កម្ពុជា-វៀតណាម បើកកិច្ចប្រជុំចង្អៀត មុនពេលសម្រេចចុះហត្ថលេខាលើពិធីសារចំនួន ៤
នាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា។ កាលពីម្សិលមិញ លោកបានចូលរួមសម្ពោធស្ពានមិត្តភាពកម្ពុជា-វៀតណាម ឆ្លងកាត់ព្រំដែនខេត្តកណ្តាល និងបន្តចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជានៅទីក្រុងភ្នំពេញ។ នៅព្រឹកថ្ងៃទី ២៥មេសានេះ លោកបានបន្តជួបជាមួយ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន នៅឯវិមានសន្តិភាព។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបើកកិច្ចប្រជុំចង្អៀតមួយ មុនពេលសម្រេចចុះហត្ថលេខាលើពិធីសារចំនួន ៤។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៤
នៅក្នុងចំណោមពិធីសារសំខាន់ៗចំនួន ៤ ដែលភាគីកម្ពុជា-វៀតណាមបានចុះហត្ថលេខាកាលពីព្រឹកមិញនេះ ក្នុងនោះរួមមាន ឯកសារស្តីពីការសិក្សារួមគ្នា លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ក់បៃ ដែលត្រូវបានចុះហត្ថលេខា ដោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយនឹងរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម។ បន្ទាប់មក ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារ ស្តីពី គម្រោងសាងសង់មជ្ឍមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន ស្ថិតនៅក្នុងខេត្តព្រះសីហនុ រវាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងអនុរដ្ឋមន្ត្រីក្រសួងការងាររបស់វៀតណាម។ ចំណែកពិធីសារទី ៣ ត្រូវបានចុះហត្ថលេខាដោយ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជលផល និងចុងក្រោយគឺការចុះហត្ថលេខាលើឯកសារ ស្តីពី ការគាំទ្រការសាងសង់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរនៅឯវិមានសន្តិភាព។
គួរជំរាបជូនថា លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្រ្តី វៀតណាម បានមកបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី ២៤មេសាមក។ នៅពេលផ្តើមទស្សនកិច្ចនៅកម្ពុជា ពីម្សិលមិញ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) និងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានអញ្ជើញចូលរួមសម្ពោធស្ពានមិត្តភាពកម្ពុជា-វៀតណាម ឆ្លងកាត់ព្រំដែន ជ្រៃធំ-ឡុងប៊ិញ ជាលើកដំបូង ដែលមានតម្លៃជាង ៣០លានដុល្លារអាមេរិក។ ហើយបន្តមក បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជានៅក្នុងព្រះបរមរាជវាំង និងជំនួបក្រៅផ្លូវការជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅឯភូមិគ្រឹះរបស់លោក ស្ថិតនៅក្បែរវិមានឯករាជ្យផងដែរ មុនពេលមានជំនួបផ្លូវការ ដែលធ្វើឡើងនៅឯវិមានសន្តិភាពនៅព្រឹកមិញនេះ។
តាមគម្រោងនាយករដ្ឋមន្រ្តីវៀតណាម ក៏នឹងជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាលោក សាយ ឈុំ, ប្រធានរដ្ឋសភាលោក ហេង សំរិន, និងចូលថ្វាយបង្គំសម្តេចព្រះសង្ឃរាជ្យ ទេព វង្ស ផងដែរ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តី វៀតណាម ក៏បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ និងស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ ថែមទៀត។
ក្រៅពីការចុះហត្ថលេខាលើពិធីសារចំនួន ៤ កាលពីព្រឹកថ្ងៃទី ២៤មេសានេះ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏មានកិច្ចប្រជុំចង្អៀតមួយផងដែរ។ ប៉ុន្តែមិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍មួយ នឹងត្រូវធ្វើឡើងរវាងភាគីទាំងពីរ មុនពេលបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ