អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន គំរាម​បញ្ចេញ​ទ័ព​ទប់​ស្កាត់​អ្នក​គាំទ្រ លោក សម រង្ស៊ី នៅ​ពេល​មក​ដល់​កម្ពុជា​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឆ្លើយ​តប​ទៅ​កាន់ លោក សម រង្ស៊ី ដែល​ប្រកាស​វិល​មកកម្ពុជា​វិញ​នៅថ្ងៃ៩​វិច្ឆិកា​ខាងមុខ។ ជាមួយគ្នា​នោះ លោក ហ៊ុន សែន បាន​ព្រមាន​ថា​នឹង​បញ្ចេញ​កម្លាំង​ទ័ព ហើយ​អនុញ្ញាតឲ្យ​ប្រើ​អាវុធទំនើបៗ ដើម្បីទប់​ស្កាត់​គ្រប់​សកម្ម​ភាព ​ដែលគាំទ្រ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ខណៈលោក​បញ្ជាឲ្យបន្ត​​ចាប់​ខ្លួន​សកម្មជន​បក្សប្រឆាំង​​ដោយ​មិន​បន្ធូរដៃ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @Internet
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការ​គាំទ្រ ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញគឺ​ជា«​ទង្វើរដ្ឋ​ប្រហារ» បានឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ ដែល​ចាំ​បាច់​ត្រូវ​ប្រើ​កម្លាំង​ទ័ព បន្ថែមពីលើ​កម្លាំង​នគរបាល ​ដើម្បី​ទប់​ស្កាត់​កុំឲ្យ​ផែនការនោះបានសម្រេច។

បើតាម លោក ហ៊ុន សែន ការ​ដែល​លោក សម រង្ស៊ី ប្រកាសថា​ខ្លួន​នឹង​ផ្តល់​ថវិកា​ដល់​កងទ័ព​ដែល​ព្រម​ចុះ​ចូល​ជាមួយ​បក្ស​ប្រឆាំង​នោះ គឺ​ជាហេតុ​ផល​មួយ​ដែល​លោក​ត្រូវ​បញ្ចេញ​​កម្លាំង​ទ័ព​ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​អាវុធទំនើបៗ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​គាំទ្រ​​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូបនេះ​។

លើសពីនេះទៀត ប្រមុខ​រដ្ឋាភិបាល បានបញ្ជាឲ្យ​បន្ត​តាម​ចាប់​ខ្លួន​អ្នក​ដែល​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​គាំទ្រ ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ដោយលោក ហ៊ុន សែន ចាត់ទុកថា ជាអំពើក្បត់ដែល​ត្រូវ​ចាប់​ខ្លួន​មកកាត់​ទោសឲ្យបានធ្ងន់​ធ្ងរ។

ជាមួយគ្នានោះ លោកក៏បានលើកឡើងផងដែរ ករណីចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ថ្មី​ៗនេះ ដែល​រត់​ពីខេត្ត​ត្បូង​ឃ្មុំ​ទៅ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត។ លោក ហ៊ុន សែន ព្រមានទៀតថា ​ចំពោះសកម្មជន​បក្ស​ប្រឆាំង​ដែលភៀស​ខ្លួនទៅដល់​​ប្រទេសថៃក៏អាចនឹងចាប់​ខ្លួន​បញ្ជួនមកវិញបានដែរ​តាម​ការ​កិច្ចព្រម​ព្រៀង​​បស្យាប័ន។

សូមបញ្ជាក់ថា មក​ដល់​ពេល​នេះគឺមានសកម្មជន​បក្សប្រឆាំងជាង​៣០នាក់​ហើយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​ក្រោម​ការ​ចោទ​ប្រកាន់ថា «រួមគំនិត​ក្បត់» បន្ទាប់ពី​ពួកគេ​ប្រកាស​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅថ្ងៃ​៩វិច្ឆិកា ចំថ្ងៃ​បុណ្យឯករាជ្យជាតិ។

ចំណែក លោក សម រង្ស៊ី វិញ ក្នុង​សារ​នយោបាយ​ចុង​ក្រោយ​ថ្ងៃទី៥​តុលា លោក បានចោទ លោក ហ៊ុន សែន ថា​កំពុង​តែ​ក្បត់​ពាក្យ​បណ្តាំ​របស់​លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្តាំ ទាំង​លោក ស ខេង ទាំង​រូប​លោក សម រង្ស៊ី ឲ្យ​បង្រួប​បង្រួម​អ្នក​ស្នេហា​ជាតិ​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ ទទួល​បាន​សេច​ក្តី​សុខ និង​ភាព​រុង​រឿង​។ ក៏​ប៉ុន្តែ លោក ហ៊ុន សែន ចូល​ចិត្ត​តែ​ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រជា​រាស្ត្រ​ខ្លួន​ឯង ដោយ គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ចង់​លើក​បន្តុប​កូន​បង្កើត​ដោយ​រំលង​ឥស្សរ​ជន​ចាស់​ទុំ​ជា​ច្រើន ក្នុង​ជួរ​គណ​បក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​ហ្វេស​ប៊ុក លោក សម រង្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ