អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន សាទរ​ការ​តម្លើង​ប្រាក់ខែ​គោល​របស់​កម្មករ​ ទោះបី​សហជីព​មិន​ទាន់​ពេញ​ចិត្ត​

​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​កោត​សរសើរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ត្រី​ភាគី​ ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​-កម្មការិនី​រោង​ចក្រ​កាត់ដេរ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ ទី​៨​តុលា ម្សិលមិញ។ ​លោក ​ហ៊ុន សែន​ បាន​ចាត់​ទុក​ថា ​ការ​តម្លើង​ប្រាក់​ខែ​គោល​ដល់​១៤០​ដុល្លារ​នេះ ​គឺ​សមល្មម​បាន​ច្រើន​ជាង​មុន​ បូករួម​នឹង​ប្រាក់​បន្ថែម​ម៉ោង​ផ្សេង​ៗ​ទៀត។ ប៉ុន្តែ​ភាគី​សហជីព​ខ្លះ​នៅ​តែ​អះអាង​ថា​ មិន​ទាន់​សមរម្យ​នៅ​ឡើយ។​​

លោក​​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​
លោក​​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​យក​វេទិកា​នៃ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​សុក្រ​ទី​៩​តុលា​នេះ ដើម្បី​ថ្លែង​កើត​សរសើរ​ចំពោះ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដែល​បាន​ដឹកនាំ​ប្រជុំ​ត្រី​ភាគី​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ការ​កំណត់​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​-កម្មការិនី​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ។

​គួរជំរាប​ជូន​ថា ​កាល​ពី​ថ្ងៃ​ទី​៨​តុលា ​កិច្ច​ប្រជុំ​ត្រី​ភាគី ​រួម​មាន​ភាគី​សហជីព ​ភាគី​និយោជក​ និង​ភាគី​ក្រសួង​ការងារ​ បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ថ្មី​ក្នុង​ការ​តម្លើង​ប្រាក់​ខែ​គោល​ជូន​ដល់​កម្មករ​-កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ដេរ​ស្បែក​ជើង​ ពី​១២៨​ដុល្លារ​នៅ​ឆ្នាំ​២០១៥​ ដល់​១៤០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ។​

តាម​ពិត​ទៅ​ ការ​ចរចា​បាន​ធ្វើ​ឡើង​យ៉ាង​តឹងតែង​រវាង​ភាគី​ថៅកែ ​និង​ភាគី​សហជីព​ដែល​តំណាង​ឲ្យ​ផល​ប្រយោជន៍​របស់​កម្មករ​ចាប់​តាំង​ពី​ខែ​កក្កដា​មក។​ ប៉ុន្តែ​កិច្ច​ប្រជុំ​ទើប​តែ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​ទី​៨​តុលា ​ក្រោយ​ពី​មាន​ការ​អាកាត់​ចុង​ក្រោយ​ ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដោយ​ស្នើ​បន្ថែម​៥​ដុល្លារ​ លើ​ការ​តម្លើង​របស់​ភាគី​និយោជក​១៣៥​ដុល្លារ។

​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​ថ្ងៃ​សុក្រ​នេះ ​លោក​ហ៊ុន សែន ​បាន​ថ្លែង​ថា ​ការ​តម្លើង​នេះ ​បើ​ទោះបី​​ មិនទាន់ពេញចិត្ត​របស់​សហជីព ​និង​ការ​ចង់​បាន​របស់​កម្មករ​ក៏​ដោយ ​ក៏​ប៉ុន្តែ​វា​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី។​

គួរ​ជំរាប​ជូន​ដែរ​ថា ​រដ្ឋាភិបាល​កម្ពុជា​ធ្លា​ប់បាន​ប្រកាស​ថា​ នឹង​តម្លើង​ប្រាក់ខែ​គោល​ជូន​កម្មករ​-កម្មការិនី​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ដេរ​ស្បែក​ជើង ​ឲ្យ​បាន​១៦០​ដុល្លារ​ នៅ​ត្រឹម​ឆ្នាំ​២០១៨​ខាង​មុខ។

​ក្រៅ​ពី​បញ្ហា​ប្រាក់ខែ​របស់​កម្មករ​ លោកនា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ក៏​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​សេដ្ឋកិច្ច​ ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​ធ្លាក់​ចុះ១​០០​រៀល​ក្នុង​១​លីត្រ។​ បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី​ ការណ៍​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ