ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
កម្ពុជា

លោក ហ៊ុន សែន៖ ចិន​គឺ​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ ដែល​បន្ត​ជួយ​ដល់​កម្ពុជា​គ្រប់​កាលៈទេសៈ

media  
លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា @FB/PM Hun Sen

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹក​នាំ​គណៈប្រតិភូ​វិល​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣ កញ្ញា​នេះ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ចូល​រួម​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ណាន​នីង​ប្រទេស​ចិន។ បន្ទាប់​ពី​បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ​ទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ភ្លាមៗ​ថា ចិន​គឺ​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​របស់​កម្ពុជា ដែល​គ្មាន​បរទេស​ណា​មក​បំបែក​បំបាក់​បាន​ឡើយ។ ការ​អះ​អាង​បែប​នេះ គឺ​ចំ​ពេល​ដែល​កម្ពុជា កំពុង​តែ​មាន​ទំនាក់​ទំនង​មិន​សូវ​ល្អ​ឡើយ​ ជាមួយ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

នេះ​គឺ​ជា​ការ​ប្រកាស​ជា​ចំហរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណនី​(ហ្វេសបុក) Facebook) ផ្លូវ​ការ​របស់​លោក កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ កញ្ញា ខណៈ​ដែល​ប្រទេស​របស់​លោក​កំពុង​មាន​ទំនាក់​ទំនង​មិន​សូវ​ល្អ​សោះ ជាមួយ​ប្រទេស​មហា​អំណាច​អាមេរិក។ មុន​ពេល​ហោះ​មក​កាន់​ទី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១៣ កញ្ញា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​ថា ទំនាក់​ទំនង​និង​សហប្រតិបត្តិការ​ជា​ដៃ​គូ​យុទ្ឋសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង ចិន-កម្ពុជា កាន់​តែ​ឈាន​ទៅ​កាន់​កម្រិត​ខ្ពស់​ជា​បន្ត​បន្ទាប់។ ហើយ​ថា ចិន គឺ​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​មួយ ដែល​បន្ត​ជួយ​ដល់​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ ដែល​គ្មាន​បរទេស​ណា​មក​បំបែក​បំបាក់​បាន​ឡើយ។

ការ​អះ​អាង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ គឺ​បន្ទាប់​ពី​លោក​បាន​ជួប​ជា​បន្ត​បន្ទាប់​ជាមួយ​បណ្តា​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ចិន តួ​យ៉ាង លោក ចាង កាវលី ឧបនាយក​រដ្ឋមន្រ្តីចិន និងលោក សុង ថាវ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​អន្តរជាតិ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​ចិន​ជា​ដើម។ នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​នោះ​ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ចិន សុទ្ធ​តែ​បាន​បញ្ជាក់​ពី​ជំហរ​គាំទ្រ​កម្ពុជា​ដ៏​ម៉ឹង​ម៉ាត់ ក្នុង​ការ​រក្សា​ចំណង​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ។ ហើយ​ថា ចិន​នឹង​បន្ត​ជួយ​រាល់​បញ្ហា​ទុក្ខ​លំបាក​របស់​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់​ រាប់​ទាំង​ការ​សន្យា​ជួយ​ទប់​ស្កាត់​និង​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

តែ​អ្វី​ជា​ការ​កត់​សំគាល់ ការ​ប្រកាស​ពី​ទំនាក់​ទំនង​ចាក់​ទឹក​មិន​លិច​រវាង កម្ពុជា-ចិន នា​ពេល​នេះ បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កម្ពុជា​កំពុង​មាន​ទំនាក់​ទំនង​មិន​ល្អ​ទាល់​តែ​សោះ​ជាមួយ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​ការ​ចាប់​ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​មក។ ហើយ​នេះ ក៏​មិន​មែន​ជា​លើក​ទី​១​ដែរ ដែល​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង បាន​ចេញ​មុខ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ឥត​លាក់​លៀម ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​បង្រ្កាប​ទៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល មួយ​ចំនួន ដែល​ផ្ទុយ​ពី​ជំហរ​ពី​បស្ចឹម​ប្រទេស។ កាល​ពី​ថ្ងៃ​ទី​ ៤ កញ្ញា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Geng Shuang ក៏​បាន​លើក​ឡើង​ថា ចិន​បន្ត​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​សន្តិសុខ ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

សូម​ជំរាប​ជូន​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា វិល​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ កញ្ញា បន្ទាប់​ពី​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ចូល​រួម​បើក​ពិព័រណ៍ ចិន-អាស៊ាន លើក​ទី​១៤ នៅ​ទីក្រុង​ណាននីង ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន។ នៅ​ក្នុង​ឳកាស​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ឱកាស​ឲ្យ​ឡើង​ថ្លែង​សន្ទរកថា ត​ពី​មេដឹកនាំ​អាស៊ាន​និង​ចិន ដោយ​បាន​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង ​ចិន ឲ្យ​កាន់​តែ​ខ្លាំងក្លា​ថែមទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ