ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន​នៅ​ជប៉ុន​មាន​លទ្ធផល​ល្អ តែ​មិន​ទាន់​ដល់​កំរិត​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ

media  
ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន​នៅ​ជប៉ុន @FB

បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល​៤​ថ្ងៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​រដ្ឋាភិបាល​របស់​លោក​បាន​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ទស្សនកិច្ច​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​សីហា របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ ត្រូវ​បាន​លើក​ឡើង​ថា មាន​លទ្ធផល​យ៉ាង​គាប់​ប្រសើរ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ការ​សន្យា​ផ្តល់​ជំនួយ​ដ៏​សំខាន់​ពី​ជប៉ុន ជា​ពិសេស​ការ​ជួយ​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ។

នៅ​ក្នុង​លិខិត​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​លើក​ឡើង​ពី​លទ្ធផល​ជា​ច្រើន ដែល​ផ្តើម​ចេញ​ពី​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ប្រទេស​ជប៉ុន។ តាម​ក្រសួង​ការ​បរទេស ជំនួប​ទ្វេរ​ភាគី​រវាង​លោក​ហ៊ុន​ សែន និង​លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ប្រព្រឹត្ត​ទៅ​ដោយ​ផ្លែ​ផ្កា ពោល​គឺ​លោក ស៊ីនហ្សូ អាបេ បាន​សន្យា​បាន​បញ្ជាក់​ថា​ជប៉ុន​នឹង​ផ្តល់​ការ​គាំទ្រ ដល់​កិច្ច​ប្រឹង​ប្រែង​របស់​កម្ពុជា ដើម្បី​សម្រេច​គោល​ដៅ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ដោយ​បន្ត​ផ្តល់​ដល់​កម្ពុជា​នូវ​ហិរញ្ញប្បទាន​ឥត​សំណង ឥណទាន​សម្បទាន និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ឲ្យ​កម្ពុជា។

បន្ថែម​ពី​នេះ មេ​ដឹក​នាំ​ជប៉ុន-កម្ពុជា ​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម កិច្ច​សហការ​លើ​វិស័យ​កសិ-ឧស្សាហកម្ម លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​ទុន និង​ទេសចរ​ជប៉ុន​មក​កម្ពុជា។ ជាមួយ​គ្នា​នេះ អ្វី​ដែល​ទទួល​បាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន នៅ​ពេល​នេះ គឺ​ជំនួយ​ជប៉ុន​ដល់​កម្ពុជា សរុប​ចំនួន​២៤០​លាន​ដុល្លារ ដែល​ក្នុង​នោះ​ត្រូវ​បាន​បែង​ចែក​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣៥​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ដំណាក់​កាល​ទី​៤។ មួយ​ទៀត​គឺ​ការ​ផ្តល់​ឥណទាន​ជប៉ុន​ចំនួន​២០៩​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

ដោយ​ឡែក នៅ​ពេល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​សរសេរ​តាម​ហ្វេស​ប៊ុក​របស់​លោក​ដែរ​ថា លោក​ក៏​បាន​ពិភាក្សា​សុំ​ជំនួយ​ពី​ភាគី​ជប៉ុន ផង​ដែរ​លើ​គម្រោង​អោយ​មាន​រថភ្លើង​ស្វ័យ​ប្រវត្តិ (Sky Train) នៅ​ទីក្រុង​ភ្នំពេញ។ ទស្សនកិច្ច​នៅ​រោងចក្រ​កែ​ច្នៃ​សំរាម​របស់​រដ្ឋ​ជប៉ុន ដើម្បី​ពិនិត្យ​មើល​លទ្ឋភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​កែ​ច្នៃ​អោយ​មាន​ប្រយោជន៍​យក​មក​ប្រើ​ប្រាស់​វិញ​ដូច​ជប៉ុន​កំពុង​មាន​ស្រាប់។ ការ​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន ដែល​ចាប់​អារម្មណ៍​ពី​ការ​មក​វិនិយោគ​នៅ​កម្ពុជា និង​ការ​បន្ត​ខិត​ខំ​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​អោយ​កើន​ឡើង​ជាង ២,០០០ លាន​ដុល្លារ​នៅ​ឆ្នាំ​ខាង​មុខ។

សូម​បញ្ជាក់​ថា​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ជប៉ុន​នា​ពេល​នេះ បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស​ខួប​៦០​ឆ្នាំ​នៃ​ទស្សនកិច្ច​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Nobusuke Kishi នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៥៧ ដែល​ជា​កិច្ច​ចាប់​ផ្តើម​នៃ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ថ្នាក់​ដឹក​នាំ​កំពូល​រវាង​ប្រទេស​ទាំង​ពីរ និង​ខួប​២៥​ឆ្នាំ​នៃ​ការ​ចូល​រួម​របស់​កម្លាំង​ជប៉ុន​ក្នុង​ការ​ថែរក្សា​សន្តិភាព​លើក​ដំបូង​នៅ​កម្ពុជា ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ