អានតួអត្ថបទ
កម្ពុជា-នយោបាយ

កម្ពុជា គ្រោង​លើក​សំណើ​ឲ្យ​ជប៉ុន ជួយ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស ក្នុង​ទំហំ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គ្រោង​នឹង​លើក​សំណើ​សុំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​សិក្សា​ពី​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៨០០លាន​ដុល្លារ​អាមេរិក។ សំណើ​នេះ គ្រោង​នឹង​លើក​ឡើង​នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន​នៅ​ថ្ងៃនេះ។

​លោកហ៊ុន សែន និងសមភាគីជប៉ុន ស៊ិនហ្ស៊ូ អាបេ នៅភ្នំពេញ​ថ្ងៃទី ១៦ វិច្ឆិកា ២០១៤
​លោកហ៊ុន សែន និងសមភាគីជប៉ុន ស៊ិនហ្ស៊ូ អាបេ នៅភ្នំពេញ​ថ្ងៃទី ១៦ វិច្ឆិកា ២០១៤ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ជាលើក​ដំបូង​នៅ​កម្ពុជា ត្រូវ​បាន​លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន គ្រោង​នឹង​លើកឡើង​នៅក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន លោក ស៊ិនស៊ូ អាបេ (Shinzo Abe) នៅក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤ថ្ងៃ​នៅ​ក្នុងប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី ០៦​ដល់​ថ្ងៃទី ០៩ខែ​សីហា​នេះ។

តាមរយៈ​គណនេយ្យ​ហ្វេសបុក​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​សរសេរ​ថា ក្រៅពី​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​០២ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២៤០លាន​ដុល្លារ​ហើយ​ក្នុង​នោះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​មាន​គម្រោង​ស្នើសុំ​ឲ្យ​ភាគី​ជប៉ុន ជួយ​សិក្សា​ពី​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ។ គំរោងនេះ នឹងមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា៨០០​លាន​ដុល្លារ​អាមេរិក។

គួរ​ជំរាប​ជូនថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៤ថ្ងៃនៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី ៦ ដល់ថ្ងៃទី ៩សីហានេះ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នាយករដ្ឋ​មន្រ្តី គ្រោង​នឹង​មាន​កិច្ចប្រជុំ​កំពូល​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន លោក ស៊ិនស៊ូ អាបេ រួមទាំង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ ស្តី​ពី​ជំនួយ​ជប៉ុន​ផ្តល់​មក​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ២៤០​លានដុល្លារ​អាមេរិក។ ក្នុងនោះ​រួមមាន ៖

១.ហិរញ្ញប្បទាន​ឥតសំណង សម្រាប់​អនុវត្ត​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ ការ​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ តំណាក់​កាលទី៤ ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣៥លាន​ដុល្លារ។

និង​ទី២. ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែកុង​តឺន័រ​ថ្មី របស់​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ មាន​ទឹកប្រាក់​ប្រមាណ​ជា ២០៨លាន​ដុល្លារ​អាមេរិក។

បើតាម​ក្រសួងការ​បរទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន ក៏នឹង​ទទួល ជួប​តំណាង​សមាគម​មិត្តភាព សភា​កម្ពុជា-ជប៉ុន, សមាគម​មិត្តភាព​សភា ជប៉ុន-មេគង្គ និងតំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់់​ជប៉ុន ព្រមទាំង​ក្រុមហ៊ុន​របស់​ជប៉ុន​ចំនួន ៤​ផងដែរ។ ក្រៅពីនេះ លោក​នាយករដ្ឋ​មន្រ្តី ក៏បាន​អនុញ្ញាត​ឲ្យ​និស្សិត​ខ្មែរ​ដែលកំពុង​សិក្សា​នៅក្នុងប្រទេស​ជប៉ុន​ជាង២៥០​នាក់​ចូលជួប​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន នៅលើ​ទឹកដី​ប្រទេស​ជប៉ុន​នៅពេល​នេះ ក៏បាន​ធ្វើឡើង​ចំ​ខួប​លើក​ទី៦០ឆ្នាំ នៃ​ដំណើរ​ទស្សនកិច្ច​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Nobusuke Kishi ជា​លើក​ដំបូង​មក​កម្ពុជា កាល​ពី​ឆ្នាំ​១៩៥៧។ លោក Nobusuke Kishi ដែល​ត្រូវ​ជាជីតា​របស់​លោក Shinzo Abe នាយករដ្ឋ​មន្ត្រី​ជប៉ុន​នាពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ