អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ចេញ​ទៅ​ប្រជុំ​សំខាន់​ពីរ​នៅ​អឺរ៉ុប​ ចំ​ពេល​មាន​កិច្ច​ដំណើរ​ការ​ដក EBA ពី​កម្ពុជា​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​មិញ​នេះ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ចំនួន​ពីរ​នៅ​អឺរ៉ុប ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃ​ទី ២៤ តុលា​។ ដំណើរ​ចេញ​ទៅ​ប្រជុំ​នៅ​អឺរ៉ុប​ជា​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​អាណត្តិ​ទី៦​នេះ ធ្វើ​ឡើង​ចំពេល​មាន​កិច្ច​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ឬ EBA ពី​ប្រទេស​កម្ពុជា​។ 

លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន​ សែន ពេលថ្លែង​នៅ​ប្រទេស​ជប៉ុន​
លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន​ សែន ពេលថ្លែង​នៅ​ប្រទេស​ជប៉ុន​ @PM facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​អឺរ៉ុប​ជា​លើក​ដំបូង​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន នឹង​ចូល​រួម​កិច្ច​ប្រជុំ​សំខាន់ៗ​ចំនួន​ពីរ​។ ទី១ គឺ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរុប ASEM លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់ថ្ងៃទី ១៩ តុលា នៅ​ទីក្រុង​ព្រុច​ហ្សែល ប្រទេស​ប៊ែល​ហ្ស៊ិក​។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ពង្រឹង​កិច្ច​សន្ទនា និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​តំបន់​អាស៊ី​និង​អឺរ៉ុប ខណៈ​ដែល​តំបន់​ទាំង​ពីរ​នេះ នឹង​ជំរុញ​ការ​កសាង​កម្លាំង​រួម​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន ចាប់​ពី​ការ​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ ការ​ត​ភ្ជាប់ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បំរែ​បំរួល​អាកាសធាតុ​ជាដើម​។ កិច្ច​ប្រជុំ​នេះ នឹង​ធ្វើ​ឡើង​ក្រោម​មូល​បទ អឺរ៉ុប​និង​អាស៊ី៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល ហើយ​ក្នុង​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​បទ​អន្តរាគមន៍​មួយ ស្តីពី របៀប​វារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​និង​បរិយាប័ន្ន​។

ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អ្នក​ដឹក​នាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨ របស់​សន្និសីទ​សហ​ប្រជាជាតិ ស្តី​ពី ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​។ កិច្ច​ប្រជុំ​ទី២​នេះ នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៤ តុលា​។ នៅ​ចន្លោះ​កិច្ច​ប្រជុំ​សំខាន់ៗ​ទាំង​ពីរ​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា នឹង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​តួកគី ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២២ តុលា​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី តាម​រយៈ​គណនីយ​ហ្វេសបុក​ផ្លូវ​ការ​របស់​លោក​។

អ្វី​ជា​ការ​កត់​សម្គាល់ នេះ​គឺ​ជា​ដំណើរ​ចេញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​សំខាន់​ពីរ​នៅ​អឺរ៉ុប និង​ជា​លើក​ដំបូង​របស់​លោក ហ៊ុន សែន បន្ទាប់​ពី​លោក​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦​។ ដំណើរ​ទៅ​អឺរ៉ុប​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ចំ​ពេល​ដែល​គណៈ​កម្មការ​អឺរ៉ុប​ខាង​ពាណិជ្ជកម្ម កំពុង​ដំណើរ​ការ​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​។ យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​ទី ១៦ តុលា សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ទៅ​កាន់​លោកស្រី Cecilia Malmstrom ស្នង​ការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​គណៈ​កម្មការ​អឺរ៉ុប ដើម្បី​ជួប​ពិភាក្សា​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ខណៈ​ដែល​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ខ្លួន​កំពុង​តែ​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​នេះ​។

សូម​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​បែល​ហ្ស៊ិក និង​ប្រទេស​ស្វីស លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​មេដឹក​នាំ និង​ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិភូ​ដទៃ​ទៀត​។ ក្នុង​នោះ​មិន​ខុស​ពី​ទំលាប់​រាល់​ដង លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​សំណេះ​សំណាល​ជា​មួយ​សហគមន៍​ខ្មែរ សិស្ស និស្សិត ដែល​កំពុង​រស់​នៅ​និង​សិក្សា នៅ​ក្នុង​ប្រទេស​បែល​ហ្ស៊ិក និង​ប្រទេស​ស្វីស ផង​ដែរ​។ បើ​តាម​គម្រោង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ២៥ តុលា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ