ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
កម្ពុជា

​វិធាន​ការ​នានា​ត្រូវ​បាន​ដាក់​ចេញ​ជុំវិញ​ករណី​រលំ​អាគារ​នៅ​ឯ​ខេត្ត​ព្រះ​សីហនុ​

media  
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ទីកន្លែងកើតហេតុ @សហការី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​មិថុនា បាន​ទៅ​ដល់​កន្លែង​រលំ​អាគារ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ខិតខំប្រឹង​ប្រែង​រុករក និង​សង្រ្គោះ​។ ក្រៅ​ពី​វត្ត​មាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន, វិធាន​ការ​ផ្សេងៗ របស់​រដ្ឋាភិបាល​ក៏​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ ខណៈ​ការ​កាយគំនរ​សំណល់​អាគារ​បែកបាក់នៅ​សល់​ប្រមាណ​២៥​ភាគ​រយ​ទៀត​។ 

ភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឯ​ប្រទេស​ថៃ លោក​នាយ​រក​ដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទាំង​យប់​ទៅ​កាន់​ទីតាំង​ឧបទ្ទវហេតុ​បាក់​រលំ​អាគារ​កម្ពស់​៧ជាន់ ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ការងារ ដែល​កំពុង​ចូលរួម​នៅ​ក្នុង​បេសកកម្ម​រុក​រក​អ្នក​រង​គ្រោះ​ដោយ​សារ​អាគារ​បាក់​រលំ​សង្កត់​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។

អគារ​កម្ពស់​៧ជាន់ ដែល​មាន​ម្ចាស់​សំណង់​ជា​ជនជាតិ​ចិន​បាន​បាក់​រលំ កាល​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ​មិថុនា​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ជា​ច្រើន​នាក់​។ គិត​មក​ដល់​ពេល​នេះ​ការ​រុក​រក​សាក​សព និង​អ្នក​មាន​ជីវិត​នៅ​តែ​បន្ត​ធ្វើ​នៅ​ក្រោម​គំនរ​អាគារ​បាក់​រលំ​ដែល​សេសសល់​ប្រមាណ​២៥​ភាគ​រយ​ទៀត ខណៈរ​ដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដាក់​ចេញ​វិធាន​ការ​ឆ្លើយតប​នឹង​បញ្ហា​នេះ​ជា​បន្ត​បន្ទាប់​។

កាល​ពីថ្ងៃទី​២៣ ខែមិថុនា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណ​ភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហនុ ដែល​មាន​សមាស​សភាព​ពី​ស្ថានប័ន​ជំនាញ​ចំនួន​១៥​រូប មក​ពី​ក្រសួង​រៀប​ចំដែន​ដី ក្រសួង​មហា​ផ្ទៃ ក្រសួង​បរិស្ថាន អភិបាល​ខេត្ត​ព្រះ​សីហនុ​។

ភារៈ​កិច្ច​របស់​គណៈកម្មការ​នេះ​គឺ​ត្រួត​ពិនិត្យ​បទដ្ឋាន​បច្ចេក​ទេស ស្តង់​ដារ​សំណង់ ស្តង់​ដារ​សុវត្ថិភាព និង​គុណភាព​សំណង់ នៅ​តាម​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះ​សីហនុ​។ គណៈកម្មការ​នេះ​ក៏​មាន​នាទី​ត្រួត​ពិនិត្យ​លក្ខណ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់ និង​ធ្វើ​បច្ចុប្បន្ន​ភាព​សំណង់​ដែល​បាន​សាង​សង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម​។

ចំណែក​ក្រសួង​រៀបចំ​ដែន​ដី​កាល​ពី​ថ្ងៃ​ម្សិលមិញ ក៏​បាន​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​ដែល​មាន​៨ក្រុម ដើម្បី​គាំទ្រ​ដល់​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណ​ភាព​សំណង់​នៅ​ឯខេត្ត​ព្រះ​សីហនុ។

សម្រាប់​ខេត្ត​ព្រះសីហនុ​វិញ ក៏​មាន​ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​សង្រ្គោះ​មនុស្ស, រក​ជន​ពាក់ព័ន្ធ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​លក្ខណៈ​បច្ចេក​ទេស និង​ការ​ស្រាវជ្រាវ​បន្តបន្ទាប់​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ។

ក្រៅ​ពីវិធាន​ការ​ខាង​លើ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​អំពាវនាវ ឲ្យ​សប្បុរស​ជន​នាំ​គ្នា​ជួយ​ឧបត្ថម្ភ​ដល់​ជនរង​គ្រោះ​ដែល​ស្លាប់ និង​របួស​ក្នុង​ករណី​បាក់​រលំ​អាគារ​កំពស់​៧​ជាន់ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ គិត​រហូត​មក​ដល់​ពេល​នេះ មាន​ជំនួយ​ដែល​ទទួល​បាន​ពី​សប្បុរសជន​មាន​ប្រមាណ​១លាន​២សែន​ដុល្លារ​អាមេរិក និង​១៨០​លាន​រៀល​។

សូម​ជម្រាប​ជូន​ថា ក្រោយ​ពីបាក់​រលំ​អាគារ​ ជន​ជាតិ​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដែល​ក្នុង​នោះ​មាន​ឈ្មោះ Chen Kun ជា​ម្ចាស់ការ​ដ្ឋាន​សំណង់ ​ឈ្មោះ Deng Xing Gul ជា​ម្ចាស់​ក្រុម​ហ៊ុន​ទទួល​សាង​សង់​ និង​ ឈ្មោះ​ Gao Yu ជា​អ្នក​ម៉ៅការ​បូក​ជញ្ជាំង​អគារ​ ខណៈ​ជន​ជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ ញឹក ហ៊ុយ ​ដែល​ជួល​ដី​ឱ្យ​ជនជាតិ​ចិន​សាង​សង់​អគារ​សម្រាប់​ធ្វើ​សណ្ឋាគារ​នេះ ក៏​ត្រូវ​នាំ​ខ្លួន​ទៅ​សាក​សួរ​ដែរ​៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ