អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន នឹង​ហោះ​ទៅ​កាន់​ប្រទេស​ចិន​សប្តាហ៍​ក្រោយ បន្ទាប់​ពី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ជា​ថ្មី​

ភ្លាមៗ​បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា បាន​បើក​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​របស់​ខ្លួន នៅ​ថ្ងៃ​ទី ៧ កញ្ញា​នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ប្រកាស​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា ហោះ​ទៅ​កាន់​ប្រទេស​ចិន នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។ គោល​ដៅ គឺ​ដើម្បី​ចូល​រួម​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី១៥ ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១២ ខែ​កញ្ញា។ អ្វី​ជា​ការ​កត់​សំគាល់ នេះ​គឺ​ជា​ដំណើរ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី បន្ទាប់​ពី​លោក​ទើប​ទទួល​បាន​ការ​តែង​តាំង​ជា​នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​កម្ពុជា សម្រាប់​អាណត្តិ​ទី០៦។ 

រូបថត លោក ហ៊ុន​ សែន ជាមួយមន្ត្រីផ្សេងៗទៀត
រូបថត លោក ហ៊ុន​ សែន ជាមួយមន្ត្រីផ្សេងៗទៀត @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ចូល​រួម​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស នៃ​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី១៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ណា​នីង​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១២ ខែ​កញ្ញា ដើម​សប្តាហ៍​ក្រោយ​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ដាច់​ដោយ​ឡែក ជាមួយ​ឥស្សរ​ជន​ចិន អភិ​បាល​ខេត្ត​ក្វាង​ស៊ី និង​ថ្នាក់​ដឹក​នាំ​ចិន​ជា​ច្រើន​រូប​ទៀត។ ក្រៅ​ពី​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​ជាមួយ​នឹង​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន លោក ហាន់ ចឹង (Han Zheng) នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​រួម​គ្នា ក្នុង​ពិធី​កាត់​ខ្សែ​បូ សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា រួម​ទាំង​អញ្ជើញ​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជ​កម្ម​កម្ពុជា​ផង​ដែរ។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី៧ ខែ​កញ្ញា នេះ។

បើ​តាម​សេចក្តី​ប្រកាស​ដដែល ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​ត្រូវ​បាន​ផ្តល់​ឱកាស ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ នៅ​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី១៥ ក្នុង​គោល​បំណង​ដើម្បី​លើក​ស្ទួយ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​រវាង​អាស៊ាន​និង​ចិន រួម​ទាំង​ការ​ទាក់​ទាញ​វិនិយោ​គិន និង​ភ្ញៀវ​ទេសចរ​ចិន ដែល​មាន​សក្តា​នុពល មក​កាន់​តំបន់​អាស៊ាន​ថែម​ទៀត។ សូម​បញ្ជាក់​ថា គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ដែល​នឹង​អម​ដំណើរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន​នេះ រួម​មាន លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង, លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម និង​លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ជា​ដើម។

អ្វី​ជា​ការ​កត់​សំគាល់ នេះ​គឺ​ជា​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​លើក​ទី១​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​លោក​ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​បោះ​ឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​សម្រាប់​អាណត្តិ​ទី៦ តាម​រយៈ​កិច្ច​ប្រជុំ​លើក​ទី១ នីតិ​កាល​ទី៦ កាល​ពី​ថ្ងៃ​ទី៦ កញ្ញា។

ក្រៅ​ពី​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ចិន​ហើយ​នោះ ប្រមុខ​បក្ស​កាន់​អំណាច ក៏​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​មហា​សន្និ​បាត​អង្គការ​សហ​ប្រជាជាតិ និង​កិច្ច​ប្រជុំ​មួយ​ចំនួន​ទៀត នៅ​អឺរ៉ុប ចាប់​ពី​អំឡុង​ខែកញ្ញា និង​ខែតុលាខាង​មុខ​នេះ បើ​ទោះ​បី​ជា​ប្រទេស​លោក​ខាង​លិច ដូច​ជា សហ​រដ្ឋ​អាមេរិក កាណាដា អូស្រ្តាលី បារាំង អាឡឺម៉ង់ អង់គ្លេស ស៊ុយអេត និង​សហភាព​អឺរុប នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ផ្លូវ​ការ​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក៏​ដោយ។ ផ្ទុយ​ពី​ប្រទេស​លោក​ខាង​លិច ប្រទេស​ចិន ដែល​តែង​តែ​បង្ហាញ​ជំហរ​គាំទ្រ​រដ្ឋាភិ​បាល​កម្ពុជា​ជា​និច្ច បើ​ទោះ​បី​ជា​រង​ការ​រិះ​គន់​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ