អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន​៖ ​នឹង​មិន​មាន​ទៀត​ឡើយ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នៅ​អាណត្តិ​ក្រោយ​

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​សមាសភាព​នានា​មក​ពី​គណបក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋសភា នឹង​មាន​ត្រឹម​តែ​អាណត្តិ​នេះ​ប៉ុណ្ណោះ​។ មូល​ហេតុ​ គឺ​ដោយ​សារ​តែ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ បាន​ដើរ​ហួស​ពី​តួនាទី​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី នៅ​ព្រឹក​ថ្ងៃទី ០៧ មិថុនា​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @SPM page
ផ្សាយពាណិជ្ជកម្ម

«នឹង​មិន​មាន​ទៀត​ឡើយ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ នៅ​អាណត្តិ​ក្រោយ»។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ០៧ មិថុនានេះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មូល​ហេតុ​ចំបង​មួយ​ដែល​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ចិត្ត​បែប​នេះ គឺ​ដោយ​សារ​តែ​កន្លង​មក សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​មួយ​ចំនួន ហាក់​បាន​ដើរ​ហួស​ពី​តួនាទី​របស់​ខ្លួន​។ ហួស​ពី​តួនាទី​របស់​ខ្លួន ដោយ​ពួក​គេ​មួយ​ចំនួន​នៃ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ បាន​កោះ​ហៅ​រដ្ឋ​មន្ត្រី​មួយ​ចំនួន​មក​ចោទ​សួរ និង​បាន​ជ្រៀត​ជ្រែក​លើ​កិច្ច​ការងារ​របស់​កង​ទ័ព និង​កង​នគរបាល​ជាតិ​។ ប៉ុន្តែ​លោក ផៃ ស៊ីផាន មិន​បាន​លើក​យក​ករណី​ជាក់​លាក់​ណា​មួយ​មក​បញ្ជាក់​នោះ​ទេ​។ យ៉ាង​ណា​ក៏​ដោយ ក្រៅពីមូល​ហេតុ​ខាង​លើ​នេះ ការ​មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់ ក៏​ជា​ហេតុ​ផល​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រើ​ឆន្ទា​នុសិទ្ធ​របស់​ខ្លួន ដើម្បី​សម្រេច​ថា «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នឹង​មាន​តែ​មួយ​អាណត្តិ​នេះ​ទេ​»​។

គួរ​ជំរាប​ជូន​ថា ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​ជា​យន្ត​ការ​ថ្មី​មួយ​របស់​រដ្ឋា​ភិបាល​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង តាម​ព្រះ​រាជ​ក្រឹត្យ​ព្រះមហាក្សត្រ ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨​។ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ មាន​សមាស​ភាព​មក​ពី​គណបក្ស​នយោបាយ​ចំនួន ១៦ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូល​រួម​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ តែ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នោះ​ទេ​។ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នេះ មក​ពី​គណបក្ស​នយោបាយ​ទាំង​១៦​គណបក្ស ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី និង​រដ្ឋ​មន្ត្រី​សម្រាប់​ប្រធាន​ និង​អនុ​ប្រធាន​គណបក្ស​នយោបាយ​នីមួយៗ​។ នេះ​បើ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០១៨​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ