អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ​ចេញ​ទៅ​ជប៉ុន​នៅ​ថ្ងៃ​នេះ ខណៈ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​គ្រោង​ស្វាគមន៍​លោក​ដោយ​បាតុកម្ម​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្តី​ពី​អនាគត​របស់​អាស៊ី​នៅ​ក្នុង​ទីក្រុង​តូក្យូ​។ ប៉ុន្តែ ការ​ទៅ​ប្រទេស​ជប៉ុន​លើក​នេះ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​ពី​សំណាក់​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ទីនោះ​។ ក្រុម​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​គ្រោង​នឹង​រៀប​ចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា​។ 

លោក ហ៊ុន សែន ក្នុងការអញ្ជើញទៅក្រៅប្រទេសកាលពីពេលកន្លងទៅ (រូបភាពឯកសារ)
លោក ហ៊ុន សែន ក្នុងការអញ្ជើញទៅក្រៅប្រទេសកាលពីពេលកន្លងទៅ (រូបភាពឯកសារ) @SPM page
ផ្សាយពាណិជ្ជកម្ម

គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្ត​មាន​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ពី​សំណាក់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នេះ នឹង​ធ្វើ​ឡើង​នៅ​៣ទីតាំង​ផ្សេងៗ​គ្នា​។ ទីមួយ គឺ​នៅ​ពីមុខ​ទីតាំង​រៀប​ចំ​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្តី​ពី​អនាគត​របស់​អាស៊ី​នេះ​ផ្ទាល់​តែ​ម្តង​។ ទីពីរ ធ្វើ​ឡើង​នៅ​ពី​មុខ​ក្រសួង​ការបរទេស និង ទីបី នៅ​ពីមុខ​រដ្ឋ​សភា​ជាតិ​របស់​ជប៉ុន​។

លោក​ហៃ វណ្ណា ប្រធាន​ចលនា​យុវជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ ដើម្បី​បង្ហាញ​ថា​អ្នក​គាំទ្រ​អតីត​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​មិន​ទទួល​ស្គាល់​លោក​ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា​ទេ​។ លោក​បាន​គូស​បញ្ជាក់​ថា ការ​មិន​ទទួល​ស្គាល់​នេះ គឺ​ដោយ​សារ​តែ​លោក​ហ៊ុន សែន ឡើង​ជា​នាយក​រដ្ឋ​មន្រ្តី​តាម​រយៈ​ការ​បោះឆ្នោត​ដែល​លោក​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ​កាល​ពី​ថ្ងៃ​ទី២៩​ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​។

ឆ្លើយ​តប​នឹង​គម្រោង​រៀប​ចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ហ៊ុន សែន នៅ​ជប៉ុន​នេះ លោក​សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​ភ្ញៀវ​របស់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​។ ដូច្នេះ​ហើយ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ណា​មួយ​នឹង​ត្រូវ​សមត្ថកិច្ច​ជប៉ុន​ចាត់​ការ​ហើយ​។

សូម​ជំរាប​ជូន​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នឹង​ចំណាយ​ពេល​៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃ​ទី២៨​រហូត​ដល់​ទី៣១ ឧសភា ដើម្បី​ចូល​រួម​សន្និសីទ​អន្តរ​ជាតិ​លើក​ទី២៥​ស្តី​ពី​អនាគត​របស់​អាស៊ី​។ ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជាមួយ​នាយក​រដ្ឋ​មន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ ផង​ដែរ​។ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​ចំនួន​២ គឺ ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ដែល​មាន​ការ​សាង​សង់​ស្ថានីយ​កុង​តឺណឺ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​យ៉េន និង ការ​អនុវត្ត​គម្រោង​អាហា​រូបករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៣៣៩​លាន​យ៉េន​។ បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ជប៉ុន​ជាង​៣០០​នាក់ ដើម្បី​បង្ហាញ​ពី​សក្កា​នុពល​នៃ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ