​ការ​ទូត ឫ​លោក​ចាត់​ទុក​ថា ជា​សញ្ញា​បត្រ​ក្លែង​ក្លាយ​សម្រាប់​និស្សិត​បរទេស​។ លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​លើក​ឡើង​នេះ ថា​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​មក​ជាតិ​សាសន៍​ខ្លួន​ឯង និង បាន​ទាម​ទារ​ឱ្យ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ​ចេញ​មក​បញ្ជាក់​ពី​រឿង​នេះ ព្រោះ​ថា មាន​តែ​រដ្ឋា​ភិបាល​អាមេរិក​ទេ ដែល​អាច​បញ្ជាក់​ពី​តម្លៃ​នៃ​សញ្ញា​បត្រ​ដែល​លោក ហ៊ុន ម៉ាណែត ទទួល​បាន​ពី​សាលា West Point នេះ​បាន​។

ក្រៅ​ពី​បញ្ហា​សញ្ញា​បត្រ​នេះ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ប្រតិកម្ម​ខ្លាំងៗ​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​គម្រោង​ចូល​ស្រុក​វិញ​របស់​លោក​សម រង្ស៊ី នៅថ្ងៃទី០៩ វិច្ឆិកា​។ ថ្ងៃទី០៩ វិច្ឆិកា ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ។ លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ច្បាស់ៗ​ថា បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ គឺ​នៅ​តែ​ធ្វើ​ឡើង​ដដែល​បើ​ទោះ​ស្ថាន​ភាព​ទឹក​យ៉ាង​ណា​ក៏​ដោយ​។ លោក​ក៏​បាន​ប្រកាស​ឱ្យ​រៀប​ចំ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ និង បុណ្យ​អុំទូក​ភ្ជាប់​គ្នា​តែ​ម្តង​។ មិន​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​បាន​ប្រកាស​ឱ្យ​យក​ថ្ងៃទី០៩ វិច្ឆិកា ដើម្បី​បរិភោគ​អំបុក​រួម​គ្នា​ថែម​ទៀត​ដែល​លោក​ប្រសិទ្ធ​នាម​ឱ្យ​ថា«អំបុក​ការពារ​ជាតិ ការពារ​សាសនា និង ព្រះ​មហា​ក្សត្រ»​។

ដោយ​ឡែក ពាក់​ព័ន្ធ​នឹង​ដីកា​ចាប់​ខ្លួន​លោក​សម រង្ស៊ីវិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះអាង​ថា បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​រួច​រាល់​ហើយ​។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ក៏​បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា សកម្ម​ភាព​ទាំង​ឡាយ​របស់​លោក​សម រង្ស៊ី មិន​មែន​ជា​ការ​បញ្ចេញ​មតិ​ទេ តែ​គឺ​ជា​ទង្វើ​ធ្វើ​រដ្ឋ​ប្រហារ​របប​រាជា​និយម និង​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​។

ជាមួយ​ការ​លើក​ឡើង​បែប​នេះ លោក​ហ៊ុន សែន ក៏​បាន​ពន្យុះ​ឱ្យ​លោក​សម រង្ស៊ី និង បក្ខ​ពួក​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ វិច្ឆិកា​ឱ្យ​ដូច​ការ​គ្រោង​មក នឹង​អាល​លោក​បាន​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។ ទោះ​ជា​ព្រមាន​លោក​សម រង្ស៊ី បែប​នេះ តែ​លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ផ្តាំ​ទៅ​កាន់​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង និង ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ចូល​រួម​គាំទ្រ​សកម្មភាព​របស់​លោក សម រង្ស៊ី ឱ្យ​សោះ ព្រោះ​ជា​ទង្វើ​ក្បត់​ជាតិ​ដែល​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ