អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន អញ្ជើញ​ទៅ​ប្រទេស​វៀត​ណាម ​ដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀង​រឿង​ព្រំ​ដែន​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី៤​ខែតុលា​នេះ នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់ប្រទេស​វៀតណាម សម្រាប់​ដំណើរ​ទស្សន​កិច្ច​ពីរ​ថ្ងៃ។ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​និង​ភាគី​វៀត​ណាម នឹង​ចុះ​ហត្ថ​លេខារួម​គ្នាលើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ទទួល​ស្គាល់​បង្គោលព្រំដែននៃ​ប្រទេស​ទាំង​ពីរ ដែលសម្រេចបានចំនួន​៨៤ភាគរយ។ 

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​​ពេលធ្វើដំណើរទៅក្រៅប្រទេស។ (រូបភាពឯកសារ)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​​ពេលធ្វើដំណើរទៅក្រៅប្រទេស។ (រូបភាពឯកសារ) @facebook
ផ្សាយពាណិជ្ជកម្ម

ពិធី​ចុះ​ហត្ថ​លេខា​ទទួល​យក​សមិទ្ធ​ផល​៨៤​ភាគ​រយ​នៃ​ការ​កំណត់​ខ័ណ្ឌ​សីមា​ព្រំដែន រវាងប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា និងវៀតណាម នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៥ខែតុលា ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ផែន​ទី​បោះ​នៅ​ប្រទេស​ដាណា​ម៉ាក​ចំនួន​៥០០​សន្លឹក​។ សម្រាប់​កម្ពុជា ទម្រាំ​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ទទួល​ស្គាល់​លើ​បង្គោល​ខ័​ណ្ឌ​សីមា​ដែល​សម្រច​បាន​៨៤​ភាគ​រយ​នេះ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ចរចា​យ៉ាង​ស្វិតស្វាញ​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១៦ ពោល​គឺ​មាន​រយៈ​ពេល​១៤​ឆ្នាំគត់។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី២​ខែតុលា​បាន​រំឭក​ថា តំបន់​ដែល​កម្ពុជា និង​វៀត​ណាម​កំណត់​ខ័ណ្ឌ​សីមា​សម្រេច​បាន​៨៤​ភាគ​រយ​នេះ គ្រា​មុន ជា​សម​រភូមិ​ស៊ីសាច់​ហុត​ឈាម តែ​ពេល​នេះ​បាន​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​និង​តំបន់​ដាំ​ដុះ។ ចំណែក​ការងារ​កំណត់​ខ័ណ្ឌ​សីមា​១៦​ភាគ​រយ​ទៀត​គឺ ក្រុម​ការងារ​នៃ​ប្រទេស​ទាំង​ពីរ កំពុង​តែ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​។

សូម​ជម្រាប​ជូន​ថា ​កម្ពុជា​និង​វៀតណាម​បានបោះ​បង្គោល​លើព្រំដែន​ចម្ងាយ ​១.០៤២គីឡូ ម៉ែត្រ​ លើ​បន្ទាត់​ព្រំដែនដែល​មាន​ចម្ងាយ ​១.១៣៧គីឡូម៉ែត្រ​ ហើយបាន​បោះបង្គោល​ព្រំដែន​ចំនួន​ ៣១៥​បង្គោល ​ក្នុង​ចំណោម​បង្គោល​ចំនួន​ ៣៧១។ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្ដេជ្ញាថា​ កម្ពុជា​និង​វៀតណាម​នឹង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ចប់​សព្វ​គ្រប់ក្នុងពេលឆាប់ ដើម្បី​កសាង​ព្រំដែន​រួមគ្នា​មួយ​ប្រកប​ដោយ​សន្តិភាព​។ ​

ប៉ុន្តែ​មន្រ្តី​អតីត​គណ​បក្ស​សង្រោះ​ជាតិ ​បាន​រិះគន់​ថា​ ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព ដោយសារ​គ្មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​ជាពិសេស​ពី​សហគមន៍​អន្តរជាតិ​ និង​ក្រុម​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​ប្រទេស​វៀតណាម កម្ពុជា​ក៏​កំពុង​តែ​ធ្វើការ​​​កំណត់​ខ័ណ្ឌសីមាជាមួយប្រទេស​​ឡាវ​ផង​ដែរ​។ កម្ពុជា​មាន​ព្រំដែន​ជាមួយ​ឡាវ​ប្រវែង​ប្រមាណ​៥៤០​គីឡូម៉ែត្រ​។ ក្នុង​នោះ ភាគី​ទាំង​ពីរ​ឯកភាព​លើ​ខ្សែ​ព្រំដែន​បាន​ចំនួន​៨៦​ភាគរយ និង​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​១២១​បង្គោល ស្មើ​នឹង​៨៤​ភាគរយ នៃ​បង្គោល​ព្រំដែន​សរុប​ចំនួន​១៤៥​បង្គោល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ